ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បង្វឹក​ក្រុម U19​ថៃ អស់​ដំណែង​ក្រោយ​ដឹកនាំ​ក្រុម​ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​ពាន​ទ្វីបអាស៊ី​នៅ​រាជធានី​ភ្នំពេញ

សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FA Thailand) បានប្រកាស​ថា បាន​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​ជម្រើសជាតិ​ថៃ​វ័យ​ក្រោម​១៩​ឆ្នាំ (U19) លោក Issara Sritaro ហើយ​បន្ទាប់ពី​គ្រូ​បង្វឹក​រូបនេះ​ដឹកនាំ​ក្រុម​ធ្លាក់​ចេញពី​ពានរង្វាន់​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី 2020 AFC U-19 Championship ដែល​ជម្រុះ​តាម​ពូ​ល​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​។

​ក្នុង​បទសម្ភាសន៍​មួយ​របស់​កាសែត​ក្នុង​ស្រុក​ថៃ​មួយ លោក Issara Sritaro បាន​បញ្ជាក់ថា «​ជាដំបូង​! ខ្ញុំ​សូមទោស​អ្នក​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​ខ្ញុំ​មិន​អាច​នាំ​ក្រុម​ឡើងដល់​វគ្គ​បន្ទាប់​ដែល​ខ្ញុំ​ធ្លាប់បាន​សន្យា​។ លទ្ធផល​បែបនេះ​! ចាប់ផ្ដើម​ពី​ពេលនេះ​ខ្ញុំ​ទទួលខុសត្រូវ​រាល់​ការងារ​ទាំងអស់​ហើយក៏​សូម​អរគុណ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ដែល​ជួយ​ជ្រោមជ្រែង​នាពេល​កន្លងមក​»​។ នេះ​ជា​លើកដំបូង​ហើយ​រយៈពេល​២៧​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​ក្រុម U19​របស់​ថៃ ធ្លាក់​ចេញពី​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី ពោលគឺ​តាំងពី​ឆ្នាំ​១៩៩២ មក​ម្ល៉េះ​។

​បុរស​វ័យ​៤២​ឆ្នាំ​ខាងលើ​បាន​បន្ថែម​ថា «​អរគុណ​ដល់​កីឡាករ​ទាំងអស់​ ដែល​បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត​សម្រាប់​ការប្រកួត​ ហើយក៏​អរគុណ​ដល់​អ្នក​ក្រុម​ទាំងមូល​ផង​ដែរ​។ អរគុណ​ដល់​ក្លិប​ទាំងអស់​ដែល​ចូលរួម​សហការ​បញ្ជូន​កីឡាករ​មក​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​ហើយ​អ្នកគាំទ្រ​បាល់ទាត់​ទាំងអស់​ដែល​ធ្វើដំណើរ​ទៅផ្ទះ​ទៅ​គាំទ្រ​ដល់​កីឡដ្ឋាន​ផ្ទាល់»​។

គ្រូ​ជំនួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ថៃ ខាងលើ​បាន​បន្តថា​៖«​ចុងបញ្ចប់​តែ​មិន​ស្ថាពរ​!! ខ្ញុំ​សម្រេចចិត្ត​ចាកចេញ​ហើយ​ខ្ញុំ​ទទួលខុសត្រូវ​លើ​ការងារ​របស់ខ្ញុំ​ទាំង​អស់ហើយ​សម្រាប់​អ្នកគាំទ្រ​ទាំងអស់គ្នា​។​ចូរ​កុំ​បន្ទោស​កីឡាករ​!​ពីព្រោះ​ខ្ញុំ​ជឿថា​ពួកគេ​គ្រប់គ្នា​អាច​ឡើង​ទៅលេង​នៅ​ឈុត​ធំ​នៅពេល​អនាគត​។ គ្រប់យ៉ាង​ចូរ​ដាក់បន្ទុក​មកលើ​ខ្ញុំ​តែម្នាក់ឯង​បាន​ហើយ នោះ​គឺជា​ការទទួលខុសត្រូវ​របស់ខ្ញុំ​!​ហើយ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​ខ្ញុំ​ជា​អ្នកទទួល​តែម្នាក់ឯង​បាន​ហើយ។ ជា​ស្ថាពរ​!​ខ្ញុំ​សូម​អភ័យទោស​ដល់​អ្នក​គ្រប់​គ្នា​ម្ដង​ទៀតហើយ​ជូនពរ​ឲ្យ​អ្នក​គ្រប់គ្នា​បន្ត​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​ថៃ​គ្រប់​កម្រិត​អាយុ​»​។

​វគ្គ​ជម្រុះ​ពូ​ល​G ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុម U19 បាន​ប្រកួត​បើកឆាក​យកឈ្នះ​ក្រុម​ប្រ៊ុយណេ ៩​ទល់​០ ហើយ​បន្ត​យកឈ្នះ​លើ​ក្រុម​កោះ​Northern Mariana Islands ដោយ​លទ្ធផល​២១​ទល់​០ តែ​បាន​បរាជ័យ​ដោយ​ថ្វី​ជើង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ២​ទល់​១ និង​ចាញ់​ក្រុម​កំពូល
តារាង ម៉ាឡេស៊ី​ ១ទល់០៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114