BREAKING NEWS
Search

គ្រាប់​យុទ្ធភណ្ឌ​​មិន​ទាន់ផ្ទុះ​ជាច្រើន​គ្រាប់ ​ត្រូវ​បាន​រក​​ឃើញ​ជាបន្តបន្ទាប់នៅ​ដង​ស្ទឹង​សង្កែ

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ក៏ដូចជា​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅលើ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​ ដែល​មិន​នឹកស្មាន​ដល់​បាន​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ក្នុង​ដងស្ទឹង​សង្កែ​យ៉ាង​ច្រើន​ដែល​ ពួកគាត់​សំណូមពរ​ថា​គួរ​តែ​មន្ត្រី​ជំនាញ​រុករក​ឲ្យ​គ្រប់​ទីកន្លែង​ផង​ក្រៅពី​បរិវេណ​ដែល​ត្រូវ​កែលំអ​ច្រាំង​មាត់​ស្ទឹង​។​

មន្ត្រី​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា ​បញ្ហា​គ្រាប់​យុទ្ធភណ្ឌ​ជាច្រើន​គ្រាប់​នៅ​តាម​ដងស្ទឹង​សង្កែ​នេះ​ត្រូវ​បាន​រុក​រក​ឃើញ​ជាច្រើន​គ្រាប់ ​ជា​បន្តបន្ទាប់​ក្រោយពី​រដ្ឋបាល​សាលាខេត្ត​កន្លងទៅ​បាន​ធ្វើ​លិខិត​១​ច្បាប់​សុំ​ឲ្យ​អង្គភាព​ស៊ី​ម៉ាក់​ជួយ​សហការ​ដើម្បី​រុករក​ខណៈ​ ដែល​បាន​ប្រទះឃើញ​គ្រាប់​មួយ​ចំនួន​ដំបូង​ពេល​ដែល​ក្រុមការងារ​សាងសង់​ស្ពាន​ជីក​កកាយ​ប្រទះឃើញ​។

​មន្ត្រី​ស៊ី​ម៉ាក់​បាន​ឲ្យ​ដឹង​ដែរ​ថា ​រហូតមកដល់​ថ្ងៃ​ទី​០៧ ​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ នេះ​ជា​លើក​ទី​០៦​ ហើយ​នៃ​ការរុករក​នៅ​តែ​មាន​ជា​បន្តបន្ទាប់​ជាក់​ស្តែង​ នៅ​វេលា​ម៉ោង​០៩:៣០​នាទី​នា​ថ្ងៃ​ទី​០៧.០២.២០២០​ នេះ​នៅ​ចំណុច​ច្រាំង​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងកើត ស្ថិត​ក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​/​ខេត្ត​បាត់ដំបង​មន្ត្រី​ជំនាញ​នៃ​អង្គភាព​សកម្មភាព​កម្ចាត់​មីន​ទី​២(CMACDU2)​បាន​ចុះ​ធ្វើការ​រុករក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​និង​សំណល់​សល់​ពី​សង្គ្រាម​បាន​ចំនួន​០៤​គ្រាប់​ថែមទៀត​។​ មន្ត្រី​ដដែល​បន្ត​ថា​ការរុករក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​០៤​គ្រាប់​បន្ថែម​ទៀត​ក្នុង​ថ្ងៃ​នេះ​គឺ​មាន​ប្រភេទ​គ្រាប់​ដូចជា​១,​គ្រាប់​ប្រភេទ​B.40​សម្រាប់​បាញ់​រថក្រោះ​ចំនួន​០២​គ្រាប់​២,​គ្រាប់​904​ចំនួន​០១​គ្រាប់​៣,​គ្រាប់​105​ចំនួន​០១​គ្រាប់​។

​លោក​បន្ត​ថា​ក្រោយពី​បាន​រុក​រក​ឃើញ​ ប្រភេទ​គ្រាប់​ទាំង​០៤​គ្រាប់​ខាង​លើ​នេះ​បច្ចុប្បន្ន​អង្គភាព​ស៊ីម៉ាក​កំពុង​សុំ​គោលការណ៍​ថ្នាក់លើ​ដើម្បី​ដុត​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង​នៅ​វេលា​ម៉ោង ​១៥:០០​នាទី​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​។​ចំណែក​សាលាក្រុង​ក៏បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក៏ដូចជា​សាធារណជន​ផង​ដែរ​កុំ​ឲ្យ​មានការ​ភិតភ័យ​ណាមួយ​ខណៈ​ដែល​លឺ​សំឡេង​ផ្ទុះ​ដោយ​ក្រុម​ជំនាញ​ធ្វើការ​បំផ្ទុះ​នៅ​ពេល​វេលា​ដែល​បាន​កំណត់​ខាងលើ​៕​

 

អត្ថបទ៖ សៅ សារិទ្ធ​