BREAKING NEWS
Search

ក្លិប Birmingham City តែងតាំង​លោក Harry Redknapp ជា​អ្នកចាត់ការ​ថ្មី​

​​ក្លិប Birmingham City បានប្រកាសថា ពួកគេ​បានតែងតាំង​លោក Harry Redknapp ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្លិប​ចាប់ពីពេលនេះ​តទៅ ។​

​កាលពី​ថ្ងៃ​ចន្ទ​លោក Gianfranco Zola បាន​លាលែង​ពី​តំណែង​របស់លោក​ជា​គ្រូបង្វឹក​នៅឯ​ពហុ​កីឡដ្ឋាន St Andrew’s បន្ទាប់ពី​ក្លិប Birmingham City បាន​រង​នូវ​ការបរាជ័យ ២-០ ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ថ្វី​ជើង​ក្លិប Burton Albion ដោយ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​របស់លោក​នៅ​ក្លិប​នេះ ​ដោយ​ឈ្នះ​ត្រឹមតែ ២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ចំនួន ២៤​លើក​កន្លងមកនេះ ។​

ទោះជា​យ៉ាងណា​ក្លិប Birmingham City មិនបាន​ខ្ជះខ្ជាយ​ពេលវេលា​ក្នុងការ​ប្រកាស​ឈ្មោះ​អ្នកចាត់ការ​ទូទៅ​ថ្មី​ឡើយ​ដោយបាន​ជ្រើសតាំង​លោក Harry Redknapp ដើម្បី​ព្យាយាម​ជួយសង្គ្រោះ​ក្លិប​មួយ​នេះ​ដែល​កំពុង​ស្ថិតនៅលើ​លំដាប់​ទី​ពីរ​នៃ​តំបន់​គេ​កាត់ចោល ។​

បុរស​សញ្ជាតិ​អង់គ្លេស វ័យ​៧០​ឆ្នាំ​រូបនេះ​គឺមាន​បទពិសោធន៍​ជាច្រើន​ក្នុង​ពិភព​បាល់ទាត់​ប្រទេស​អង់គ្លេស បន្ទាប់ពី​ធ្លាប់បាន​ដឹកនាំ​ក្លិប Bournemouth, ក្លិប​ញញួរ​ធំ West Ham, ក្លិប Portsmouth, ក្លិប Southampton, ក្លិប​មាន់​ខ្នាយ​មាស Tottenam Hotspur និង​ក្លិប​កំសៀវ​តែ Queen Park Rangers ចាប់តាំងពី​គាត់​ចាប់ផ្ដើម​អាជីព​ជា​គ្រូបង្វឹក​របស់គាត់​ក្នុង​ឆ្នាំ​១៩៨៣ ប៉ុន្តែ​គាត់​មិនបាន​បង្ហាញខ្លួន​ជា​គ្រួ​បង្វឹក​នៅក្នុង​ប្រទេស​អង់គ្លេស​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៥ ។​

លោក​បាន​មកដល់​នៅក្នុង​ក្លិប Birmingham City ដែល​ត្រូវការ​ដើម្បី​ទទួលបាន​ការឆ្លើយតប​ជាបន្ទាន់​ដែល​ឥឡូវនេះ​កំពុង​ស្ថិតនៅ​លំដាប់​ទី​២០ ក្នុង​ក្របខ័ណ្ឌ Championship របស់​អង់គ្លេស​ដោយមាន​ត្រឹមតែ​បី​ពិន្ទុ​ប៉ុណ្ណោះ​លើ​តំបន់​កាត់ចោល ។​

សូមបញ្ជាក់ថា លោក Harry Redknapp នឹងត្រូវ​ដឹកនាំ​ក្លិប Birmingham City ដោយ​នៅសល់​ត្រឹមតែ ៣​ប្រកួត​ប៉ុណ្ណោះ​ដើម្បី​ស្រោចស្រង់​ក្លិប​មួយ​នេះ ខណៈដែល​នៅ​ថ្ងៃអាទិត្យ​នេះ​នឹងត្រូវ​ជួប​ជាមួយ​ក្លិប Aston Villa ហើយ​នៅ​មុនពេល​បញ្ចប់​រដូវ​កាល​នឹងត្រូវ​ជួប​ជាមួយ​ក្លិប Huddersfield Town និង​ក្លិប​ដែល​កំពុង​លេង​ឡើង​ជើង Bristol City ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684