BREAKING NEWS
Search

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជួយ​កុមារី​២​រូប ដែល​រស់នៅ​ជាមួយ​ម្តាយ​ជាប់ ឃុំ​នៅ “​ម​២” ឲ្យ​ទៅ​រស់នៅ​ជាមួយ​អង្គការ

ភ្នំពេញ ៖ លោក ជិន ម៉ា​លីន អ្នក​នាំពាក្យ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ព្រលប់​ថ្ងៃទី​០៦ ខែកក្កដា នេះ​ថា ក្រោម​កិច្ច​អន្តរាគមន៍​ផ្នែក​សិទ្ធិមនុស្ស និង​មនុស្សធម៌ របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថ្ងៃនេះ កុមារី​២​រូប រស់នៅ​ជាមួយ​ម្តាយ​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ “​ម​២” ត្រូវបាន​អង្គការ​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​ផ្ដល់​ការអប់រំ ជាមួយគ្នា​នោះ លោក​បាន​ផ្លែង​អំណរគុណ​ដល់​អង្គការ​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា ដែល​តែងតែ​សហការ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​កិច្ចការ​មនុស្សធម៌ ក៏ដូចជា​ការលើកស្ទួយ​និង​ការពារ​សិទ្ធិ​របស់​កុមារ​។

បើ​តាម​លោក ជិន ម៉ា​លីន កុមារី ទាំងពីរ​នាក់​នោះ ទី​១, ឈ្មោះ រ៉ុង ជី​ង​ជី​ង អាយុ​៣​ឆ្នាំ​៨​ខែ ដែល​មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ និង​ទី​២, ឈ្មោះ នី អាន់ អាយុ​៣​ឆ្នាំ ៩​ខែ មាន​ម្តាយ​ជា​ជន​ជាតិចិន ហើយ​បច្ចុប្បន្ន​កុមារី​ទាំង​ពីររូប កំពុង​ស្នាក់​នៅ​ជាមួយ​ម្តាយ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ហើយ​ការចុះទៅ​សម្របសម្រួល ក៏ដូចជា​អន្តរាគមន៍​យក​កុមារ​តូច​ទាំងពីរ​នាក់ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​ក្រុមការងារ​របស់ អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អប់រំ​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។

​អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ការដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជានិច្ចកាល​តែង​តែង​សម្របសម្រួល​ជាមួយ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ដើម្បី​យក​កុមារ​តូច​ដែល​កំពុងតែ​រស់នៅ​ជាមួយ​ម្តាយ​ដែល​ជាប់​ឃុំឃាំង​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​នោះ គឺ​ដើម្បី​ធានា និង​ការពារ​ដល់​សិទ្ធិ​របស់​កុមារ ហើយ​កន្លង មក​ក៏​មានការ​សំណូមពរ​ពី​ខាង​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ដើម្បី​យក​កុមារ​ដែល​គ្រប់​អាយុ​ចូលរៀន ហើយ​ក្នុងនោះ​ក៏មាន​ការយល់ព្រម​ពី​សំណាក់​ម្តាយ​របស់​កុមារ​ទាំងនោះ​ផងដែរ​។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៩ កន្លង​មក​នេះ លោក កែវ រ៉េមី បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​២​មក ដោយ​បានឃើញ​ស្ត្រី​ម្នាក់​ជាប់ឃុំ ដោយសារ​មានទោស​ច្រើន​បូក​ផ្សំ​បញ្ចូល​គ្នា រហូតដល់​ជាប់ទោស ១៦៥​ឆ្នាំ​។ អ្វី​ដែល​សំខាន់ គឺ​មាន​កូន​នៅ​ជាមួយ ក្នុងនាម​ជា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក​ពិត​ជា​មាន​ក្តី​អាណិត និង​រន្ធត់​ក្នុង​ចិត្តខ្លាំង​ណាស់​ដែល​ចាំបាច់ ត្រូវ​ខិតខំ​រក​អង្គការ​ណា ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដែល​ទទួល យក​ក្មេង​នោះ ហើយ​ដែល​អាច​ផ្តល់​ទាំង​អាហារ និង​ចំណេះ​ដល់​ក្មេង​បាន​៕
កោះ​កែវ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114