BREAKING NEWS
Search

ក្រុម Down Town Sport បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្ដាហ៍​ទី​៦ នៃ​ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​រដូវ​កាលឆ្នាំ​ ២០១៨

​ក្រុម Down Town Sport កំពុង​ឈរ​កំពូល​តំបន់​កំពូល​តារាង​បណ្តោះអាសន្ន ត្រឹម​សប្តាហ៍​ទី​៦ នៃពានរង្វាន់​លី​គ​បាល់ទាត់​ក្នុង​សាលា​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការរៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​ប្រកួត​៦​លើក​មកនេះ​មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ​នោះទេ​។​

​សរុប​លទ្ធផល​ប្រកួត​សប្ដាហ៍​ទី​៦ មាននៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែមេសា ឆ្នាំ​២០១៨ ក្រុម Fan Sport FT ចាញ់​ក្រុម Down Town Sport ១៥​ទល់​៤ ហើយ​ក្រុម Home Sport FC ឈ្នះ​ក្រុម​ឆន្ទៈ​កីឡា ៩​ទល់​៣ និង​ក្រុម Panda FC ឈ្នះ​ក្រុម B.A United ៦​ទល់​៣​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែមេសា ក្រុមអាណាចក្រ​បៃតង ចាញ់​ក្រុម​ឱ​ម៉ា​ល់ ១០​ទល់​៣ និង ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ឈ្នះ​ក្រុមយុវជន​៧​មករា ៣​ទល់​០​។​

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៦​លើក​ម្នាក់​មក​ឃើញថា​ក្រុម Down Town Sport FC​ ឈរ​លេខ​១ មាន​១៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Home Sport FC​ ឈរ​លេខ​២​មាន​១២​ពិន្ទុ ហើយ​ក្រុម​លេខ​៣ Fan Sport FT មាន​១២​ពិន្ទុ ដែរ​។ ក្រុម​លេខ​៤ ឱ​ម៉ា​ល់ ឈរ​លេខ​១១ ខណៈ​ក្រុម​លេខ​៥ គឺ​Panda មាន​១០​ពិន្ទុ​។ ក្រុម​លេខ​៦ ស​.​ស​.​យ​.​ក កំចាយមារ មាន​៩​ពិន្ទុ​។ ក្រុម​អាណាចក្រ​បៃតង ឈរ​លេខ​៧ មាន​៨​ពិន្ទុ​។ ចំណែក​ក្រុម​ឆន្ទៈ​កីឡា ឈរ​លេខ​៨ មាន​៤​ពិន្ទុ ក្រុមយុវជន​៧​មករា ឈរ​លេខ​៩ មាន​៣​ពិន្ទុ និង​ក្រុម​ B.A United លេខ​១០ មាន​១​ពិន្ទុ​។​

​តាម​គោលការណ៍​កីឡាករ​ដែល​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ ហើយ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ (​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​ត្រូវមាន​អត្តសញ្ញាណ​ប័​ណ្ឌ​ប្រជាជន ឬ​មាន​លិខិត​អនុញ្ញាតិ​ពី​អាណាព្យាបាល​)​។ ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​ជា​៣​ដំណាក់កាល​ដោយ​ដំបូង​ត្រូវមាន​កីឡាករ​ចំនួន​២០​នាក់ ហើយ​ក្នុងនោះ​មាន​អ្នកចាំទី​២​នាក់​។ ដំណាក់កាល​ទី​២ គឺ​ចុះបញ្ជី​១២​នាក់​ចុងក្រោយ (​ពី​ចំនួន​២០​នាក់​ដំបូង​) ហើយ​មាន​អ្នកចាំទី​យ៉ាងតិច​២​នាក់ និង​ដំណាក់កាល​ទី​៣ ក្នុង​ថ្ងៃ​ប្រកួត​ចុះឈ្មោះ​កីឡាករ​៥​នាក់ និង​កីឡាករ​បម្រុង​៧​នាក់​។ កីឡាករ​ដែល​មិនអាច​ចុះឈ្មោះ​ចូល​លេង​បាន​គឺជា​សមាជិក​ក្នុង​ក្លិប​ដែល​ចូល​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៨ ជា​សមាជិក​ក្នុង​ក្លិប​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ក្លិប​ជា​សមាជិក​លី​គ​លំដាប់​ទី​២ ប្រចាំឆ្នាំ​២០១៨​។​

​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាកច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​នឹង​ដណ្តើមបាន​ជើងឯក​តែម្តង​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១​និង​ប្រាក់រង្វាន់​ ២០​ លាន​រៀល​ផងដែរ​។​

​ចំណែក​កម្មវិធី​ប្រកួត​បន្ទាប់​វិញ​នឹង​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៨​ ខែមេសា ក្រុមយុវជន​៧​មករា ប៉ះ​ក្រុម​ឆន្ទៈ​កីឡា នៅ​ម៉ោង​ ២:៣០​ នាទី​រសៀល ហើយ​ក្រុម Panda FC ជួប​ក្រុម Fan Sport FT នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម​ឱ​ម៉ា​ល់ ប៉ះ​ក្រុម Down Town Sport នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច ខណៈ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែមេសា ក្រុម B.A United ជួប​ក្រុមយុវជន​កំចាយមារ នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម​អាណាចក្រ​បៃតង ប៉ះ​ក្រុម Home Sport FC នៅ​ម៉ោង​ ៥:៣០​ នាទី​ល្ងាច​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114