BREAKING NEWS
Search

ក្លិប PKNS នៅ​លី​គ​កំពូល​ម៉ាឡេស៊ី បានបញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា​ត្រឹម​ជុំ​ទី​១

ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) ដែលជា​សមាជិក​លី​គ​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី (2019 Malaysia Super League) បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា​ត្រឹម​ជើង​ទី​១ ខណៈ​ក្រុម​នេះ​បាន​សម្រេចចិត្ត​យក​កីឡាករ​ថៃ មក​បំពេញ​កៅអី​កូតា​កីឡាករ​អាស៊ាន​នេះ​ជំនួស​។

​វិ​ប​សាយ​ក្នុងស្រុក​របស់​ម៉ាឡេស៊ី បាន​ស្រង់​សម្តី​របស់​លោក Md Adi Harmizi Ariffin អគ្គលេខាធិការ​ក្លឹប PKNS ថា​កីឡាករ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវ​ចាក​ចេញពី PKNS កំឡុងពេល​រដូវ​កាល​ដោះដូរ​ដែល​ត្រូវបាន​បិទ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្ដាហ៍​នេះ​។​ លោក​ថា « កន្លងមក​វត្តមាន​របស់ ចាន់ វឌ្ឍណាកា បាន​មាន​ឥទ្ធិពល​ដល់​PKNS ប៉ុន្តែ​យុទ្ធសាស្ត្រ​របស់​ក្រុម យើង​ត្រូវតែ​ផ្លាស់ប្តូរ​ផែនការ​ជាមួយ​កីឡាករ​ដែល​យើង​មាន​»​។ ការបញ្ចេញ ចាន់ វឌ្ឍនាកា បាន​ឲ្យ​ក្លឹប PKNS សម្លឹង​ឃើញ​កីឡាករ​ថៃ​កូនកាត់ Kittiphong Pluemjai ដើម្បី​ជួយ​ពង្រឹង​តំបន់​ប្រយុទ្ធ​។ ចាន់ វឌ្ឍនាកា បង្ហាញខ្លួន​បានល្អ​កាលពី​ជើង​ទី​១​ដោយ​រក​គ្រាប់​បាល់​បាន​២​គ្រាប់ និង​assist បាន​៤​ដង ប៉ុន្តែ​នៅ​ជើង​ទី​២​ធ្វើ​មិន​បានល្អ សូម្បី​ជម្រើស​១១​នាក់​ដំបូង​អត់​ជាប់​ដែរ​។

សូម​បញ្ជាក់​ថា​ កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (​ព្រះខ័ន​រាជ​) ដែល​ចាប់​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្រប​ពេល​នៅ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បឹងកេត រហូតដល់​ចុងឆ្នាំ​២០១៦ មុន​ចេញទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ (J3-league)​។ នៅ​ដើមឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្តដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA តែ​ពាក់កណ្តាល​រដូវ​កាល​បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​បឹងកេត របស់​កម្ពុជា វិញ​ម្តង​។

រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ឯកជន​ជាច្រើន​ទៀត​ដូចជា​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១២ ដែល​ផ្ដល់​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៤ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៥ រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​និង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015​។ នៅ​ឆ្នាំ​២០១៦ រូបគេ​រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​បាន​ដដែល​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114