ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប្រកាស​រើស​កីឡាករ​ដើម្បី​ចូលរួម​ជាមួយ​ក្លិប​ត្រៀម​រដូវ​កាល​ថ្មី

ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សមាជិក​នៃ​លី​គ​កំពូល​កម្ពុជា បាន​ធ្វើ​សេចក្ដី​ស្ដីពី​ការ​ជ្រើសរើស​កីឡាករ ដើម្បី​រៀបចំ​សមាជិក​ឲ្យ​បាន​កាន់តែ​ប្រសើរ ក្នុង​ការ​ចូលរួម​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ឆ្នាំ​២០២០ ខាងមុខ តាមរយៈ​ការធ្វើ​តេស្ត​សមត្ថភាព។

យោង​តាម​សេចក្ដីប្រកាស​ដដែល ក្លិប​បាន​បញ្ជាក់​ពី​លក្ខខណ្ឌ​ដែល​ត្រូវ​ជ្រើសរើស មាន​ដូច​ជា បេក្ខជន​ត្រូវ​មាន​អាយុ​ចាប់ពី ១៧​ឆ្នាំ ដល់ ២៥​ឆ្នាំ​, អាទិភាព​សម្រាប់​កីឡាករ​អាជីព ពាក់កណ្ដាល​អាជីព​, សម្រាប់​យុវជន​ដែល​ប្រកួត​ពាន​ពាក់កណ្ដាល​អាជីព ត្រូវ​មាន​បទពិសោធន៍ ២​ឆ្នាំ​, មាន​វិន័យ សីលធម៌​ល្អ ចេះ​ទទួលខុសត្រូវ មធ្យោបាយ​ធ្វើដំណើរ និង​ស្នាក់នៅ​ផ្ទាល់ខ្លួន​, បេក្ខជន​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ សំបុត្រកំណើត ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​, បេក្ខជន​ត្រូវ​មាន​សម្ភារៈ​កីឡា​គ្រប់គ្រាន់​ផ្ទាល់ខ្លួន​សម្រាប់​ធ្វើ​តេស្ត​សមត្ថភាព។

ចំពោះ​ទីតាំង​នៃ​ការ​ធ្វើ​តេស្ត ដំណាក់កាល​ទី​១ និង​ធ្វើឡើង​នៅ​លើ​ទីលាន​បាល់ទាត់ អេ​អ៊ី​យូ ស្ព័ត​ផាក (​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នឹង​ធ្វើឡើង​រយៈពេល ២​ថ្ងៃ ថ្ងៃ​សៅរ៍​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពេល​ល្ងាច​ចាប់ពី​ម៉ោង ២​និង​៣០​នាទី​រសៀល ដល់​ម៉ោង ៥​និង​០០​នាទី​ល្ងាច និង​ថ្ងៃអាទិត្យ ទី​០១ ពេលព្រឹក ចាប់ពី​ម៉ោង ៨​និង​០០​នាទី​ព្រឹក ដល់​ម៉ោង ១០​និង​០០​នាទី​ព្រឹក ពេល​ល្ងាច ចាប់ពី​ម៉ោង ២​និង​៣០​នាទី​រសៀល ដល់​ម៉ោង ៥​និង​០០​នាទី​ល្ងាច​។

ចំពោះ​អត្ថប្រយោជន៍​ដែល​បេក្ខជន​ទទួល​បាន​គឺ យុវជន​ដែល​អាច​ឈាន​ដល់​ជាប់​តេស្ត​ដំណាក់កាល​ចុងក្រោយ និង​ក្លាយ​ជា​កីឡាករ​របស់​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ព្រមទាំង​ទទួលបាន​អាហារូបករណ៍ ១០០​ភាគរយ (​សិក្សា​ឥត​បង់ថ្លៃ​) នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត និង​ប្រាក់ឧបត្ថម្ភ ១៥០​ដុល្លារ​អាមេរិក​ឡើងទៅ។

ក្លិប​បាន​បញ្ជាក់​ថែម​ទៀត​ថា ចំពោះ​បេក្ខជន​ជាប់​ដំណាក់កាល​ទី​១ ត្រូវ​ជម្រុះ​បន្ត​ដំណាក់កាល​ទី​២ ជាមួយ​កីឡាករ​ប្រចាំ​ក្លិប នៅ​ថ្ងៃទី​៤, ៥, និង​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩​។

សូម​បញ្ជាក់​ថា ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជារឿយៗ​តែងតែ​ធ្វើការ​ជ្រើសរើស​កីឡាករ​ថ្មី នៅ​រៀងរាល់​មុន​បើក​រដូវ​កាល ហើយ​ច្រើន​ទទួល​លទ្ធផល​ល្អ​ផងដែរ ដោយ​រដូវ​កាល​២០១៩ បានបញ្ចប់​ទៅ​ដោយ​ឈរ​នៅ​លេខ​១០ ក្រោយ​ប្រកួត ២៦​ដង ឈ្នះ​១០ ស្មើ​៤ និង​ចាញ់ ១២​ដង អាច​រក​គ្រាប់​បាល់​បាន ៤៧​គ្រាប់ និង​របូត​គ្រាប់​បាល់​វិញ ៥៧​គ្រាប់ សរុប​ដក​គ្រាប់​ចំណេញ ១០​គ្រាប់ និង​រក​បាន ៣៤​ពិន្ទុ ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ប្រកួត​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ថ្នាក់​ខេត្ត ក្រោយ​ចាញ់ ក្រសួងការពារជាតិ ទាំងពីរ​ជើង ៦​ទល់​៣៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114