BREAKING NEWS
Search

ក្លិប​បាល់ទាត់​Tottenham Hotspur នៅ​អង់គ្លេស​បញ្ជូន​គ្រូ​កម្រិត​យុវជន​មក​បង្ហាត់​បាល់ទាត់​ដល់​កុមារ​កម្ពុជា

ក្លិប​បាល់ទាត់​នៅ​លី​គ​កំពូល​ប្រទេស​អង់គ្លេស​គឺ​ក្លិប​Tottenham Hotspur បាន​បញ្ជូន​គ្រូបង្វឹក​កម្រិត​យុវជន​របស់ខ្លួន​ចំនួន​២​រូប​ធ្វើដំណើរ​មក​ចែក​រំ​លែង​បទពិសោធន៍​ដល់​កុមារ​កម្ពុជា ប្រមាណ​១៣០០​នាក់​នៅ​អង្គការ​ផ្កាយ​សមុទ្រ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថ្មីៗ​នេះ​លើ​ទីលាន កីឡដ្ឋាន​របស់​អង្គការ​ផ្កាយ​សមុទ្រ ក្នុង​រាជធានី​ភ្នំពេញ​។

អង្គការ​ផ្កាយ​សមុទ្រ ដែល​មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង មួយ​បាន​បង្កើតជា​ការប្រកួត​ពានរង្វាន់​យុវជន​មួយ​ឈ្មោះថា AIA-ISF Youth League ដោយ​បែង​ចែកជា​៣​កម្រិត​អាយុ គឺ​យុវជន​ក្រោម​អាយុ​១០​ឆ្នាំ (U10) ១៤​ឆ្នាំ (U14) និង​ក្រោម​អាយុ​១៨​ឆ្នាំ (U18)​។ ក្នុង​ពិធី​បើក​កាលពីពេល​ថ្មីៗ​នេះ​គ្រូ​យុវជន​របស់​ក្លិប Tottenham Hotspur ចំនួន​២​រូប បានមក​ណែនាំ​ពី​របៀប​លេង​បាល់ និង​អត្ថប្រយោជន៍​នៃ​ការលេង​បាល់​ដល់​ក្មេងៗ​ទាំងអស់​។​

​លោក Daniel Mitchell គ្រូបង្វឹក​យុវជន​របស់​ក្រុម​Tottenham Hotspur បាន​សម្លឹង​ឃើញ​ក្មេងៗ​នៅក្នុង​ប្រទេស​កម្ពុជា មានការ​ចូលចិត្ត​លេង​បាល់ទាត់​ខ្លាំង ហើយ​លោក​រំពឹងថា​ ការប្រកួត​ពានរង្វាន់​យុវជន​នេះ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ពួកគេ​សម្រេច​ក្តី​ស្រមៃ​ទៅ​ថ្ងៃ​អនាគត​។ លោក​សង្ឃឹមថា ​នៅ​ថ្ងៃ​អនាគត​ក្លិប​នឹង​មាន​ទំនាក់ទំនង​សកម្មភាព​កីឡា​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ថែម​ទៀតផង​។

​លោក Leo Brogan សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​ផ្កាយ​សមុទ្រ​បាន​ប្រាប់​អ្នកសារព័ត៌មាន​និយាយ​ថា «​យើង​ពិតជា​រីករាយ​ដែល​ខាង​អ្នក​ឧបត្ថម្ភ​មាន​ឆន្ទៈ​ក្នុង​ការគាំទ្រ និង​ជំរុញ​ឲ្យមាន​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ សម្រាប់​មនុស្ស​គ្រប់រូប និង​សហគមន៍​ក្រីក្រ​។ ការ​សហការ​គ្នា​នេះ នឹង​ធ្វើ​ឲ្យ​កុមារ​នៅ​កម្ពុជា​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​បច្ចេក​ទេស​លេង​បាល់ទាត់ ព្រោះ​ក្រុមហ៊ុន​នេះ មាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​Tottenham Hotspur​។ ពួកគេ​នឹង​ជួយ​យើង​កាន់តែច្រើន ចំពោះ​បច្ចេកទេស​ក្នុង​ការលេង​បាល់ទាត់​»​។

​សូម​រំលឹក​ថា ​កម្មវិធី​ប្រកួត​ពានរង្វាន់​យុវជន AIA-ISF Youth League ឆ្នាំនេះ​ទាំង​៣​កម្រិត​នេះ​មាន​ក្រុម​ចូលរួម​១០០​ក្រុម ហើយ​ធ្វើការ​ប្រកួត​វិល​ជុំ ជា​រៀងរាល់​សប្ដាហ៍​នៅ​កីឡដ្ឋាន​របស់​អង្គការ​ផ្កាយ​សមុទ្រ ទាំងអស់​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114