ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​កម្ពុជា និង​គ្រូ​ម៉ុង​ហ្គោ​លី លើកឡើង​ស្រដៀង​គ្នា មុន​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​

លោក Felix Dalmas គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏ដូចជា លោក Michael Weiss គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី សុទ្ធតែ​បានលើកឡើង​ស្រដៀង​គ្នា មុន​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ ដ្បិត​សុទ្ធតែ​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជំនួប​ប្រចាំ​ពូ​ល​រៀងៗ​ខ្លួន​។

លោក Micharl Weiss គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី បាន​បញ្ជាក់​ពី​ជ្រើសរើស​ប្រកួត​មិត្តភាព​ជាមួយ កម្ពុជា ថា​ដោយសារតែ​ក្រុម​របស់​លោក​ត្រូវ​ប្រកួត​ជាមួយ ជម្រើសជាតិ​មី​យ៉ាន់​ម៉ា ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក​ដូចគ្នា ស្រប​ពេលដែល​លក្ខខណ្ឌ​អាកាសធាតុ​នៅ​កម្ពុជា ក៏ដូចជា​សមត្ថភាពរ​បស់​កម្ពុជា គឺ​ប្រហាក់ប្រហែល​ទៅនឹង​មី​យ៉ាន់​ម៉ា​។

លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ពិតណាស់ យើង​លេង​ជាមួយ​ក្រុម​ដែល​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​មី​យ៉ាន់​ម៉ា ហើយក៏​ជា​ក្រុម​ដែល​កំពុង​មាន​ដំណើរ​វិវត្តន៍​ទៅមុខ ខ្ញុំ​សង្ឃឹមថា​អ្នកគាំទ្រ​នឹង​ចូល​រួម​ទស្សនា​ច្រើន​កុះករ យើង​ចង់​ឲ្យ​កីឡាករ​របស់​យើង​ទម្លាប់​ទៅនឹង​ទីលាន ដែលមាន​អ្នកទស្សនា​ច្រើន​កុះករ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​រីកចម្រើន​បន្ថែម​ទៀត យើង​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ ហើយ​យើង​បាន​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង ៤, ៥​ខែ​កន្លងមក​នេះ ហើយ​វា​ត្រូវ​ពេលវេលា​បន្ថែមទៀត ប៉ុន្តែ​ពេលនេះ​យើង​ចង់​ទៅដល់​កម្រិត​មួយទៀត ស្រប​ពេលដែល​កម្ពុជា ក៏​ជា​ក្រុម​ដែល​ខ្លាំង​ដូចគ្នា​។​»

ដោយឡែក លោក Felix Dalmas គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា វិញ បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​ឲ្យ​មក​ចូលរួម​គាំទ្រ​ឲ្យ​បាន​ច្រើន ព្រោះ​លោក​ជឿជាក់ថា​ វា​អាច​ផ្តល់​ឲ្យ​កីឡាករ​នូវ​កម្លាំងចិត្ត និង​បង្កើន​ទំនុក​ចិត្ត​ក្រុម​ក្នុង​កំឡុងពេល​ប្រកួត​។ គ្រូបង្វឹក​កម្ពុជា បានចាត់ទុក​ម៉ុង​ហ្គោ​លី ថា​ជា​គូប្រជែង​ប្រហាក់ប្រហែល​នឹង​ហុងកុង ដែល​កម្ពុជា​ត្រូវ​ប្រឈមមុខ​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ( FIFA World Cup ) នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ដូច្នេះ​វា​នឹង​ផ្តល់​ឲ្យ​ក្រុម​របស់​លោក នូវ​ការរៀបចំ​ដ៏​ល្អ​សម្រាប់​ការប្រកួត​នោះ​។

ថ្លែង​ទៅកាន់​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន រូបនេះ​បាន​និយាយថា «​យើង​ដឹងថា​ ម៉ុង​ហ្គោ​លី​គឺជា​ក្រុម​ដែល​ស្រដៀង​នឹង​ហុងកុង ដូច្នេះ​វា​នឹង​ក្លាយជា​ការរៀបចំ​ដ៏​ល្អ​សម្រាប់​យើង និង​ពួកគេ​ផង​ដែរ​។ ពួកគេ​ពិតជា​គូប្រជែង​ដ៏​ល្អ​សម្រាប់​យើង​ក្នុង​ការប្រកួត​ជាមួយនឹង​យើង​។​»

សូម​បញ្ជាក់​ថា ជំនួប កម្ពុជា ត្រូវ​ប៉ះ​ជាមួយ ម៉ុង​ហ្គោ​លី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ការប្រកួត​ទាំងនេះ​ក៏​នឹង​មាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ BTV News ផងដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114