BREAKING NEWS
Search

គណៈកម្មាធិការ​រ៉ា​ក់​ឃី​ន​ថ្មី​របស់​មី​យ៉ាន់​ម៉ា​ ត្រូវ​រង​ការ​ថ្កោលទោស​ដោយ​ក្រុម​អ្នកសង្កេតការណ៍

គណកម្មាធិការ​ថ្មី​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ពិនិត្យមើល​ការរំលោភ​សិ​ទិ្ធ​មនុស្ស​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​គឺ​ត្រូវបាន​រិះគន់​ដោយ​អ្នកសង្កេតការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​ជា “​ការបង្ហាញ​នយោបាយ​” ខណៈ​ប្រទេស​នេះ​កំពុង​ព្យាយាម​ទប់ស្កាត់​ការរិះគន់​ថែមទៀត​អំពី​ទង្វើ​របស់ខ្លួន​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​

រដ្ឋាភិបាល​បានប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា គណកម្មាធិការ​ស៊ើបអង្កេត “​ឯករាជ្យ​” មួយ​ត្រូវបាន​បង្កើតឡើង​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​អំណាច​របស់​វា​ឬ​រយៈ​ពេលដែល​ត្រូវ​បានផ្តល់​ឲ្យ​វា​ដើម្បី​បញ្ចប់​របាយការណ៍​រប​ស់វា​នោះទេ​។​

កងទ័ព​បាន​វាយប្រហារ​តាម​ភូមិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​យុទ្ធនាការ​មួយ​ដែល​ចាប់ផ្តើម​កាលពី​ខែសីហា​មុន​បន្ទាប់ពី​មានការ​វាយប្រហារ​បះបោ​រ​ជាច្រើន​ដែលជា​ហេតុ​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ​៧០០,០០០​នាក់​ភៀសខ្លួន​ពី​ព្រំដែន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​បាន​រៀបរាប់​អំពី​ការសម្លាប់​មនុស្ស ការរំលោភ ការធ្វើ​ទារុណកម្ម​និង​ការដុត​បំផ្លាញ​ដោយ​ស្នាដៃ​របស់​កងទ័ព​និង​ក្រុម​ពុទ្ធសាសនា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ក្នុង​អំពើ​ហឹ​ង្សា​ដែល​អង្គការសហប្រជាជាតិ​ចាត់ទុកថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​។​
​អ្នកវិភាគ David Mathieson ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​បាន​ហៅ​គណកម្មាធិការ​ថ្មី​នេះ​ថា​ជា “​ការ​បំភាន់​ផ្នែក​នយោបាយ​”​។​

លោក​បាន​និយាយថា “​ដោយយោង​លើ​ភស្តុតាង​ដែល​ប្រមូលបាន​ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​, អង្គការសហប្រជាជាតិ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ស៊ើបអង្កេត​នេះ​គឺ​ដូចគ្នា​ទៅនឹង​កាយវិការ​ឥត​គួរសម​មិនមែនជា​ការស៊ើបអង្កេត​ពិតប្រាកដ​នោះទេ​”​។

សមាជិក​គណៈកម្មាធិកា​រ​ថ្មី​នេះ​រួមមាន​ជនបរទេស​ពីរ​នាក់​និង​ជនជាតិ​មី​យ៉ាន់​ម៉ា​ពីរ​នាក់​។​
​អ្នកស្រាវជ្រាវ​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​លោក Rich Weir បាន​និយាយថា ស្ថាប័ន​ថ្មី​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដូចគ្នា​ទៅនឹង​ស្ថាប័ន​មុនៗ​ដើម្បី​ជាការ​បញ្ឆោត​និង​បិទបាំង​ការរិះគន់​និង​សម្ពាធ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114