BREAKING NEWS
Search

ក្រុម Down Town Sport បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​រដូវ​កាល​ឆ្នាំ​ ២០១៨ ក្រោយ​៧​ប្រកួត​មិន​ធ្លាប់​បរាជ័យ​ទាល់តែសោះ​

​ពានរង្វាន់​លី​គ​បាល់ទាត់​ក្នុង​សាលា​ឆ្នាំ ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើងដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ចប់​ការប្រកួត​ត្រឹម​សប្ដាហ៍​ទី​៧ របស់ខ្លួនកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​ក្រុម Down Town Sport បន្ត​ឈរ​កំពូល​តារាងបណ្តោះអាសន្ន​ក្រោយ​មិនទាន់​ស្គាល់​បរាជ័យ​ទាល់តែសោះ​។​

​សរុប​លទ្ធផល​សប្តាហ៍​ទី​៧​នេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​២៨ ​ខែមេសា ក្រុមយុវជន ​៧​ មករា ចាញ់​ក្រុមឆន្ទៈ​កីឡា ៤​ទល់​៣ ហើយ​ក្រុម Panda FC ចាញ់​ក្រុម Fan Sport FT ៨​ទល់​៥​ និង​ ក្រុម​ឱ​ម៉ា​ល់ ស្មើគ្នា​ជាមួយ​ក្រុម Down Town Sport ៣​ទល់​៣ ខណៈ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែមេសា ក្រុម B.A United ចាញ់​ក្រុមយុវជន​កំចាយមារ ២១​ទល់​៥ ​និង​ក្រុម​អាណាចក្រ​បៃតង ចាញ់​ក្រុម Home Sport FC ៥​ទល់​៤​។​

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៦​លើក​ម្នាក់​មក​ឃើញថា ​ក្រុម Down Town Sport FC​ ឈរ​លេខ​១ មាន​១៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Home Sport FC​ ឈរ​លេខ​២​ មាន​១៥​ពិន្ទុ ហើយ​ក្រុម​លេខ​៣ Fan Sport FT មាន​១៥​ពិន្ទុ ដែរ​។ ក្រុម​លេខ​៤ ស​.​ស​.​យ​.​ក កំចាយមារ ឈរ​លេខ​៤ មាន​១២​ពិន្ទុ ខណៈ​ក្រុម​លេខ​៥ គឺ​ឱ​ម៉ា​ល់ មាន​១២​ពិន្ទុ​។ ក្រុម​លេខ​៦ Panda FC មាន​១០​ពិន្ទុ​។ ក្រុម​អាណាចក្រ​បៃតង ឈរ​លេខ​៧ មាន​៨​ពិន្ទុ​។ ចំណែក​ក្រុម​ឆន្ទៈ​កីឡា ឈរ​លេខ​៨ មាន​៧​ពិន្ទុ ក្រុមយុវជន​៧​មករា ឈរ​លេខ​៩ មាន​៣​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​១​ពិន្ទុ​។​

​តាម​គោលការណ៍​កីឡាករ​ដែល​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន ​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ ហើយ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ (​កីឡាករ​ក្រោម​អាយុ​១៨​ឆ្នាំ​ត្រូវមាន​អត្តសញ្ញាណ​ប័​ណ្ឌ​ប្រជាជន ឬ​មាន​លិខិត​អនុញ្ញាតិ​ពី​អាណាព្យាបាល​)​។ ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​ជា​៣​ដំណាក់កាល​ដោយ​ដំបូង​ត្រូវមាន​កីឡាករ​ចំនួន​២០​នាក់ ហើយ​ក្នុងនោះ​មាន​អ្នកចាំទី​២​នាក់​។ ដំណាក់កាល​ទី​២ គឺ​ចុះបញ្ជី​១២​នាក់​ចុងក្រោយ (​ពី​ចំនួន​២០​នាក់​ដំបូង​) ហើយ​មាន​អ្នកចាំទី​យ៉ាងតិច​២​នាក់ និង​ដំណាក់កាល​ទី​៣ ក្នុង​ថ្ងៃ​ប្រកួត​ចុះឈ្មោះ​កីឡាករ​៥​នាក់ និង​កីឡាករ​បម្រុង​៧​នាក់​។ កីឡាករ​ដែល​មិនអាច​ចុះឈ្មោះ​ចូល​លេង​បាន​គឺជា​សមាជិក​ក្នុង​ក្លិប​ដែល​ចូល​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៨ ជា​សមាជិក​ក្នុង​ក្លិប​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ក្លិប​ជា​សមាជិក​លី​គ​លំដាប់​ទី​២ ប្រចាំឆ្នាំ​២០១៨​។​

​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែមិនា រហូតដល់​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិកចំនួន ​១០ ​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជាលក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុច្រើនជាងគេនឹង​ដណ្តើមបាន​ជើងឯក​តែម្តង​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១ ​និង​ ប្រាក់រង្វាន់ ​២០ ​លាន​រៀល​ផងដែរ​។​

​សម្រាប់​ប្រកួត​បន្ទាប់​សប្ដាហ៍​ទី​៨ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ដោយ​ក្រុម​ឆន្ទៈកីឡា ប៉ះ​ក្រុម B.A United នៅ​ម៉ោង​ ២:៣០ ​នាទី​រសៀល ហើយ​ក្រុម Down Town Sport ប៉ះក្រុមយុវជន​៧​មករា នៅ​ម៉ោង ​៤ ល្ងាច​ និង​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ជួប​ក្រុម Panda FC នៅម៉ោង​ ៥:៣០​ នាទី​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា ឆ្នាំ​២០១៨ ក្រុម Home Sport ប៉ះ​ក្រុម​ឱម៉ា​ល់ នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម Fan Sport FT ជួប​ក្រុម​អាណាចក្រ​បៃតង នៅ​ម៉ៅ​ង​ ៥:៣០ ​នាទី​ល្ងាច​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114