BREAKING NEWS
Search

ក្រុម Down Town Sport រក្សា​កៅអី​កំពូល​តារាង​ក្នុង​សប្ដាហ៍​ទី​១០​ លី​គ​ហ្វូ​ត​សាល​រដូវ​កាល​ឆ្នាំ ​២០១៨

​ក្រុមបាល់ទាត់​ហ្វូ​ត​សាល Down Town Spoort បន្ត​រក្សា​កៅអី​កំពូល​តារាង​ជា​បន្ត​ក្នុង​ពានរង្វាន់​លី​គបាល់ទាត់​ក្នុង​សាលា​ឆ្នាំ ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើង​ដោយសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រោយ​ធ្វើដំណើរ​ដល់​សប្ដាហ៍​ទី​១០ កាលពី​ចុង​សប្តាហ៍​ថ្មីៗនេះ​។​

​សរុប​លទ្ធផល​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​១០ ទាំង​៥​គូ​មាននៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ក្រុម B.A United ចាញ់​ក្រុម Home Sport FC ១៥​ទល់​៨ ហើយ​ក្រុម Down Town Sport FC ឈ្នះ​ក្រុម Panda FC ៨​ទល់​៣ និង​ក្រុម​អាណាចក្រ​បៃតង ឈ្នះ​ក្រុម​ឆន្ទៈ​កីឡា ១០​ទល់​៥​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ឈ្នះ​ក្រុម​ឱ​ម៉ា​ល់ ៧​ទល់​២​និង​ក្រុមយុវជន​៧​មករា ឈ្នះ​ក្រុម Fan Sport FT ៨​ទល់​៤​។​

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ក្រោយ​ប្រកួត​បាន ​១០ ​លើក​ម្នាក់​មក​ឃើញថា ​ក្រុម Down Town Sport FC​ ឈរ​លេខ​១ មាន​២៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម ស​.​ស​.​យ​.​ក កំចាយមារ ឈរ​លេខ​២ មាន​២១​ពិន្ទុ​ស្មើគ្នា​ជាមួយ Home Sport FC ​ឈរ​លេខ​៣ តែ​ខុស​គ្រាប់​បាល់​ចំណេញ ហើយ​ក្រុម​លេខ​៤ ​ឪម៉ាល់ មាន​១៨​ពិន្ទុ​។ ចំណែក​ក្រុម​លេខ​៥ Fan Sport FT មាន​១៥​ពិន្ទុ ហើយអាណាចក្រ​បៃតង លេខ​៦ មាន​១៤​ពិន្ទុ​។ ក្រុម​លេខ​៧ ក្រុម Panda FC មាន​១៣​ពិន្ទុ​។ ចំណែកក្រុមយុវជន​៧​មករា ឈរ​លេខ​៨ មាន​៩​ពិន្ទុ ក្រុម​ឆន្ទៈ​កីឡា ឈរ​លេខ​៩ មាន​៧​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​៤​ពិន្ទុ​។​

​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខណៈ​ភាកច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិកចំនួន​ ១០​ ក្រុម ​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្តជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុច្រើនជាងគេ​នឹង​ដណ្តើមបាន​ជើងឯក​តែម្តង​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១ ​និង​ប្រាក់រង្វាន់ ​២០ ​លាន​រៀល​ផងដែរ​។​

​ចំណែក​ប្រកួត​បន្ទាប់​សប្ដាហ៍​ទី​១១ នឹង​បន្ត​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៦ ខែឧសភា ក្រុម Fan Sport ប៉ះ​ក្រុមយុវជន​កំចាយមារ វេលា​ម៉ោង ​២:៣០​ នាទី ខណៈ​ក្រុម Panda FC ជួប​ក្រុមយុវជន​៧​មករា នៅវេលា​ម៉ោង​ ៤ ​ល្ងាច ​និង​ក្រុម Home Sport ប៉ះ​ក្រុម Down Town Sport នៅម៉ោង ​៥:៣០​ នាទី​ល្ងាច​។ នៅ​ថ្ងៃអាទិត្យ ទី ២៧ ខែឧសភា ក្រុម​អាណាចក្រ​បៃតង ប៉ះ​ក្រុម​ក្រុម BA United នៅ​ម៉ោង ​៤ ​ល្ងាច​ និង​ក្រុម ឱ​ម៉ា​ល់ ប៉ះ​ក្រុម​ឆន្ទៈ​កីឡា នៅ​ម៉ោង ​៥:៣០​ នាទី​ល្ងាច​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114