BREAKING NEWS
Search

ខ្លាច​ក្រុមហ៊ុន​ជិះ​សេះ​លែង​ដៃ មិនដល់មួយខែផង ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ចេញទៅមើលផ្លូវ ៣ ដង​

ការងារក្រសួងក៏មមាញឹក តែលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល នៅតែយកចិត្តទុកដាក់ចុះទៅពិនិត្យតាមដានការស្ថាបនាផ្លូវ​ជាតិ​នានា។ រយៈពេលមិនដល់មួយខែ មន្រ្តីដ៏សកម្មនេះបានដឹកនាំប្រតិភូចុះទៅពិនិត្យ ការស្ថាបនា​ផ្លូវ​​ជាតិ​សំខាន់ៗ ដោយមិនបណ្តែតបណ្តោយឲ្យក្រុមហ៊ុនជិះសេះលែងដៃ ធ្វើការ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តីបានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យការងារសាងសង់កំណាត់ផ្លូវជាតិលេខ១១ តភ្ជាប់រវាងខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ ដែលមានប្រែង ៩៦ គីឡូម៉ែត្រ។ ក្នុងពេលនោះ លោកបានផ្ញើសារព្រមានដល់ក្រុមហ៊ុនទាំងអស់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសការ​សាងសង់​ ដើម្បីចៀសវាងការរងការផាកពិន័យ ឬចុះក្នុងបញ្ជីខ្មៅ។

ផ្លូវជាតិ​លេខ ១១

ថ្ងៃទី១៧ ឧសភា ២០២០ឯកឧត្តមទេសរដ្ឋមន្ត្រីក៏​បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទៅ​ទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុមានចំនួន៣៤ខ្សែ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

ផ្លូវជាតិលេខ ៣

ថ្ងៃ ២១ ខែឧសភា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទៅត្រួតពិនិត្យការស្ថាបនាកំណាត់ផ្លូវជាតិលេខ ៣ ពីចោមចៅទៅទីរួមខេត្តកំពត។ ក្នុងការចុះទៅពិនិត្យផ្លូវនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់លើគុណភាពសាងសង់ ក្នុងពេលក្រុមហ៊ុនសម្រុកធ្វើបានជាង ៧០ ភាគរយ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១។

ដើម្បីដឹងច្បាស់ពីគុណភាព លោកបានឲ្យមន្រ្តីខួងពិនិត្យជាក់ស្តែង។ លោកប្រាប់ថា លែង​ទទួលយកផ្លូវចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់ទៀតហើយ លោកនឹងឲ្យមន្រ្តីចុះតាមដានជាប់ គឺត្រូវ​តែធ្វើតាមស្តង់ដាបច្ចេកទេស យកចិត្តទុកដាក់​បំផុតបាន៕ ដីក្រហម