ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Paulo Victor បង្ហាញ​ពី​ភាព​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោន ក្នុង​រដូវ​កាល​២០១៩

ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Paulo Victor ដែល​បានធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​តាំងពី​ដើមឆ្នាំ​២០១៩ បាន​អះអាងថា ខ្លួន​បាន​ចូលរួម​ក្នុង​រដូវ​កាល​រីករាយ​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ប៉ុន្តែ​រូបគេ​គិត​ថា ​ក្រុម​ខ្លួន​គួរតែ​ធ្វើបាន​ល្អ​ជាង​នេះ បន្ទាប់ពី​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​៦ នៃ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) កាលពីពេល​ថ្មីៗ​។​

​បើតាម​ការបញ្ជាក់​នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លិប ភ្នំពេញ​ក្រោ​ន​ក្នុង​ឆ្នាំ​២០១៩ ហើយ​បាន​បង្កើត​ខ្លួន​ជា​តួអង្គ​យ៉ាងសំខាន់​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ក្រុម​ជាមួយនឹង​ការ​ទាត់​បញ្ចូល​ទី​ពី​ចម្ងាយ​។ ​ខ្សែប្រយុទ្ធ​រូបនេះ​ ត្រូវបាន​ក្លិប​ផ្តល់ជូន​នូវ​ការបន្ត​កិច្ចសន្យា​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ចំណង់​ចំណូលចិត្ត​របស់គេ ចំពោះ​ក្លិប​ព្រោះ​គាត់​ក៏​ចង់​ចារ​ឈ្មោះ​របស់គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ផងដែរ​។

ចំណែក​កីឡាករ​វ័យ ២៥​ឆ្នាំ​ខាងលើ បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ដែល​គេ​ចាត់ទុកថា​ជា​អ្នកគាំទ្រ​ល្អ​បំផុត​នៅ​កម្ពុជា​តាមរយៈ​ការគាំទ្រ​ដ៏​អស្ចារ្យ​របស់​ពួកគេ​ពេញ​មួយ​រដូវ​កាល​។ កីឡាករ Paulo Victor រកបាន​១៨​គ្រាប់ សម្រាប់​ភ្នំពេញ​ក្រោ​ន កាលពី​រដូវ​កាល​មុន​បាន​និយាយថា «​ខ្ញុំ​គិត​ថា ​ខ្ញុំ​មាន​រដូវ​កាល​ល្អ​ហើយ​ចំនួន​គ្រាប់​បាល់​របស់ខ្ញុំ​ក៏​ល្អ​ផងដែរ​»​។

កីឡាករ​ដែល​មាន​ឈ្មោះ​ប្រជែង​ក្នុង​បញ្ជី Top Scorers តាំងពី​ដើមរដូវ​កាល​ខាងលើ​បាន​បន្ថែម​ថា «​ខ្ញុំ​មិនដែល​ពេញ​ចិត្តនឹង​អ្វីដែល​ខ្ញុំ​បានធ្វើ​នោះទេ ពីព្រោះ​ខ្ញុំ​តែងតែ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង និង​ទទួលបាន​លទ្ធផល​កាន់​តែ​ច្រើន​។ នោះ​ជា​ការគិត​របស់ខ្ញុំ​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​។ ខ្ញុំ​គិតថា​យើង​គួរតែមាន​ទំនុកចិត្ត​ច្រើនជាង​មុន​ជាមួយនឹង​របៀប​ដែល​យើង​លេង​នៅលើ​ទីលាន​»​។

កីឡាករ Paulo Victor បន្តថា «​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន និង​រីករាយ​ជាមួយ​រដូវ​កាល​ដំបូង​របស់ខ្ញុំ​ជាមួយ​ក្លិប​និង​អរគុណ​ដល់​មិត្ត​រួម​ក្រុម និង​បុគ្គលិក​គ្រូបង្វឹក​ទាំងអស់​ដែល​បាន​ជួយ​ខ្ញុំ​ច្រើន​ពេញ​មួយ​រដូវ​កាល​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​បានឃើញ​មនុស្ស​ជាច្រើន​មានការ​ចាប់អារម្មណ៍​បែបនេះ ហើយ​ខ្ញុំ​ជឿជាក់​ថា ​យើង​មាន​អ្នកគាំទ្រ​ល្អ​បំផុត និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​អាច​ផ្តល់នូវ​ភាព​រីករាយ​ដល់​ពួកគេ​ក្នុងពេល​ប្រកួត​នីមួយៗ​របស់​យើង​»​។

សូម​បញ្ជាក់​ថា ​កីឡាករ Paulo Victor កើត​នៅ​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​១៩៩៤ នៅ​ទីក្រុង São Luís នៃ​ប្រទេស​ប្រេ​ស៊ី​ល​។ រូបគេ​លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​ប្រយុទ្ធ ហើយ​រូបគេ​បានចាប់ផ្តើម​អាជីព​បាល់ទាត់​ឲ្យ​ក្លិប Atlético Sorocaba ក្នុង​ឆ្នាំ​២០១៣ នៅ​ឆ្នាំ​២០១៤ បាន​បន្ត​ទៅលេង​នៅ​ក្លឹប América-RN ហើយ​បន្ត​ទៅលេង​នៅ​ក្លឹប Goyang Zaicro របស់​ប្រទេស​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០១៦ និង​ចុងក្រោយ​គេ​បាន​ត្រលប់​ទៅលេង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​វិញ​គឺ​ចូលរួម​ជាមួយ​ក្លិប Nacional Atl. Muriaé មុន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114