ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Bayern Munich ច្រានចោល​ការទាក់ទង​ពី​លោក Arsene Wenger ដើម្បី​ធ្វើជា​គ្រូបង្វឹក​ថ្មី​

ក្លិប Bayern Munich​បានធ្វើការ​ច្រាន​ចោលកា​រ​ទាក់ទង​ពី​លោក Arsene Wenger ដើម្បី​ទទួលយក​តំណែង​អ្នកចាត់ការ​ទំនេរ​ចោល បន្ទាប់ពី​ការបណ្តេញ​រូបលោក Niko Kovac ចេញពី​ការងារ​នោះ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ក្លិប​ជើងឯក​បាល់ទាត់​អាល្លឺម៉ង់​មួយ​នេះ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នកនាំពាក្យ​របស់​ក្លិប Bayern Munich​បាន​និយាយប្រាប់ AFP​ថា លោក Arsene Wenger បាន​ទូរស័ព្ទ​មកកាន់​ម្ចាស់​ក្លិប លោក Karl-Heinz Rummenigge កាលពី​រសៀល​ថ្ងៃ​ពុធ ដើម្បី​ឲ្យ​គាត់​ដឹងថា លោក​ចាប់អារម្មណ៍​លើ​ការងារ​មួយ​នេះ​។

លោក​បន្តទៀតថា ក្លិប Bayern Munich​ស្ងើចសរសើរ​ការងារ​របស់លោក Wenger នៅ​ក្លិប Arsenal​ប៉ុន្តែ​គាត់​មិនមែនជា​ជម្រើស​ដែល​ចង់​ឲ្យ​ធ្វើជា​គ្រូបង្វឹក​របស់​ពួកយើង​នោះទេ​។​

គួរ​ឲ្យ​ដឹងថា លោក Kovac​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ បន្ទាប់ពី​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​ក្រុម ក្រោយ​ចាញ់​ក្រុម Eintracht Frankfurt ១-៥ ដែលជា​បរាជ័យ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ Bundesliga​របស់​ក្លិប​ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លងមក​នេះ និង​ជា​បរាជ័យ​មួយ​ដែល​បានធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​៤​លើ​តារាង​វិញ​។

លោក Uli Hoeness គឺជា​ប្រធាន​ក្លិប បាន​និយាយថា គ្រូបង្វឹក​ជំនួយការ Hansi Flick បាន​ទទួលយក​ការងារ​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន ខណៈពេលដែល​ក្រុម Bayern Munich​កំពុង​ស្វះ​ស្វែងរក​គ្រូបង្វឹក​ថ្មី ហើយ​ពួកគេ​រំពឹងថា នឹង​តែងតាំង​គ្រូបង្វឹក​ថ្មី​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​ខាងមុខនេះ​៕
សារ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114