BREAKING NEWS
Search

គ្រូ​បង្គោល​ទ័ព ទេព ឡុង​រចនា រំលឹក​អំពី​យុទ្ធសាស្ត្រ​យកឈ្នះ​លើ​វិសាខា​

ថ្វីបើ​ការប្រកួត​ពានរង្វាន់​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ពន្យារ​ពេល ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ COVID-19 របស់​រាជរដ្ឋាភិបាល គ្រូ​បង្គោល​របស់​ក្លិប​កងយោធពលខេមរភូមិន្ទ (​ទ័ព​) លោក ទេព ឡុង​រចនា បាន​ឆ្លៀត​រំលឹក​អំពី​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ក្រុម​លោក បាន​យក​ឈ្នះ​លើ​ក្លិប​អ្នកមាន វិសាខា កាលពីដើម​ខែ​មីនា​កន្លង​ទៅ​។​

​ថ្លែង​នៅក្នុង​កិច្ច​សម្ភាសន៍​លើ​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក ប៉ុស្តិ៍​លេខ​៥ គ្រូ​បង្គោល​កាន់​សញ្ញាប័ត្រ A កម្រិត​អាស៊ី​រូបនេះ​បាន​លើកឡើងថា ​៖ “ ក្នុងនាម​ជា​អ្នកដឹកនាំ ​គឺ​ត្រូវតែមាន​ចិត្តសាស្ត្រ​មួយ ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​មាន​អារម្មណ៍​មួយ​ឈឺចាប់ នេះ​គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ពេល​ដែល​ចិត្ត​ឈឺចាប់ ទោះ​បី​មាន​ឧបសគ្គ​ក៏ដោយ ក៏​យើង​នៅតែ​ទៅដល់​ដែរ”។​

​លោក​បន្តថា “ កីឡា​ដែល​លេង​ជា​ក្រុម (​រួម​) គឺ​កើតចេញពី​ការ​ស្រុះគ្នា​ហើយ គឺ​វា​ខ្លាំង​ណាស់ ខ្លាំង​តាំង​ពី​បច្ចេកទេស ខ្លាំង​លើ​អ្វីៗ​ទាំងអស់ ”។​

​គួរ​រំលឹក​ថា កងយោធពលខេមរភូមិន្ទ បាន​យកឈ្នះ​លើ​ក្លិប​វិសាខា ១ ទល់នឹង ០ កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២០ ដល់​កីឡដ្ឋាន ព្រី​នស៍ របស់​វិសាខា តែម្តង ដោយ​ជ័យជម្នះ​នោះ កីឡាករ​បរទេស Romario ជា​អ្នក​ទាត់​បាល់​ពិន័យ ( Freekick ) បញ្ចូល​ទី នៅ​នាទី​៥៩ នៃ​វគ្គ​ទី​២ ​នៃ​ការប្រកួត​។​

​ជ័យជម្នះ​នោះបាន​នាំ​ឲ្យ​ពួកគេ ឡើង​មក​ឈរ​លេខ​រៀង​ទី​៧ ប្រកួត​៥​លើក ឈ្នះ ២ ស្មើ ២ និង​ចាញ់ ១ មាន ៨​ពិន្ទុ ខណៈដែល វិសាខា នៅ​លេខ​រៀង​ទី​៣ ប្រកួត​ឈ្នះ​៣​លើក និង​ចាញ់​២​លើក មាន​៩​ពិន្ទុ​។​

​មកទល់ពេលនេះ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពុំ​អាច​ជូនដំណឹង​អំពី​ការ​ត្រឡប់មកវិញ​ នៃ​ការប្រកួត​បាល់ទាត់​គ្រប់​កម្រិត​ក្នុង​ប្រទេស​ឡើយ ដោយ​ត្រូវ​រង់ចាំ​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​សេចក្ដីជូនដំណឹង​ពី​ក្រសួងសុខាភិបាល​ផង​ដែរ​។​

​យ៉ាងណាមិញ លោក ទេព ឡុង​រចនា បាន​បង្ហើប​ថា ក្រុម​របស់​ខ្លួន បាន​បើក​ការប្រជុំ​ដើម្បី​រៀបចំ​ការ​ចាប់​ផ្តើម​ហ្វឹកហាត់​វិញ ឆាប់ៗ​នេះ កាត់បន្ថយ​ហានិភ័យ​ក្រោយ​ការ​សម្រាក​រយៈពេល​យូរ៕

សូមចុចអាន ៖ មាស សារ៉ាក់ ជួប សៀង ង៉ុ​យ ឯ​ធី វ៉ា​រិ​ទ្ធ ជួប សេន កុសល លើ​សង្វៀន​វ៉ើ​ក បាយ័ន​ស្ទឹងមានជ័យ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114