ខេត្តបាត់ដំបង និង​ខេត្ត EHIME​ប្រទេស​ជប៉ុន​ជា​ផ្នែក​មួយ​នៃ​ផ្លែផ្កា​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​កម្ពុជា និង​ជប៉ុន

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ដ៏​ល្អ​នេះ មិនមែន​តែ​រវាង​ខេត្ត​បាត់ដំបង និង​ខេត្ត EHIME​នៃ​ប្រទេស​ជប៉ុន​នោះ​ទេ ក៏ប៉ុន្តែ​ទំនាក់ទំនង​នេះ គឺជា​ផ្នែក​មួយ​នៃ​ផ្លែ​ផ្លា​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន ដោយ​សម្ដេច​បាន​លើក​ឡើង​ពី​ការ​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ប៉ុន ដែល​បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​ការ​អភិវឌ្ឍ​កម្ពុជា​រហូត​មក​។​

សម្តេច​បាន​ថ្លែង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​ខណៈ សម្ដេច​ក្រឡាហោម ស ខេង បាន​អនុញ្ញាត​ឱ្យ​លោក TOKIHIRO NAKAMURA អភិបាលខេត្ត EHIME នៃ​ប្រទេស​ជប៉ុន ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម​ស ខេង បាន​មានប្រសាសន៍ថា​ខេត្ត EHIME នៃ​ប្រទេស​ជប៉ុន បាន​កសាង​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​ខេត្ត​បាត់ដំបង​របស់​ប្រទេស​កម្ពុជា ដោយ​បាន​បង្កើត​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត និង​ខេត្ត និង​រវាង​ធុរជន និង​ធុរជន ហើយ​តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​បាន​មក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង ហើយ​សម្ដេច​សង្ឃឹម​ថា​នឹង​មានការ​វិនិយោគ​ពី​ជប៉ុន​មក​ខេត្ត​បាត់ដំបង​កាន់​តែ​ច្រើន​ទៀត​។​

ក្នុង​ការ​ចូល​ជួប​សម្ដេច​ក្រឡាហោម ស ខេង នាឱកាស​នោះ លោក TOKIHIRO NAKAMURA អភិបាលខេត្ត​នៃ​ប្រទេស​ជប៉ុន បាន​សម្ដែង​សេចក្ដី​ថ្លែងអំណរគុណ​សម្ដេច​ក្រឡា​ហោម ដែល​បាន​ផ្ដល់​ឱកាស​ជូន​ឯកឧត្តម បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នា​ពេលនេះ និង​បាន​ជម្រាប​ជូន​សម្ដេច​អំពី​សមាសភាព​គណៈប្រតិភូ ព្រមទាំង​សកម្មភាព​នៃ​ដំណើរ​ទស្សនកិច្ច​កម្ពុជា​។​

​លោក TOKIHIRO NAKAMURA បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ទៀត​ថា​ប្រតិភូ​ជប៉ុន​ដែល​ឯកឧត្តម​បាន​ដឹក​នាំមក​កម្ពុជា​នា​ពេលនេះ រួមមាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ខេត្ត EHIME និង​ក្រុម​អ្នក​ធុរកិច្ច ឬ​អ្នកជំនួញ​សំខាន់ៗ​ប្រចាំ​ខេត្ត EHIME ហើយ​ថា​ក្នុងកំឡុង​ពេល​ទស្សនកិច្ច​នេះ ឯកឧត្តម​បាន​ដឹកនាំ​ប្រតិភូ​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ស្ថានភាព និង​សក្ដានុពល​វិនិយោគ​នៅ​ខេត្តបាត់ដំបង​។

លោក​អភិបាលខេត្ត​របស់​ប្រទេស​ជប៉ុន​ក៏បាន​ជម្រាប​សម្ដេច​ដែរ​ថា​ប្រតិភូ​ពិត​មានការ​ចាប់អារម្មណ៍​ណាស់​ចំពោះ​ខេត្តបាត់ដំបង ជា​ខេត្ត​ធំ មាន​សក្ដានុពល​ដល់​ដំណាំ​កសិកម្ម និង​ជា​ខេត្ត​ជាប់​ព្រំដែន​មួយ​ដែល​មាន​ក្រុមហ៊ុន​ជប៉ុន​កំពុង​វិនិយោគ​ស្រាប់ និង​បាន​ជម្រាប​សម្ដេច​ថា​លោក​បាន​អញ្ជើញ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​នៅ​អំឡុង​ខែ​មេសា​ខាងមុខ​។​

​ជា​ការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការ​ស្វាគមន៍ និង​មានប្រសាសន៍ថា​សម្ដេច​សូម​គាំទ្រ​ឱ្យ​លោក​អភិបាលខេត្ត​បាត់ដំបង​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន និង​បាន​ជូនពរ​លោក​អភិបាលខេត្ត ព្រមទាំង​គណៈប្រតិភូ​ជប៉ុន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​ភាព​រីករាយ និង​ជោគជ័យ ព្រមទាំង​ធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​៕

អត្ថបទ ៖ ឌី​រៀ​