BREAKING NEWS
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ប្រកាស​ថា​ កំពុង​ធ្វើតេស្ត​កីឡាករ​បរទេស​មួយ​រូប ​ដែល​ធ្លាប់​លេង​នៅ​លីកកំពូល​របស់​បារាំង

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លីក​កំពូល​កម្ពុជា បាន​ប្រកាស​ថា ​ក្រុម​របស់​ខ្លួន​កំពុង​ធ្វើតេស្ត​កីឡាករ​សញ្ជាតិ​អា​ហ្វ្រិ​ច​កណ្តាល​មួយ​រូប ដែល​ធ្លាប់មាន​បទ​ពិសោធ​ន៍ ប្រកប​អាជីព​នៅ​លីក​កំពូល​របស់​បារាំង ព្រមទាំង​នៅ​លីក​កំពូល​មួយចំនួន​ជា​សមាជិក​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជាច្រើន។

កីឡាករ​រូប​នេះ​ មាន​ឈ្មោះថា Franklin Clovis Anzité តួនាទី​ជា​ខ្សែការពារ មាន​វ័យ ៣១​ឆ្នាំ កំពស់ ១.៨០​ម៉ែត្រ​។ កីឡាករ​រូប​នេះ​ធ្លាប់​លេង​នៅ​ក្លិប AC Ajaccio ដែល​ជា​សមាជិក​លីក​កំពូល​របស់​បារាំង (League1) ចាប់ពី​ឆ្នាំ​២០០៥-២០០៧ ហើយ​នៅ​ឆ្នាំ​២០០៧ បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​Swindon Town សមាជិក​លី​គ​លំដាប់​ទី​៣ នៅ​ប្រទេស​អង់គ្លេស មុន​ចូលរួម​ជាមួយ​ក្រុមWeymouth នៅ​ប្រទេស​វ៉ែល​។

នៅ​រដូវ​កាល​បន្ទាប់​ចូលរួម​ជាមួយ​ក្រុម FC Libourne-Saint-Seurin នៅ​ប្រទេស​បារាំង និង​ក្លិប​FC Martigues របស់​បារាំង​ដូចគ្នា​នៅ​រដូវ​កាល​២០០៩-២០១០។

នៅ​ឆ្នាំ​២០១១ រូបគេ​បាន​ចេញ​មក​ចូលរួម​ជាមួយ​ក្លិប Étoile FC ក្នុងប្រទេស​សិង្ហ​បុរី ដែលមាន​ក្បាលម៉ាស៊ីន ជា​ជនជាតិ​បារាំង ហើយ​ឆ្នាំ​បន្ទាប់​ចូ​លរួម​ជាមួយ​ក្រុម Home United របស់​សិង្ហ​បុរី មួយទៀត ខណៈ​នៅ​ឆ្នាំ​២០១៣ ចេញទៅ​ចូលរួម​ជាមួយ​ក្រុម Samut Songkhram និង​Trat​របស់​ថៃ មុន​ចេញទៅ​ក្រុម Ayutthaya ហើយ​បន្តទៅ​ប្រទេស​វៀតណាម ចូលរួម​ជាមួយ​ក្រុម Hong Anh Gai lai FC និង Long An FC​និង​ចុងក្រោយ​ជា​សមាជិក​ក្លិប​លំដាប់​ទី​២​របស់​ម៉ាឡេស៊ី UiTM FC ដែល​ធ្វើដំណើរ​មក​ប្រកួត​មិត្តភាព​នៅ​កម្ពុជា​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ។

ក្នុងនាម​ជា​ខ្សែការពារ កីឡាករ Franklin Clovis Anzité ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​កណ្ដាល​របស់ខ្លួន​បាន​ចំនួន​១៥ លើក​ផងដែរ​គិត​តាំងពី​ឆ្នាំ​២០១១ មក​។ ចំណែក​ក្រុម​ម្ចាស់​ជើងឯក​លីក​កំពូល​កម្ពុជា ៦​សម័យកាល វិញ​កំពុងតែ​ធ្វើតេស្ត​កីឡាករ​បរទេស​ជាច្រើន ដើម្បី​ត្រៀម​ប្រកួតប្រជែង​ក្នុង​លីក​កំពូល​កម្ពុជា រដូវ​កាល​២០១៧ ក៏ដូចជា វគ្គ​ជម្រុះ AFC Cup 2017 ផងដែរ។

ថ្មីៗ​នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន បានធ្វើ​តេស្ត​កីឡាករ​បរទេស​៤​រូប​ផងដែរ​កីឡាករ​ទាំង​៤​នាក់​មានដូចជា Vladimir Ordynskyi ជា​ខ្សែប្រយុទ្ធ ជនជាតិ​អ៊ុយ​ក្រែ និង​កីឡាករ​៣​រូប​ទៀត​ជា​ជនជាតិ​ជប៉ុន គឺ​កីឡាករ Kunihiro Yamashita ជា​ខ្សែការពារ កីឡាករ Hiroki Ebisawa ជា​ខ្សែបម្រើ និង​កីឡាករ Matsumoto ជា​ខ្សែបម្រើ។

យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី គឺ​ក្លិប​ជា​សមាជិក​លីក​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ យ៉ាង​ណា​ក្តី​ភ្នំពេញ​ក្រោ​ន មាន​កីឡាករ​បរទេស​ចាស់​ចំនួន​២​រូប​ហើយ​មាន​កីឡាករ​ជនជាតិ​អា​ហ្វ្រិ​ច​ខាងត្បូង Shane Booysen និង​កីឡាក​បារាំង Anthony Aymard រួចរាល់​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114