ភ្នំពេញ ៖ ចំណងស្នេហារវាងប្តី-ប្រពន្ធបង្កើតបានកូនស្រីម្នាក់របស់អ្នកនាង ឆៃ លីដាឡែន និងស្វាមីមានរយៈពេលច្រើនឆ្នាំ ទីបំផុតត្រូវបានប្រេះឆា ដោយដំបូងឡើយ លើកហេតុផលថារស់នៅជាមួយគ្នាមិនចុះសម្រុង ប៉ុន្តែពេលនេះត្រូវបានសាមីខ្លួនអ្នកនាង ឆៃ លីដាឡែនទម្លាយជាថ្មីថាដោយសារអតីតស្វាមីមានស្រីច្រើនហើយតែងដើរចោលនាងស្ទើររាល់ថ្ងៃ។
ការចេញមុខទម្លាយបើកកកាយឲ្យមហាជនបានដឹងជាសាធារណៈពីសំណាក់អ្នកនាង ឆៃ លីដាឡែន ពេលនេះ បន្ទាប់ចំណងស្នេហ៍ចាស់របស់នាង និងស្វាមី ត្រូវបានបែកធ្លាយឡើងវិញ ខណៈដែលអតីតស្វាមីប្រកាសអះអាងថា ខ្លួនមិនបានខុស ហើយយកត្រូវតែម្នាក់ឯង។ តាមរយៈនេះហើយបានធ្វើឲ្យអ្នកនាង ឆៃ លីដាឡែន ឆួលចុងច្រមុះពន្លះ និងបង្ហាញមុខស្រីស្នេហ៍របស់អតីតស្វាមីឲ្យមហាជនបានដឹងគ្រប់គ្នា។
អ្នកនាង ឆៃ លីដាឡែន បានបញ្ចេញសារជាមួយរូបថតជាច្រើនថា ពិតជាពូកែនិយាយមែនDara Uncute ខ្ញុំទាមទារលោកមែន? ខ្ញុំទារលោកឲ្យផ្ញើរលុយមកចាយមែន? និយាយចេញមកមានចេះខ្មាសខ្លួនឯងអត់? ចង់ឲ្យនិយាយក្នុងការឡាយទេ? ហើយខ្ញុំទាមទារលោកឲ្យមកជួយនេះជួយនោះតែលោកមិនព្រមឬ? ចុះអ្នកណានិយាយថាខ្ញុំចង់បានអ្វីចង់ឲ្យលោកជួយអ្វី ប្រាប់មក ចង់បានសំឡេងលោកនិយាយអត់?។
តារាសិចស៊ីអ្នកនាង ឆៃ លីដាឡែន បន្តថា កុំនិយាយលើសពីហ្នឹងប្រយ័ត្នខ្ញុំអត់ទ្រាំលែងបាន ខ្ញុំនិយាយហេតុផលពីជីវិតប្រពន្ធប្រាប់គេឲ្យខ្ទេចណា កុំនិយាយយកត្រូវខ្លួនឯងពេក ហើយកុំនិយាយយកល្អខ្លួនឯងពេក មិនមែនយើងសម្រេចលែងគ្នាហើយទើបលោកចុះចេញទេ លោកភ្លេចមែនថាលោកដើរចោលប្រពន្ធប៉ុន្មានខែ? ហើយនាងនឹងប្អូនស្រីមេលោក( អ្នកលក់ឡាន) អ្នកលក់ឡានមួយណា? ក្រែងលោកប្រាប់ខ្ញុំលើកមុនថាសង្សារមិត្តភក្តិមេលោកទេហ៊ី?។
អ្នកនាង ឆៃ លីដាឡែន និយាយទៀតថា ឥឡូវម៉េចទៅជាប្អូនស្រីមេលោកវិញ? ឧស្សាហ៍ដើរទៅណាមកណាជាមួយគ្នា ចុះប្អូនស្រីមេលោកឧស្សាហ៍ដើរជាមួយប្រុសញឹកម៉្លេះ? ហើយឧស្សាហ៍ទៅផ្ទះម៉ែលោកតែពីរនាក់លោកញឹកទៀតណ៎?ចូលបន្ទប់ទឹកតែពីរនាក់ ធ្វើអ្វីក៏ពីរនាក់ ឆាតភាសាស្នេហាពីរនាក់ត្រង់នឹងគេហៅរាប់អានប្អូនមែន?ហើយរឿងកូនវាមិនតាមជារឿមួយផ្សេង បងប្អូនអាចកាត់យល់ ហើយហេតុអ្វីកូនមិនតាមខ្ញុំ ដែលកូនស្គាល់មុខខ្ញុំហើយ? ។
នាងបន្ថែមថា ចង់ប្រាប់ថា ខ្ញុំមិនមែនលើកថ្ងៃផ្តិតមេដៃទេ កុំយល់ច្រឡំណា ហើយលោកឯងម៉េចមិនទៅយកខោអាវរបស់របរលោកឯងផង? តែមិនបាច់ទេខ្ញុំនឹងដុតចោលអោយអស់ ហើយមួយទៀតកុំនិយាយដើមខ្ញុំទៅប្រាប់គេទៀត មនុស្សខ្ញុំបើមិនធ្វើអ្វីខ្ញុំ ខ្ញុំក៏ខ្ពើមទៅប៉ះណាស់ ព្រោះខ្លាចថោក កុំបន្តទៀតណាបើហ៊ានបន្តខ្ញុំនឹងបន្តរឿងកូនស្រីម្នាក់ទៀតឈ្មោះដារ៉ាឧត្តមចាន់រាជនីយល់?។
ទាក់ទងនឹងការលើកឡើងរបស់អ្នកនាង ឆៃ លីដាឡែន នេះ កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា បានព្យាយាមទាក់ទងតាមទូរស័ព្ទដើម្បីសួរនាំបន្ថែមដែរ តែមិនអាចទាក់ទងបានឡើយ៕