គោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​អាយុ​ជីវិត​ខ្លួនឯង និង​អ្នកដទៃ
BREAKING NEWS
Search

គោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​អាយុ​ជីវិត​ខ្លួនឯង និង​អ្នកដទៃ

​ភ្នំពេញ ៖ ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​អាជីវកម្ម​ដឹក​ដី​លក់ និង​ម្ចាស់​រថយន្ត​ដឹក​ដី​មកពី​សង្កាត់​ទាំង​៥​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​លោក​សុខ សម្បត្តិ អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា គោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​អាយុ​ជីវិត​ខ្លួនឯង និង​អាយុជីវិត​អ្នកដទៃ គោរព​ច្បាប់​ចរាចរណ៍ គឺ​គោរព​ស្រឡាញ់ និង​លើកស្ទួយ​កិត្តិយស​ជាតិ រថយន្ត​ដឹក​គ្រប់​ប្រភេទ​លុះ​ត្រា​មាន​ច្បាប់​គ្រប់គ្រាន់​ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​ក្នុង​ខណ្ឌ​បាន​។

​លោក​សុខ សម្បត្តិ បញ្ជាក់​ថា ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​គ្រប់គ្នា និង​ត្រូវ​នែ​នាំ​អ្នក​ដែល​មិនបាន​ដឹង​ឲ្យ​យល់ដឹង​អំពី​ច្បាប់​ចរាចរ​ទាំង​អស់​គ្នា ដោយ​ត្រូវ​តែ​មាន​ប័ណ្ណបើកបរ​គ្រប់​ពេល​ដែល​ធ្វើ​ចរាចរ​លើ​ផ្លូវ ហើយ​បើ​ស្រវឹង​សូម​កុំ​បើកបរ ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ ដែល​កំពុងតែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។

​លោក​បន្ត​ទៀត​ថា ការ​គ្រោះថ្នាក់​ស្លាប់​បាត់​បង់ជីវិត​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​អត្រា​ខ្ពស់​ជាង​ជំងឺ​អេដស៍ ​ឬ​ ជំងឺ​ផ្សេងទៀត​ទ្វេ​ដង ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ពី​សំណាក់​មន្ត្រី​ថ្នាក់ដឹកនាំ ជាពិសេស​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ក្រសួងមហាផ្ទៃ បាន​នាំ​គ្នា​ប្រឹង​រក​វិធី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ងាយ​ឆក់​យក​អាយុជីវិត​មនុស្ស​បាន​យ៉ាង​ងាយ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។

​លោក​អភិបាលខណ្ឌ​បន្ថែម​ថា អាជ្ញាធរ​សង្កាត់​ត្រូវ​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ដល់​ឈ្មួញ​រកស៊ី​ដឹក​ដី​លក់ ម្ចាស់​រថយន្ត​ដឹក​ដី​គ្រប់​ប្រភេទ ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ពី​សង្កាត់ និង​ខណ្ឌ​ទើប​អនុញ្ញាត​ឲ្យ​ដឹក​បាន ហើយ​បើ​ដឹក​ក្នុង​ទ្រង់ទ្រាយ​ធំ​ត្រូវ​មាន​លុយ​យក​មក​តម្កល់ សម្រាប់​ទុក​យក​ជួសជុល​ផ្លូវ​ដែល​ខូច ខណៈ​អ្នក​ដែល​ដឹក​ខូច​ផ្លូវ​មិន​ធ្វើ​នោះ ហើយ​ពេល​ដឹក​ដី​ត្រូវ​គ្រប និង​មិន​បើកបរ​ក្នុង​ល្បឿន​លឿន រួច​ជែង​គ្នា​ក្នុង​ផ្លូវ​តាម​ភូមិ​នោះ​ឡើយ​។

​លោក​បន្ថែម​ទៀត​ថា តាម​ផ្លូវ​ដែល​ដឹក​ដី​កាត់​ត្រូវ​បាញ់​ទឹក និង​លាង​សម្អាត​ជាប្រចាំ មិន​ត្រូវ​ឲ្យ​មាន​ដី​ធ្លាក់​រាយប៉ាយ​តាម​ផ្លូវ​នោះ​ទេ សង្កាត់​ត្រូវ​មើល​ជាប្រចាំ​បើ​មិន​គោរព​តាម​មិន​ត្រូវ​ឲ្យ​ធ្វើ​អាជីវកម្ម​នោះ​ទេ ហើយ​ចាប់ពី​ខែ​មិនា ឆ្នាំ​២០២០​នេះ​ទៅ រថយន្ត​ដែល​គ្មាន​ស្លាក​លេខ រថយន្ត​មិន​គ្រប់​លក្ខណៈ រថយន្ត.ត​ លើស​បច្ចេកទេស និង​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​សមត្ថកិច្ច​និង​ធ្វើការ​ផាក​ពិន័យ​ហើយ៕

 

ឧ​ត្ត​រ៉ា