ព័ត៍មានទាន់​ហេតុការណ៏
Search

ហួស​ថ្លែង! ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ច្រើន​ពេក​ដុត​ផ្ទះ​ឆេះ​អស់

កំពង់ចាម​ ៖ ​កូនប្រុស​អកតញ្ញូ​ម្នាក់​ ព្រោះតែ​​​ឪពុក​ម្តាយ​ស្តីបន្ទោស​ច្រើនពេក​ ក៏​ខឹង​ចិត្ត​រហូត​ដុត​ផ្ទះ​រួម​នឹង​ទ្រព្យសម្បត្តិ​ឆេះ​អស់​គ្មាន​សល់។

លោក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​វេលា​ម៉ោង​៨​និង​៣០​នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់​ បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ​សឿន រី​ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ ​ជាតិខ្មែរ​ ទីលំនៅ​ភូមិ​បិត​ធ្នូ​ ឃុំ​អូរ​ម្លូ ​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​ ​​ថា នៅ​ថ្ងៃទី​៥​​ ខែវិច្ឆិកា ​វេលា​ម៉ោង​២២​និង​៣០​នាទី​ មានឈ្មោះ​រី​ម៉េង​ហុង ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​ជាតិខ្មែរ​ (​ត្រូវជា​កូនបង្កើត​) បាន​ដុត​ផ្ទះ​របស់​គាត់ ​ដែល​មាន​ទំហំ​៤​ម​x៦​ម​បណ្តាល​អោយ​ឆេះ​ខូចខាត​ទាំងស្រុង​ រួម​នឹង​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ​មាន​ឯកសារ​អត្រានុកូលដ្ឋាន​មួយ​គ្រួសារ​,​សំលៀកបំពាក់​មួយចំនួន​,​អង្ករ​មួយ​បេ​,​ស្រូវ​ពូជ​មួយ​បេ​,​ម៉ូតូ​ចាស់​១​គ្រឿង​ និង​ប្រាក់រៀល​ចំនួន​១.៥០០.០០០(​មួយ​លាន​ប្រាំ​សែន រៀល)។

លោក​អធិការ​បន្ត​ថា ​ក្រោយពី ​បាន​ទទួល​បណ្ដឹង​ភ្លាម​ ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ​​​​សហការ​ជាមួយ​ដោយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​អូរ​ម្លូ​ បាន​ចុះ​ទៅ​ដល​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​នៅ​ជុំវិញ​ហេតុការណ៍ ​ដែល​កើតឡើង​ ព្រម​ទាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​រី​ម៉េង​ហុង ​យកទៅ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិ​វិធី។

ប៉ូលិស​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​ជំងឺ​ផ្លូវចិត្ត​ ហើយ​ខឹង​នឹង​ឪពុកម្តាយ​របស់ខ្លួន​ទើប​ដុត​ផ្ទះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114