BREAKING NEWS
Search

ក្រោយពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ពេញ​មួយថ្ងៃ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​អញ្ជើញ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ

ភ្នំពេញ ៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ សម្តេច​ប្រធានរដ្ឋសភា ឆ្លៀតពេល​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ឡេ ខា ភៀវ អតីត​អគ្គលេខាធិកា​បក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ទទួល​មរ​ណ​ភាព កាលពី​ថ្ងៃទី​៧ ខែសីហា​ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៩​ឆ្នាំ ដោយ​ជរា​ពោធ នៅ​ទីក្រុង​ហាណូយ​។

គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំង​ប្រជាជន​កម្ពុជា រួម​និង​ខ្លួន​សម្តេច​ផ្ទាល់ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជាមួយ​បក្ស រដ្ឋ និង​ប្រជាជន​វៀតណាម ព្រមទាំង​គ្រួសារ​នៃ​សព​។

បន្ទាប់ពី​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​សព ឯកឧត្តម ឡេ ខា ភៀវ អតីត​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​រួចមក​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បន្ត​ជួប​សវនាការ ជាមួយ​លោកជំទាវ ង្វៀន ធី គឹម​ងិន ប្រធានរដ្ឋសភា​សាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម។

រដ្ឋសភា​ប្រទេស​ទាំងពីរ បាន​ប្តេជ្ញា​បន្ត ពង្រឹង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ ទាំង​ក្របខណ្ឌ​ទ្វេភាគី​និង​ពហុភាគី នៅ​គ្រប់​កាលៈទេសៈ ពិសេស ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ជួយ​សម្រួល​ដល់​សកម្ម​ភាព​ពាណិជ្ជកម្ម​តាម​ព្រំដែន​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​សកម្ម​ឡើង​។

ក្រៅពីនោះ រដ្ឋសភា​ទាំងពី បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ក្នុងការ​បោះបង្គោល​ព្រំដែន​នាពេល​កន្លងមក និង​បាន​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹង ក្នុងការ​ឈានទៅ​បញ្ចប់​បញ្ហា​សេសសល់ ប្រមាណ​១៦%​ទៀត ដើម្បីឱ្យ​ក្លាយជា​ព្រំដែន​សន្តិភាព​និង​ការអភិវឌ្ឍន៍។

ក្រោយពី​បានបញ្ចប់​ដំណើរ​ទស្សន​កិច្ចការងា​រ នៅ​រសៀល​ថ្ងៃ​ដដែល សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ ប្រកបដោយ​សុវត្ថិភាព​តាម​ជើងយន្តហោះ​ពិសេស​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114