ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៥​ ប្រវែង​៤៤៥​ម៉ែត្រ ​ក្នុង​ក្រុង​កំពង់ឆ្នាំង ​កំពុង​ដំណើរការ​ចាក់​កៅស៊ូ​ប្រភេទ​AC ឲ្យ​ហើយ​នៅ​ដើមខែ​វិច្ឆិកា​នេះ

កំពង់ឆ្នាំង ៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែ​តុលា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ពិនិត្យមើល​ក្រុមការងារ​បច្ចេកទេស កំពុង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​លើផ្លូវ​ជាតិ​លេខ​៥ ប្រវែង​៤៤៥​ម៉ែត្រ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​តាម​ផែនការ ​នឹង​ត្រូវ​ធ្វើឲ្យ​ហើយ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ខាងមុខ​នេះហើយ។​

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ក្នុងពេល​ចុះ​ពិនិត្យមើល​ក្រុមការងារ​បច្ចេកទេស ចាក់​អ៊ុត​កៅស៊ូ នៅ​ចំណុច​ខាង​លើ​នេះ បានឲ្យដឹងថា អនុវត្តន៍​តាម​គម្រោង​ឆ្នាំ​២០១៩​នេះ មន្ទីរ​សាធារណការ ត្រូវ​ជួសជុល​ផ្លូវ​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​AC ប្រវែង​៤៤៥​ម៉ែត្រ និង​ក៏ត្រូវ​ជួសជុល​លូ​ប្រវែង​២៣០​ម៉ែត្រ​ នៅជាប់​ផ្លូវជាតិ​ចំណុច​កំពុង​ជួសជុល​ចាក់​កៅស៊ូ​ខាងលើនេះ​ផងដែរ។

គម្រោង​ខាងលើនេះ ជា​ថវិកា​របស់​ជាតិ តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុវត្ត​គម្រោង ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ដែល​គម្រោង​នេះ​តាម​ផែនការ និង​ត្រូវ​ធ្វើឲ្យ​ហើយ នៅ​ពាក់កណ្ដាល ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ។ ប៉ុន្តែ​តាម​ការពិនិត្យ​ជាក់ស្ដែង គម្រោង​ខាងលើនេះ អាច​នឹង​ហើយ​មុន​ផែនការ​កំណត់។​

លោក​ប្រធាន​មន្ទីរ​សាធារណការ ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​នៅ​ចំណុច​កំពុង​ជួលជុល​ទាំងអស់​សូម​មេត្តា​សហការ​ចូលរួម ដើម្បីឲ្យ​ផ្លូវជាតិ​របស់​លើ​មានគុណ​ភាពល្អ។ ដោយឡែក ​ក៏​សូម​សំណូមពរ និង​អធ្យាស្រ័យ​ផង​ដែរ ដល់​បង​បងប្អូន​ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​ពេល​បើកបរ​មកដល់​ចំណុច​កំពុង​ជួសជុល​ខាងលើនេះ ពិតជា​មានការ​កកស្ទះ​ចរាចរណ៍​ខ្លះៗ ជាមិនខាន​ ដោយសារ​ការ​​​ធ្វើ​ចរាចរណ៍​បានតែ​លើ​ផ្លូវ​ម្ខាង ដូច្នេះ​សូម​សហការ​ជាមួយ​ក្រុមការងារ​យើង​ដែល​បាន​សម្រួល​ចរាចរណ៍​ឲ្យ​ទៅ និង​មក​ម្តង​ម្ខាងៗ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ប្រមាណ​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កំណាត់​ផ្លូវ​ដែល​ត្រូវ​ជួសជុល​នេះ នឹង​រួចរាល់​ជា​ស្ថាពរ​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114