ក្លិប​បាល់ទាត់​កូរ៉េខាងត្បូង រង​ការផាកពិន័យ​ជាប់​កំណត់ត្រា​សម្រាប់​ការ​ដាក់តាំង​កូនក្រមុំ​តុក្កតា​សិច​នៅក្នុង​ពហុ​កីឡដ្ឋាន

ក្លិប​បាល់ទាត់ FC Seoul របស់​កូរ៉េខាងត្បូង រង​ការផាកពិន័យ​ជា​ទឹកប្រាក់​ជាប់​កំណត់ត្រា​១០០​លាន​វ៉ុ​ន​(​ស្មើនឹង​៨១.០០០​ដុល្លារ​) សម្រាប់​ការប្រើប្រាស់​កូនក្រមុំ​តុក្កតា​សិច ដើម្បី​ដាក់តាំង​បំពេញ​កៅអី​នៅក្នុង​ការប្រកួត​បិទទ្វា​រ​មិន​ស្វាគមន៍​ទស្សនិកជន ក្នុងនោះ​ក្រុមមន្ត្រី K-League បាន​អះអាងថា ក្លិប​បាល់ទាត់​មួយ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​នារី​អាម៉ាស់មុខ​យ៉ាងខ្លាំង​។

ស្រប​ពេលដែល​ក្រុម​ទស្សនិកជន ត្រូវ​បាន​ហាមប្រាម​មិន​ចូល​ទស្សនា ដោយសារ​ការរីក​រាល​ដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ក្លិប FC Seoul រង​ការរិះគន់​យ៉ាងខ្លាំង ក្រោយ​ពេលដែល​កូនក្រមុំ​តុក្កតា​សិច​រាប់សិប​កូនក្រមុំ ពាក់​អាវយឺត ឬ​កាន់​ផ្ទាំង​ប្រកាស ជាមួយនឹង Logo អ្នកលក់​កូនក្រមុំ​តុក្កតា​សិច​នៅក្នុង​ការប្រកួត កាលពី​ថ្ងៃអាទិត្យ ។

ឧប្បត្តិ​ហេតុនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក​។ ​ក្រោយ​ពិនិត្យមើល​ករណី​មួយ​នេះ ក្របខណ្ឌ K-League បានទទួល​ស្គាល់​អំណះអំណាង​រ​បស់​ក្លិប FC Seoul ថា​ខ្លួន​មិនបាន​ដឹងថា ទីងមោង​ទាំងនោះ​គឺជា​កូនក្រមុំ​តុក្កតា​សិច​នោះទេ។

K-League បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា ជម្លោះ​ជុំវិញ​ឧប្បត្តិហេតុ​កូនក្រមុំ​តុក្កតា​សិច​ពិតប្រាកដ បាន​ធ្វើ​ក្រុម​អ្នកគាំទ្រ​នារី អាម៉ាស់មុខ និង​ឈឺចាប់​យ៉ាងខ្លាំង ហើយ​វា​បានធ្វើ​ឲ្យ​ខូចខាត​ដល់​សុចរិត​ភាព​របស់​ក្រុម League​ផងដែរ ។

ក្លិប FC Seoul បាន​ទទួលយក​ការសម្រេចចិត្ត​ផាកពិន័យ ដែលជា​ការផាកពិន័យ​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​៣៨​ឆ្នាំ​កន្លងមកនេះ និង​បាន​សុំទោស ក៏ដូចជា​សន្យា​ថា​នឹងមិន​បណ្តោយ​ឲ្យ​រឿង​បែបនេះ កើតឡើង​ម្តងទៀត​ជាដាច់ខាត ។

សេចក្តីរាយការណ៍​ជាច្រើន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចែកចាយ​ទីងមោង ដែលមាន​ទាំង​កូនក្រមុំ​តុក្កតា​សិច​ទាំងនេះ បាន​ទាក់ទង​ក្របខណ្ឌ K-league ដើម្បី​ផ្តល់​ផលិតផល​របស់​ពួកគេ​ឥតគិតថ្លៃ​សម្រាប់​បំពេញ​កៅអី​គ្មាន​ក្រុម​អ្នកគាំទ្រ ហើយ​ពួកគេ​ក៏​ទទួលបាន​ការណែនាំ​ឲ្យ​ទាក់ទង​មកកាន់​ក្លិប FC Seoul ។

ក្លិប FC Seoul បាន​និយាយ​ថា ពួកគេ​បានស្នើ​សុំ​ឲ្យ​ក្រុមនគរបាល​ស៊ើបអង្កេត​ក្រុមហ៊ុន​ចែកចាយ​កូនក្រមុំ​តុក្កតា​សិច​មួយ​នេះ ផង​ដែរ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114