គិតត្រឹមល្ងាចថ្ងៃទី២៥មករា កម្ពុជានៅមិនទាន់មានឆ្លងជំងឺរលាកសួត ដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីទេ

*រកឃើញអ្នកជំងឺសង្ស័យជាង១០ករណី តែរកមិនឃើញមានឆ្លងជំងឺនេះទេ

ភ្នំពេញ៖លោកវេជ្ជបណ្ឌិត លីសូវ៉ាន់អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថាគិតល្ងាចថ្ងៃទី២៥ខែមករាឆ្នាំ២០២០ប្រទេសកម្ពុជានៅមិនទាន់មានឆ្លងជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនៅឡើយទេខណៈមានប្រទេសជាង១០ហើយបានឆ្លងជំងឺនេះដែលបណ្តាលឲ្យអ្នកស្លាប់កើនឡើងដលើ៤១នាក់។

ថ្លែងប្រាប់កម្ពុជាថ្មីកាលពីល្ងាចថ្ងៃទី២៥ខែមករា លោកវេជ្ជបណ្ឌិតបានបន្តថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះយើងបានរកឃើញអ្នកជំងឺសង្ស័យជាង១០ករណីដែលមានជនជាតិខ្មែរ ចិន និងជនជាតិប្រេស៊ីលម្នាក់ដែលពួកគេបានធ្វើដំណើរមកពីប្រទេសចិនតែរកមិនឃើញថាមានឆ្លងជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនេះទេ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថាបើទោះបីជាកម្ពុជានៅមិនទាន់មានឆ្លងជំងឺនេះក៏ដោយក៏ក្រសួងមិនអាចហ៊ានអះអាងថាកម្ពុជានឹងមិនមានឆ្លងជំងឺនេះដែរដោយសារបច្ចុប្បន្នជំងឺនេះបានកំពុងបន្តចំលងទៅតាមបណ្តាប្រទេសមួយចំនួនរួចហើយពិសេសនៅតំបន់អាស៊ាន។

លោកបានបន្តទៀតថា«យើងនឹងខិតខំស្រាវជ្រាវរកករណីសង្ស័យធ្វើយ៉ាងម៉ិចប្រសិនបើជាឃើញថាអវិជ្ជមានប្រាកដជាអវិជ្ជាមានតែប់ឃើញថាវិជ្ជមានយើងត្រូវមានវិធានការជាបន្ទាន់ក្នុងការទប់ស្កាត់និងឆ្លើយតបដោយសារយើងមានយន្តការរួចហើយព្រោះកម្ពុជាមិនមែនជាលើកទី១ទេដែលប្រឈមនឹងជំងឺឆ្លងថ្មីៗដូចជាជំងឺសារឆ្នាំ២០០៣ជំងឺផ្តាសាយបក្សីពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៥ជំងឺផ្តាសាយថ្មីឆ្នាំ២០០៩ហើយនឹងជំងឺពងដៃជើងឆ្នាំ២០១២។អីចឹងយើងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្ការទប់ស្កាត់ជំងឺថ្មីៗ»។

លោកវេជ្ជបណ្ឌិតបានបន្ថែមថាក្នុងកំឡុងពេលកម្ពុជាមិនមានជំងឺរលាកសួតថ្មីនេះយើងតែងតែធ្វើលំហាត់ជាប់ជានិច្ចពីរបៀបរុករកនិងទប់ស្កាត់ជំងឺនេះឲ្យបានទាន់ពេលវេលា។ បើតាមសារព័ត៍មានបរទេសបានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី២៥ខែមករាមានអ្នកឆ្លងជំងឺនេះរូតដល់ជាង១៣០០នាក់និងស្លាប់ចំនួន៤១នាក់ដែលអ្នកស្លាប់ទាំងអស់ស្ថិតនៅក្នុងប្រទេសចិន។ក្នុងចំណោមអ្នកជំងឺជាង១៣០០នាក់នោះមាននៅម៉ាឡេស៊ី៣ករណី ថៃ៥ករណី សឹង្ហបុរី៣ករណី វៀតណាម២ករណី។ក្រៅពីនេះនៅហុងកុង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលីនិងនេប៉ាល់។


យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនោះបានធ្វើការក្រើនរំលឹកដល់មន្ត្រីសុខាភិបាលដែលប្រចាំការនៅតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានខេត្តព្រះសីហនុនិងសៀមរាប ច្រកព្រំដែនបាវិត ច្រកប៉ោយប៉ែត ច្រកព្រែកចាកខេត្តកំពតនិងក្រុមគ្រូពេទ្យឆ្លើយតបជាង២ពាន់នាក់នៅទូទាំងប្រទេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់និងស្វែងរកជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីតាមរយៈម៉ាស៊ីនស្កេនកំដៅទៅលើអ្នកដំណើរដែលធ្វើដំណើរត្រឡប់មកពីក្រៅប្រទេសពិសេសប្រទេសចិនដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យជំងឺរលាកសួតនេះថ្មីឆ្លងមកប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាក្រៅពីដាក់ម៉ាស៊ីនស្កេនកំដៅក្រសួងសុខាភិបាលក៏បានត្រៀមបន្ទប់សម្រាប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកក៏ដូចជាត្រៀមសម្ភារៈបរិក្ខារពេទ្យនិងឱសថចាំបាច់សម្រាប់ការព្យាបាលអ្នកជំងឺផងដែរនៅពេលមានករណីជំងឺនេះកើតឡើងជាយថាហេតុ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថាចំណែករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលវិញបានហាមមិនឲ្យ មានការហោះហើរពីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិនមកកម្ពុជាដែរដែលជាវិធានការមួយក្នុងការជួយកាត់បន្ថយការចំលងជំងឺនេះបានច្រើន៕

អត្ថបទ៖ សំអឿន