គាំទ្រ​ពេញទំហឹង​ពេល​ឃើញ​កម្លាំង​អាវុធហត្ថ​រាជធានី​បន្ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ

​ភ្នំពេញ ៖ តាម​មតិ​មហា​ជន​ក៏​ដូច​អ្នកដំណើរ​ពិសេស​អ្នក​រស់​នៅ​ភ្នំពេញ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​បន្ទាប់ពី​បាន​ឃើញ​កម្លាំង​អាវុធហត្ថ​រាជធានី​បាន​នឹង​កំពុង​តែ​បន្ត​ចាត់​វិធានការណ៍​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ដឹកជញ្ជូន​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ​ដែល​កំពុង​ធ្វើ​ចរាចរ​យ៉ាង​អានាធិបតេយ្យ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ពិសេស​ក្រុម​ឡាន​ដឹក​ដី​ដឹក​ថ្ម​ដឹក​ខ្សាច់​ពាក់​ស្លាក​លេខ ខ ម លោតឆ័ត្រ​នោះ​តែម្ដង​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ក្រសួង​កា​ពារ​ជាតិ​។

ការ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​ពី​សំណាក់​កម្លាំង​កង​យានយន្ត នៃ​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្តន៍​ការងារ ត្រួតពិនិត្យ​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ​ក្លែងក្លាយ​, ប័ណ្ណបើកបរ ខេមរភូមិន្ទ​, បក​កញ្ចក់​ខ្មៅ ,​អាវុធ​ជាតិផ្ទុះ​, វិទ្យុ​ទាក់ទង​, និង​បក​កញ្ចក់​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​ជាច្រើន​ជាពិសេស​ផ្លូវជាតិ​លេខ​៤​ក្នុង​សង្កាត់​កំបូល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០២០​នេះ​ថា សកម្មភាព​កម្លាំង​កង យានយន្ត នៃ មន្ទីរ សម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្តន៍ ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ ផង​និង រថយន្ត​ដែល​បំពាក់​ស្លាក លេខ ខេមរភូមិន្ទ​ក្លែងក្លាយ ពិសេស​ឡាន​ដឹក​ដី​តែម្ដង មិន​ដឹង​គេ​អាង​អី​បាន​ហ៊ាន​ប្រើ​ស្លាក ខ ម មក​រក​ស៊ី​ឯកជន​ខ្លួនឯង​ទៅវិញ​ហើយ​ឡាន​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ខ្លះ​ពាក់​ស្លាក​លេខ​សេះ​ហោះ​ទៀត​។ រថយន្ត​ប្រភេទ​នេះ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​តាម​បទបញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជា​ការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​តែម្ដង​។​

​ក្រៅពី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែងក្លាយ​មក​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង​ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្ដាប់​ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លង​ផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ។​ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​លើ​ដង​ផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀង​ៗ​ខ្លួន​នា​ពេល​រាត្រី ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ ក្នុងនាម​ជា​អ្នក​បម្រើ​រាស្ត្រ​ដោយ​ទឹកចិត្ត​ស្មោះត្រង់​បំផុត​៕


អត្ថបទ៖ វិមាន​