BREAKING NEWS
Search

គណបក្ស​ហ៊្វុនស៊ិនប៉ិច ​៖​ ហួសពេល​ដែល​លោក លឺ ឡាយស្រេង ត្រូវ​សុំទោស​ហើយ​

​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក ញ៉េប ប៊ុនជិន បាន​ថ្លែងថា មកដល់ពេលនេះ ហួសពេល​ដែល​លោក លឺ ឡាយស្រេង ត្រូវ​សុំទោស​ហើយ ពីព្រោះ​គណបក្ស​បាន​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​មេធាវី​រួច​ទៅ​ហើយ ដើម្បី​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ទាក់ទង​ការ​ជេរ​ប្រមាថ ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ​។​

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ លើកឡើង​បែបនេះ បន្ទាប់ពី​លោក​លឺ ឡាយស្រេង បានចេញ​ឃ្លី​ប​វីដេអូ​មួយ សុំទោស​ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ក្រោយពី​បែក​ធ្លាយ​សារ​សំឡេង​សន្ទនា ជាមួយ​លោកស្រី គី លំអង ដែល​មាន​ខ្លឹមសារ​ប្រមាថ​ធ្ងន់ធ្ងរ​លើ​ព្រះមហាក្សត្រ និង​សម្តេចក្រុមព្រះ។

លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ថា មកដល់ពេលនេះ ហួសពេល​ដែល​លោក លឺ ឡាយស្រេង ត្រូវ​សុំទោស​ហើយ ពីព្រោះ​គណបក្ស​បាន​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​មេធាវី​រួចទៅហើយ ដើម្បី​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ ទាក់ទង​ការ​ជេរ​ប្រមាថ ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ក្រុមព្រះ​នេះ។​

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​យើង​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​លោក លឺ ឡាយស្រេង បាន​ទេ ប៉ុន្តែ​តាម​ប្រភព​មួយ​ចំនួន​អះអាង​ថា លោក លឺ ឡាយស្រេង ចាក​ចេញពី​កម្ពុជា ទៅកាន់​ទីក្រុង​បាងកក​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​នេះ តាម​ជើងហោះហើរ Bangkok Air PG 938 ទៅ​ទីក្រុង​បាងកក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114