ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​វិសាខា ចែកផ្លូវ​ជាមួយ​ខ្សែការពារ ២​រូប ក្រោយ​ចប់​រដូវ​កាល​២០១៩

​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្លិប​បាល់ទាត់​វិសាខា បានធ្វើ​ការប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ ២​រូប ដែលជា​ខ្សែការពារ បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ក្លិប ៣​រដូវ​កាល​រួចមក​។​

ការប្រកាស​ចែកផ្លូវ​ជាមួយ​ខ្សែការពារ​ទាំងពីរ​រូប​នោះ​រួមមាន កីឡាករ ចិន វណ្ណៈ និង​កីឡាករ ទៀង ទី​នី ធ្វើឡើង​ស្របពេល​វិសាខា​បានបញ្ចប់​រដូវ​កាល​២០១៩ របស់ខ្លួន​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​។

គួរ​បញ្ជាក់​ថា​ទាំង កីឡាករ ចិន វណ្ណៈ និង​កីឡាករ ទៀង ទី​នី ត្រូវបាន​វិសាខា នាំយកមក​ចូលរួម​ជាមួយ​ក្លឹប កាលពី​ចុងឆ្នាំ​២០១៦ ពោលគឺ​តាំងពី​ក្លិប​ប្រកប​អាជីព​នៅ​លី​គ​លំដាប់​ទី​២ របស់​កម្ពុជា មក​ម្លោះ មុន​ជួយ​ឲ្យ​ក្រុម​បាន​ឡើងមក​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៨​។

ក្រោយ​ចូលរួម​ជាមួយ​វិសាខា ទាំង កីឡាករ ចិន វណ្ណៈ និង​កីឡាករ ទៀង ទី​នី មានឱកាស​បង្ហាញ​សមត្ថភាព​ជាមួយ​ក្លិប​ជារឿយៗ​ជាពិសេស​នៅ​រដូវ​កាល​២០១៧ និង​២០១៨ ប៉ុន្តែ​ចាប់​តាំង​ពី​ចាប់ផ្ដើម​រដូវ​កាល​២០១៩ នៃ​លី​គ​កំពូល​កម្ពុជា​មក ហាក់​មិនសូវ​មានឱកាស​បង្ហាញ​ខ្លួន​ទៀងទាត់​ឡើយ​សម្រាប់ ចិន វណ្ណៈ ដ្បិត​តំណែង​ការពារ​នេះ​មាន​កីឡាករ​ជាច្រើន​ដែល​កំពុង​ប្រជែង ហើយ​ភាគច្រើន​ជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថែម​ទៀតផង​។

យ៉ាងណាមិញ​ចំពោះ​សមិទ្ធផល​ជាមួយ​ក្លិប កីឡាករ​ទាំង​ពីររូប​បានរួម​ចំណែក​ជាមួយ​ក្លិប​ចាប់តាំងពី​ប្រកួត​នៅ​លី​គ​ទី​២ ក្នុង​ឆ្នាំ​២០១៧ ហើយ​ជួយ​ឲ្យ​វិសាខា ឡើងមក​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៨ និង​បញ្ចប់​ក្នុង​លី​គ​ដោយ​ឈរ​នៅ​លេខ​៣ ហើយ​ឆ្នាំ​២០១៩ នេះ ជួយ​ក្រុម​ឲ្យ​ឈរ​នៅ​លេខ​២​។​

​គួររំលឹកថា ចិន វណ្ណៈ គឺជា​កីឡាករ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ណាហ្គា​វើ​លដ៍ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (​បច្ចុប្បន្ន​ជា​អង្គ​រថា​យ​ហ្គឺ​រ​) មុន​ចូលរួម​ជាមួយ​វិសាខា​នៅ​រដូវ​កាល​២០១៧ តាំងពី​នៅ​លេង​លី​គ​ទី​ពីរ ខណៈ ទៀង ទី​នី ធ្លាប់​លេង​នៅ​ខេមរា​កីឡា​, ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​លដ៍ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (​បច្ចុប្បន្ន​ជា​អង្គ​រថា​យ​ហ្គឺ​រ​) ដូចគ្នា​ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114