ខេត្តកំពត​ គ្រោង​​​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន ​កំពត​

កំពត ៖ ខេត្តកំពត​ មាន​គ្រោង​​​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន ​កំពត។ ក្នុងកិច្ច​ប្រជុំ ដែល​ប្រព្រឹត្តិទៅ​កាលពី​​ក្រោមវត្តមាន​​ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក ជាវ តា​យ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​មន្ត្រី ដែល​ជា​តំណាង​ក្រសួង មន្ទីរ អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ​។​

​គោលបំណង​កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​លើ​ការចូលរួម​ពិគ្រោះ​យោបល់​ពី​អ្នក​ពាក់ព័ន្ធ សិក្សា​ពី​ផល​ប៉ះពាល់ និង​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​គាំទ្រ​បន្ថែម​ពី​អាជ្ញាធរ​ដែនដី ដើម្បី​ឈាន​ដល់​ការ​បើកផ្លូវ​ឲ្យ​គម្រោង​ជាតិ​មួយ​នេះ​អាច​អនុវត្ត​ការសាងសង់ សម្រាប់​ជា​វិភាគទាន​ នៃ​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​របស់​ខេត្ត​កំពត​។​

​គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច​ហ៊ុន សែន ​កំពត​នេះ គឺជា​គម្រោង​មួយ​អនុវត្ត ផ្អែក​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ផ្ដល់ជូន​អគ្គិសនី​កម្ពុជា ដើម្បី​អនុវត្ត​ដំណើរការ​គម្រោង​សាងសង់​ក្នុង​ឆ្នាំ​២០២០​នេះ និង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​ខាងមុខ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះមន្នីវង្ស​”​បូកគោ​” លើ​ផ្ទៃដី​កោះ​ទំហំ​៨,៦០​ហិក​តា ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ ខេត្ត​កំពត​។

​ទោះជា​យ៉ាងណា​គម្រោង​នេះ នៅ​មិនទាន់ឲ្យ​ដឹងពី​ទំហំ ​នៃ​ការ​ប្រើប្រាស់​ថវិកា​នៅឡើយ ប៉ុន្តែ​ទំហំ​ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ច្រើន​គួរសម​បម្រើឲ្យ​ទាំង​ការសិក្សា​ស្រាវជ្រាវ​បទពិសោធន៍ និង​ចង់​ដឹង​ពី​បច្ចេកវិទ្យា​វិស័យ​វា​រី​អគ្គិសនី​នៅ​កម្ពុជា និង​បម្រើឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​ នៃ​ខេត្ត​កំពត​នេះ​ផង​ដែរ​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​សំដែង​ការ​គាំទ្រ​ដល់​ការអនុវត្ត​នូវ​គម្រោង​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ឡើង ក្នុង​ស្មារតី​ឆន្ទៈ សហការ ដើម្បី​ធ្វើយ៉ាងណាឲ្យ​​ការ​អនុវត្ត​គម្រោង​សម្រេច​បានជា​សមិទ្ធផល​របស់​ប្រទេសជាតិ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ នៅ​តំបន់​រមណីយដ្ឋាន​ទឹកឈូ​ខេត្ត​កំពត​។​

​ចំណែកលោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយសារ​កម្ពុជា​យើង​បច្ចុប្បន្ន​មាន​វា​រី​អគ្គិសនី​ច្រើន​គួរសម ហើយ​ការប្រមូលផ្ដុំ​ចំណេះដឹង​បទ​ពិសោធន៍​នៅនឹងកន្លែង​ដូច​ស្រុក​គេ ដើម្បី​ជា​ការ​ស្រាវជ្រាវ​រៀន​សូត្រ​ស្វែងយល់​ជា​សាធារណជន​ទូទៅ​ពុំ​ទាន់​មាននៅ​ឡើយ​ទេ​។​

ដូច្នេះ​គោលដៅ ​នៃ​គម្រោង​នេះ​ដែរ គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​ពីរ គឺ​ទី​១-​សំដៅ​ការបង្កើតឲ្យ​មាន​ជា​បណ្ដុំ​វា​រី​អគ្គិសនី​នៅ តាម​បណ្ដា​ខេត្ត​ទាំងឡាយ​មួយចំនួន​ដែលមាន​ក្នុងប្រទេស​កម្ពុជា​សម្រាប់ ផ្ដល់​ការ​ចង់​ដឹង​របស់​អ្នក​ទេសចរណ៍​ជាតិ អន្តរជាតិ ឬ​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់​មក​កម្សាន្ត​នៅ​ទីនេះ ដោយ​គ្រាន់តែ​ចូលមក​មើល​ក្នុង​សារមន្ទីរ​នេះ អំពី​ប្រព័ន្ធ​វា​រី​អគ្គិសនី​នៅ​កម្ពុជា គឺអាច​ដឹងបាន​ដោយ​មិន​ចាំ​បាច់​ទៅ​មើល​ដល់​ទី​កន្លែង​ឡើយ​។​ ទី២-ការ​ដាក់​ឧទ្យាន​ជាតិ​នេះ គឺ​សំដៅ ចង់​ឲ្យ​មាន​ការ​ទាក់​ទាញ​ទេសចរណ៍​ជាតិ ​អន្តរជាតិ ​ឬក៏​ឲ្យ​ប្រជាពលរដ្ឋ​មក​កម្សាន្ត​នៅ​តំបន់​នេះ​កាន់តែច្រើន​ និង​ក៏​ជា​សមិទ្ធផល​ថ្មី​របស់​ជាតិ ​ក៏ដូចជា​សមិទ្ធផល​សម្រាប់​ខេត្ត​កំពត​ផងដែរ​។​

​លោក កែវ រតនៈ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​គម្រោង​សារមន្ទីរ​ថាមពល​កើតឡើង​វិញ​ និង​ឧទ្យាន​ជាតិ​ សម្ដេច​ហ៊ុន សែន ​កំពត ដែល​បាន​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ពេលនេះ ថា​គឺជា​ឈ្មោះ​គម្រោង​បណ្ដោះអាសន្ន​មួយ​ប៉ុណ្ណោះ បើ​ថ្ងៃក្រោយ​យើង​មាន​ថាមពល​ខ្យល់ ​ឬ​ព្រះអាទិត្យ​បន្ថែម​ទៀត​ យើង​នឹង​អាច​កែប្រែ​ឡើងវិញ​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​ក្រុង​កំពត ១៣៤,៨២៦​គ​.​ម កំពុង​ស្ថាបនា​ឡើងវិញ​បាន​៧៤​ភាគរយ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114