ព័ត៍មានទាន់​ហេតុការណ៏
Search

ខែតុលា ជម្រើសជាតិ​កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១៧២ លើ​ពិភពលោក​

​គិត​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១៧២ នៃ​តារាង​ចំណាត់ថ្នាក់​នៅលើ​ពិភពលោក ( FIFA World Ranking ) ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​។

ទទួល​បាន​ចំណាត់ថ្នាក់​លេខ ១៧២ នៃ​តារាង​ដដែល​ខាងលើនេះ គឺ​បានសេចក្ដីថា ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ធ្លាក់​ចំណាត់ថ្នាក់ ៣​លេខ បើ​ធៀប​ទៅនឹង​ខែ​ចាស់ (​ខែកញ្ញា​) ដែល​កាលពី​ខែកញ្ញា កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១៦៩​។

ជាមួយ​នឹង​ចំណាត់ថ្នាក់​ប្រែប្រួល​បន្តិចបន្តួច បើ​ក្រឡេក​មក​មើល​ពិន្ទុ​វិញ កម្ពុជា​ក៏​ថយ​ពិន្ទុ​ផង​ដែរ ពោលគឺ ថយ​មក​នៅ​ត្រឹម ៩៧៤​ពិន្ទុ ខណៈ​ដែល​ពិន្ទុ​កាលពី​ខែ​ចាស់​គឺ ៩៨២​។

និយាយ​ប្រចាំ​ទ្វីប​អាស៊ី​វិញ ចំណាត់ថ្នាក់​លេខ​១៧២ បាន​ធ្វើ​ឲ្យ​កម្ពុជា ស្ថិតនៅ​លេខ​រៀង​ទី​៣៦ ក្នុងចំណោម​ប្រទេស​ចំនួន ៤៦​។ ខណៈ​បើ​និយាយ​តែ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិញ កម្ពុជា ស្ថិតនៅ​លេខ​រៀង​ទី​៨ ដោយមាន​វៀតណាម ឈរលើ​គេ (​លេខ​៩៧) បន្ទាប់មក​ថៃ (​លេខ​១០៩), ហ្វីលីពីន (១២៦), មី​យ៉ាន់​ម៉ា (១៤៧), ម៉ាឡេស៊ី (១៥៨), សិង្ហ​បុរី (១៥៩) និង​ឥណ្ឌូនេស៊ី (១៧១) ដែល​សុទ្ធសឹងតែ​នៅលើ​កម្ពុជា ស្រប​ពេលដែល ឡាវ (១៨៨), ព្រុយ​ណេ (១៩១) និង​ទី​ម័​រ​ខាងកើត (១៩៨) នៅក្រោម​កម្ពុជា​។

ដោយឡែក​ចំពោះ​ប្រទេស​ចំនួន ៤​ដែល​ស្ថិតនៅ​ពូ​ល​ជាមួយ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ( FIFA World Cup 2022 ) វិញ​ដែល​រួមមាន អ៊ីរ៉ង​, បា​រ៉ែ​ន​, អ៊ីរ៉ាក់ និង​ហុងកុង ក៏​មិនមាន​ការប្រែប្រួល​ពិន្ទុ​របស់ខ្លួន​ខ្លាំង​ណាស់ណា​ដែរ ដោយ ក្នុងនោះ អ៊ីរ៉ង ឈរ​នៅ​លេខ​២៧ ពិភពលោក ប៉ុន្តែ​ឈរ​លេខ​១ នៅ​ទ្វីបអាស៊ី បើ​ធៀប​ទៅនឹង ៤៥​ប្រទេស​ផ្សេងទៀត​ក្នុង​ទ្វីប​នេះ ខណៈ​អ៊ីរ៉ាក់ នៅ​លេខ​៧៤ និង​លេខ​១១ ប្រចាំ​ទ្វីបអាស៊ី​, បា​រ៉ែ​ន លេខ​១០១ និង​លេខ​១៨ ប្រចាំ​ទ្វីប និង​ចុងក្រោយ ហុងកុង លេខ​១៤៥ និង​លេខ​២៧ ប្រចាំ​ទ្វីប​ផងដែរ​។

គួរ​ដឹង​ដែរ​ថា តារាង​ចំណាត់ថ្នាក់​នៅលើ​ពិភពលោក ( FIFA World Ranking ) ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) គឺកំណត់​ជា​រៀងរាល់ខែ ខណៈ​ការ​គណនា​ពិន្ទុ​គឺ​ទៅតាម​ការប្រកួត​នានា រួមមាន​ទាំង​ការប្រកួត​ក្នុង​ពានរង្វាន់​ផ្លូវការ និង​ការប្រកួត​មិត្តភាព​អន្តរជាតិ ដែល​ទទួលស្គាល់​ដោយ FIFA​។

នៅក្នុង​តារាង​ចំណាត់ថ្នាក់​នៅលើ​ពិភពលោក ( FIFA World Ranking ) នេះ​កម្ពុជា មាន​ពិន្ទុ​ល្អ​បំផុត គឺ​១៥៤ កាលពី​ខែមីនា ឆ្នាំ​២០១១ ស្រប​ពេលដែល​ចំណាត់ថ្នាក់​អាក្រក់​បំផុត​គឺ លេខ​១៩៩ នៅ​ឆ្នាំ​២០១៣៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114