៤ខែដំបូង ឆ្នាំ២០២០ កម្ពុជានាំចេញជ័រកៅស៊ូជាង៧ម៉ឺនតោន កើនឡើង១៣%បើធៀបពីឆ្នាំមុន

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល៤ខែដំបូង ឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបាន៧១,៧៤៩តោន កើន​ឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។

អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថា ៤ខែដើមឆ្នាំ២០២០នេះ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ១,៣៥៨ដុល្លារក្នុង១តោន។ ដូច្នេះបើគិតជាទឹកប្រាក់ នាំចេញជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៤ខែមកនេះ មានចំនួន៩៧,៤៣៥,១៤២លានដុល្លារអាមេរិក។

របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់ការនាំចេញក្នុងខែមេសាវិញ សម្រេចបាន១៨,៦០៤តោន កើនឡើងចំនួន៦,៨៥៣តោន ស្មើនឹង៥៨ភាគរយបើធៀបនឹងខែមុន។ មួយវិញទៀតសម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែមេសាមានចំនួន ១,១៩២ដុល្លារក្នុងមួយតោន។

របាយការណ៍បានបន្ថែមថា មកដល់បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន៤០៤,៨០១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០,០៦៦ហិកតាស្មើនឹង៦២ភាគរយ និងផ្ទៃដីថែទាំចំនួន១៥៤,៧៣៥ហិកតាស្មើនឹង៣៨ភាគេយ។

អត្ថបទ៖ ឌួង វិរះជ័យ

ចុចអាន៖ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​អះអាង​ថា ​ចលនា​ទេសចរ​ក្នុងស្រុក​បាន​បន្ត​កើនឡើង​បណ្ដើរៗ​វិញ​ហើយ