គណៈកម្មការ​ទី​៧​ ព្រឹទ្ធសភា ​បន្ត​ចុះ​ឈ្វេងយល់​នៅ​ខេត្ត​បាត់ដំបង​

បាត់ដំបង ៖ បន្ទាប់ពី​ចុះ​ឈ្វេងយល់​ពី​ការវិវត្តន៍​រីកចម្រើន​ថ្មី បញ្ហា​ប្រឈម និង​វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​ព្រឹទ្ធសភា (​គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រ​សិល្បៈ និង​ទេសចរណ៍​) ដឹកនាំ​ដោយ ​លោក ម៉ុម ជឹម​ហ៊ុយ ប្រធាន​គណៈកម្មការ បាន​បន្ត​ដំណើរ​ចុះមក​ដល់​ខេត្ត​បាត់ដំបង ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ ក្រុមប្រឹក្សា​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដែល​ដឹកនាំ​ដោយ​ លោក​ អ៊ុយ សុធាវី អភិបាល​រង នៃ​អភិបាលខេត្ត​បាត់ដំបង​នៅ​សាល​ប្រជុំ​សាលាខេត្ត​បាត់ដំបង​។​

បន្ទាប់ពី​ក្តាប់​របាយការណ៍​របស់​ លោក អ៊ុយ សុធាវី អភិបាលរង នៃ​អភិបាលខេត្ត​បាត់ដំបង​ពាក់ព័ន្ធ​អំពី​ការ​អភិវឌ្ឍ​រីកចម្រើន និង​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​ខេត្ត លោក ម៉ុម ជឹម​ហ៊ុយ បាន​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​ខេត្ត​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​បានផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ដែល​ខេត្ត​បានលើក​ឡើង លោក​ប្រធាន​គណៈកម្មការ​បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ខេត្ត​គប្បី​បន្ត​ដោះស្រាយ​ជា​ជំហានៗ ហើយ​ជាមួយនេះ ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដោយ​ធានា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​តួនាទី ភារកិច្ច លើកកម្ពស់​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែល​ជា​បញ្ហា​អាយុជីវិត​ជាតិ និង​យកចិត្តទុកដាក់​ការអនុវត្ត​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ “ អភិបាលកិច្ច​ល្អ ” ជា​មធ្យោបាយ​ជំរុញ​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត សាមគ្គី ភាព​ទូលំទូលាយ និង​វឌ្ឍនភាព​សង្គម។​

សូម​បញ្ជាក់​ថា ក្នុង​ដំណើរ​បេសកកម្ម​លើ​ទឹកដី​ខេត្តបាត់ដំបង​នេះដែរ គណៈ​ប្រតិភូ​គណៈកម្មការ​ទី​៧ ព្រឹទ្ធសភា ក៏បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយនឹង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ស្តាប់​សេចក្ដីរាយការណ៍​របស់​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា អំពី វឌ្ឍនភាព​សំខាន់ៗ និង​បញ្ហា​ប្រឈម​របស់​មន្ទីរ និង​បន្ត​ពិនិត្យ​ការ​បំពាក់​សម្ភារៈ​ឧបទេស​ក្នុង​សាលា​វិទ្យាល័យ ព្រះមុនីវង្ស ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ហើយ​ទន្ទឹមនឹងនោះ គណៈ​ប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​រមណីយដ្ឋាន​ភ្នំ​បាណន់ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដើម្បី​ឈ្វេងយល់​អំពី​ការ​អភិរក្ស​តំបន់​ធម្មជាតិ និង​ការ​អភិវឌ្ឍ​ថ្មីៗ​ផង​ដែរ​៕


អត្ថបទ ៖ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114