គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៣​ គិត​ត្រឹម​ចុងខែ​មីនា សម្រេច​បាន​៦៧​ភាគរយ​
BREAKING NEWS
Search

គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៣​ គិត​ត្រឹម​ចុងខែ​មីនា សម្រេច​បាន​៦៧​ភាគរយ​

​ភ្នំពេញ ៖ គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ខេត្ត​កំពត ប្រវែង ១៣៤,៨២៦ គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) សម្រេចបាន​៦៧​ភាគរយ ដោយ​គិត​ត្រឹម​ចុង​ខែ​មីនា ឆ្នាំ​២០២០​។​

តាម​ផែនការ​គ្រោងទុក គម្រោង​នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២២ ខាងមុខ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​ពី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន។​

ជាមួយគ្នានេះ​ ក្រសួង​សាធារណការ និង ដឹកជញ្ជូន សូម​អធ្យាស្រ័យ​ចំពោះ​ផល​ប៉ះពាល់ និង​ការ​រំខាន​នានា ដែល​កើតឡើង​អំឡុង​សាងសង់​នេះ ហើយ​ក្រសួង​ ក៏បាន​យកចិត្តទុកដាក់​តាមដាន និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់ ធ្វើការ​ស្រោច​ទឹកជា​ប្រចាំ ជាពិសេស​តំបន់​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់ (​ដី​ហ៊ុយ​) ផង​ដែរ ដែល​អាច​បង្ក​ឲ្យ​កើតមាន​ជំងឺ​ផ្សេងៗ និង​ជាពិសេស​អាច​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ក្នុងពេល​ធ្វើដំណើរ។

ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ សូមកុំ​បន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​បណ្ដាលឲ្យ​ផ្លូវ​របស់​យើង​ឆាប់​ខូចខាត នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​ផង​ដែរ។

សូម​ជម្រាប​ជូន​ថា ពិធី​បើកការដ្ឋាន​គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​ក្រុង​កំពត ក្រោម​ហិរញ្ញប្បទាន សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ចន្ទ ០៨​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ដ៏​ឧត្ដុង្គឧត្ដម​របស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

នា​ឱកាស​នោះ​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹងថា គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ១៣៤,៨២៦ គីឡូ​ម៉ែត្រ ចាប់ពី​ភ្នំពេញ​(​ចោមចៅ​) ដល់​ក្រុង​កំពត។ គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៣ នេះ​ ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង​១២​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង​១១​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ ប្រវែង​៣០​គីឡូម៉ែត្រ ខេត្ត​តាកែវ ប្រវែង​៣០​គីឡូម៉ែត្រ និង​ខេត្ត​កំពត ប្រវែង​៥១​គីឡូ​ម៉ែត្រ​។​
គម្រោង​ខាងលើ​ចែកចេញជា​ពីរ​កំណាត់​ដូចខាងក្រោម ​៖
១-​កំណាត់​ទី​១: ភ្នំពេញ (​ចោមចៅ​)-​បែក​គូស​
​កំណាត់​ផ្លូវ​ចាប់ពី​ភ្នំពេញ (​ចោមចៅ​) ដល់​បែក​គូស មាន​ប្រវែង ៦៩,៩០​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤.៥​ម៉ែត្រ ជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC​កម្រាស់ ៩​សង់ទីម៉ែត្រ ទទឹង ២១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប ២៤.៥​ម៉ែត្រ ដែល​ក្នុងនោះ​រួមមាន ​៖
គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថយន្ត ទទឹង​១៥​ម៉ែត្រ ចែកជា​៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ៣,៧៥​ម៉ែត្រ និង​មាន​គម្លាត ០,៥០​ម៉ែត្រ ចេញពី​សងខាង​សួន​កណ្តាល​។​

គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​ម៉ូតូ ទទឹង​៥​ម៉ែត្រ ចែកជា​២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ២,៥០​ម៉ែត្រ​។​

ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ទទឹង​២​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​ក្រាល​ក្រួស​ក្រហម ទទឹង​០,៧៥​ម៉ែត្រ សងខាង​ផ្លូវ​សាងសង់​លូ​ជ្រុង​ចំនួន​១៧​កន្លែង លូ​មូល​ចំនួន​១០២​កន្លែង លូ​ដាក់​តាម ប្រឡាយ​សងខាង​ផ្លូវ​ចំនួន​២៣៦​កន្លែង​។​

សាងសង់​ស្ពាន​ថ្មី​ចំនួន ១០​កន្លែង ទទឹង​១២​ម៉ែត្រ ប្រវែង​សរុប​៣៩៨​ម៉ែត្រ និង​ពង្រីក​ស្ពាន​ចាស់ ២​កន្លែង ទទឹង​២៤​ម៉ែត្រ និង ២៩​ម៉ែត្រ ប្រវែង​សរុប​៣០​ម៉ែត្រ​។ បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​។​

២-​កំណាត់​ទី​២: បែក​គូស​-​ក្រុង​កំពត កំណាត់​ផ្លូវ​ចាប់ពី​បែក​គូស ដល់​ក្រុង​កំពត មាន​ប្រវែង​៦៤,៩២៦​គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២​ម៉ែត្រ ជា ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដោយ​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៧​សង់ទីម៉ែត្រ ទទឹង​១១​ម៉ែត្រ លើ​ទទឹង​តួ​ផ្លូវ​សរុប​១២​ម៉ែត្រ ដែល​ក្នុង​នោះ​រួមមាន ​៖
​គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថយន្ដ ទទឹង​៧,៥០​ម៉ែត្រ ចែកជា ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង​៣,៧៥​ម៉ែត្រ​។​

គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​ម៉ូតូ ទទឹង ៣,៥០​ម៉ែត្រ ចែកជា ២​គន្លង (១​គន្លង ទៅ ១​គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ១,៧៥​ម៉ែត្រ និង​ចិញ្ចើមផ្លូវ​ក្រាល​ក្រួស​ក្រហម ទទឹង ០,៥០​ម៉ែត្រ សងខាង​ផ្លូវ​។​

សាងសង់​លូ​ជ្រុង​ចំនួន​១៧​កន្លែង លូ​មូល​ចំនួន​៧៥​កន្លែង លូ​ដាក់​តាម ប្រឡាយ​សងខាង​ផ្លូវ​ចំនួន ៣៥​កន្លែង​។ បំពាក់​ស្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និង​បង្គោល សុវត្ថិ​ភាព​។

គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ​២១៩,៩១១​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្ប​ទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​ថវិកា​បដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផលប៉ះពាល់​ការ​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ពន្ធអាករ និង​សួយ​សារ​។​

កំណាត់​ផ្លូវជាតិ​លេខ​៣ ដែល​កំពុង​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​ក្នុងឱកាស​នេះ គឺជា​ខ្សែ​ផ្លូវ​ នៃ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ដោយ​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន​៥​រួមមាន ៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និង​ខេត្តកំពត និង​អា​ចត​ភ្ជាប់​ទៅកាន់​កំពង់ផែ​សមុទ្រ​អន្តរជាតិ ខេត្ត​ព្រះសីហនុ តាមរយៈ​ផ្លូវជាតិ​លេខ​៤ និង​ខេត្ត​កោះកុង ច្រក​ព្រំដែន​កម្ពុជា​-​ថៃ តាមរយៈ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៤៨​។

បន្ទាប់ពី​ការសាងសង់​រួចរាល់​ជា​ស្ថាពរ កំណាត់​ផ្លូវជាតិ​លេខ​៣ នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព ​នៃ​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧ​ស្សហកម្ម របស់​ក្រុមហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​តំបន់​នៅ​ទូទាំងប្រទេស ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក និង​ជាពិសេស​ទៅកាន់​ទីផ្សារ អន្តរជាតិ តាមរយៈ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​យើង ប្រកបដោយ​ភាពងាយស្រួល និង​ឆាប់រហ័ស សំដៅ​ទាញយក​អត្ថប្រយោជន៍​ឲ្យ​បាន​ច្រើន​លើសលប់​ពី​សមាហរណកម្ម សេដ្ឋកិច្ច​អាស៊ាន តំបន់ និង​ពិភពលោក​។

កំណាត់​ផ្លូវជាតិ​នេះ នឹង​ក្លាយ​ជា​ផ្លូវ​មួយ​ដ៏​ទំនើប​នៅ​កម្ពុជា មាន​ភាព​រឹងមាំ ធំ​ទូលាយ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ ការកកស្ទះ​ចរាចរណ៍ និង​ជាពិសេស​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ បាន​មួយកម្រិត​ថែមទៀត​។​

​ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានលើកឡើង​បន្តទៀតថា ផ្លូវជាតិ​លេខ​៣ ក៏​ជា​ចំណែក ​នៃ​ច្រក​របៀង​ប៉ែក​ខាងត្បូង​តាម​មាត់សមុទ្រ នៃ​មហា​អនុ​តំបន់​មេគង្គ ត​ភ្ជាប់​បណ្តាញ​ផ្លូវ​អាស៊ាន​ហាយ​វ៉េ​លេខ​១២៣ ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា តាមរយៈ​ផ្លូវជាតិ​លេខ​៤៨ ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចម្ការ​លួង ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ផ្លូវបំបែក​វាលរេញ និង​បន្ត​ទៅ​ប្រទេស​វៀតណាម តាមរយៈ​ផ្លូវជាតិ​លេខ​៣៣ កាត់​តាម​កំពង់ត្រាច ចេញទៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ព្រែក​ចាក (​កំពត​)-​សា​សៀរ (​ហា​ទៀង​) ដែល​នឹង​ជួយ​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​។​

ទន្ទឹម​នឹង​ការសាងសង់ នឹង​ធ្វើឲ្យ​ប្រសើរឡើង​បណ្តាញ​ផ្លូវថ្នល់​ត​ភ្ជាប់​នៅ​ទូទាំង​ប្រទេស លោក​ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ មេត្តា​គោរព​ច្បាប់​ចរាចរណ៍ បើក​បរ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច និង​ត្រូវ​ចងចាំ នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី “​ថ្ងៃនេះ និង​ថ្ងៃស្អែក សូមកុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114