ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រោយ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ផែន​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​៩ វិច្ឆិកា ទណ្ឌិត សម រ​ង្ស៉ី និង មូរ សុខ​ហួរ បាន​ចាក​ចេញពី​ម៉ាឡេស៊ី​ហើយ

ភ្នំពេញ​ ៖ ទណ្ឌិត មូរ សុខ​ហួរ រួម​ទាំង​បក្ខពួក ដែល​បានប្រកាស​ពី​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ធ្វើ​ចលនា​ចេញពី​ទឹកដី​ថៃ ទម្លុះ​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលមក​កម្ពុជា ដើម្បី​ទាមទារ​ទម្លាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ចេញពី​តំណែង​នោះ បានទទួល​បរាជ័យ​យ៉ាង​អាម៉ាស់ និង​បាន​ចាក​ចេញពី​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​ហើយ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​អា​ឌូ​ដា​បេ ប្រទេស​អារ៉ាប់​រួម កាលពី​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​ទណ្ឌិត សម រ​ង្ស៉ី មិនទាន់​ដឹង​ថា ទៅកាន់​ប្រ​ទេស​ណា​នោះទេ​។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ថា ទណ្ឌិត សម រង្ស៊ី និង មូរ សុខ​ហួរ បាននាំគ្នា​ចាកចេញ​ពី​ម៉ាឡេស៊ី យ៉ាង​អស់សង្ឃឹម ក្រោយ​បរាជ័យ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ពួកគេ​ធ្វើដំណើរ​ផ្សងព្រេង​ទៅ​ទីណា​ពិតប្រាកដ​ឡើយ​។ បើ​យោង​តាម​សេចក្តី​រាយការណ៍ ទណ្ឌិត សម រង្ស៊ី ដែល​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង មកកាន់​ប្រទេស​ម៉ាឡេស៊ី​នោះ គឺ​មិន​ទទួល​បាន​ជ័យជម្នះ​អ្វី​ឡើយ ក្រៅតែពី​ការនិយាយ​ច្រំ​ដែលៗ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​មួយចំនួន ជាពិសេស​នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ថា​ទទួលជោគជ័យ​៧០​ភាគរយ​។

ចំណែក​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត សម រង្ស៊ី មេ​ចលនា​ឧទ្ទាម មិន​ត្រូវបាន​អញ្ជើញ​ដោយ​រដ្ឋសភា​របស់​ម៉េ​ឡ​ស៊ី​ទាំងមូល ដើម្បី​ពិភាក្សា​ការងារ​អ្វី​នោះ​ទេ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​មាន​តំណាងរាស្ត្រ​តែ​ម្នាក់​ប៉ុណ្ណោះ បាន​អញ្ជើញ​លោក​ដើម្បី​ជួបពិភាក្សា​ជា​លក្ខណៈ​បុគ្គល​។ នេះ​បើតាម​យោងតាម​លិខិតអញ្ជើញ​របស់​តំណាងរាស្ត្រ និង​មន្ត្រីការទូត​ម៉ាឡេស៊ី​មួយរូប​។

មន្ត្រីការទូត​ដដែល​រូប​នោះ​បាន​បញ្ជាក់ថា លោក សម រ​ង្ស៉ី គ្រាន់តែ​ត្រូវបាន​តំណាងរាស្ត្រ​ម្នាក់​របស់​ម៉ាឡេស៊ី អញ្ជើញ​ទៅ​ជួប​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​រដ្ឋសភា​ទាំងមូល​របស់​ម៉ាឡេស៊ី​នោះទេ ហើយ​ការ​ជជែក​នោះ គឺ​ធ្វើ​ឡើង​ក្នុង​បន្ទប់​ផ្ទាល់ខ្លួន​ក្នុង​សភា​ម៉ាឡេស៊ី​របស់​តំណាងរាស្ត្រ​រូប​នោះ​ប៉ុណ្ណោះ​។ ជាមួយ​នោះ​ដែរ មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​បញ្ជាក់​បន្ថែមថា ដោយឡែក​ជំនួប​រវាង​លោក សម រ​ង្ស៉ី ជាមួយ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ក៏​មិនមែនជា​ជំនួប​ក្នុងនាម​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​នោះ​ទេ គ្រាន់តែ​ជា​ជំនួប​រវាង​លោក សម រ​ង្ស៉ី និង​អគ្គលេខាធិការ​គណបក្ស​របស់​លោក​តែប៉ុណ្ណោះ​។

ជារួម ផែនការ​របស់​ទណ្ឌិត សម រង្ស៊ី ចង់​ប្លន់​ស្នា​ព្រហស្ថ​សម្តេច​តា នរោត្តម សីហនុ ត្រូវ​បរាជ័យ​ទាំងស្រុង ហើយ​បរាជ័យ​នេះ នឹង​ធ្វើ​ឲ្យ​តួនាទី​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ខ្មោច​បក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​បញ្ចប់ ជា​ពិ​សេស​វា​បង្ហាញ​ឲ្យ​ឃើញ​ថា សកម្មភាព​របស់​ក្រុម​បក្ស​ប្រឆាំង គឺ​មិនបាន​ផ្តល់​លទ្ធផល​អ្វី​ឡើយ​។ ចំណែក​អ្នកវិភាគ​នយោបាយ បាន​លើកឡើងថា ដំណើរ​ទណ្ឌិត សម រង្ស៊ី ចាក​ចេញពី​ក្រុង​កូ​ឡា​ឡាំ​ពួរ គឺជា​ដំណើរ​រក​កោះ​ត្រើយ​មិនឃើញ ក្រៅតែពី​ការងារ​រញ៉េរញ៉ៃ ព្រោះ​ត្រូវ​ដោះស្រាយ​ការងារ​ផ្ទៃក្នុង​របស់​ខ្លួន ចំពោះ​ផែន​ការបរាជ័យ ៩ វិច្ឆិកា​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114