គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង ចំពោះ​មេរោគ COVID-19 អាច​ជះឥទ្ធិពល​ដល់​ការរៀបចំ​ក្រុម​

នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​លុបចោល​កាលវិភាគ​ហ្វឹកហាត់​របស់​ក្រុម និង​ស្នើឱ្យ​កីឡាករ​ទាំងអស់​នៅ​ឆ្ងាយ​ពី​ទីកន្លែង​ហាត់ប្រាណ ព្រមទាំង​អនុវត្ត​នូវ​ការរក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​រាល់ពេល​សន្ទនា​។ នេះ​បើ​យោងតាម​កិច្ចសម្ភាសន៍​ជាមួយ​លោកគ្រូ​បង្វឹក Conor Nestor ។

​គ្រូបង្វឹក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បាន​ដឹកនាំ​ក្រុម​លើក​ពាន​លី​គ​កំពូល​កម្ពុជា កាលពី​រដូវ​កាល​២០១៩​កន្លងទៅ បាន​រៀបរាប់​អំពី​ស្ថានភាព​ក្រុម អំឡុង​ពេលដែល​សកល​លោក​កំពុង​ផ្ទុះ​នូវ​ការ​បង្ការ​នៃ​ការរីក​រាលដាល​ជំងឺ COVID-19 ថា​៖ “ ឥលូវ​នេះ យើង​បាន​លុបចោល​ការ​ហ្វឹកហាត់​រួចរាល់​ហើយ​។ យើង​ដឹងថា COVID-19 ប្រហែលជា​មិនអាច​គំរាមកំហែង​ដល់​នរណា​ម្នាក់​ក្នុង​ក្លិប​ទេ តែបើ​អ្នក​ផ្ទុក​វីរុស​នេះ វា​អាច​មាន​ហានិភ័យ​ដល់​សមាជិកគ្រួសារ​វ័យ​ចំណាស់ ឬ​មនុស្ស​ដែលមាន​បញ្ហា​សុខភាព ” ។

លោក​បាន​បន្ត​ថា “ បច្ចុប្បន្ននេះ គូប្រកួត​តែមួយគត់​របស់​យើង​គឺ មេរោគ COVID-19 ហើយ​យើង​កំពុងតែ​ផ្តោតលើ​ការ​រួម​គ្នា​ក្នុងការ​យកឈ្នះ​លើ​វា​ជាមួយ​មនុស្ស​គ្រប់គ្នា​។ ការប្រកួត​បាល់ទាត់ អាច​រង់​ចាំបាន តែ​សុខភាព​របស់​មនុ​ស្សគឺ​មាន​សារៈសំខាន់​ខ្លាំង​បំផុត​។ យើង​នឹង​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ហើយ​នៅពេលដែល​យើង​អាច​យកឈ្នះ​លើ​វា គឺ​យើង​អាច​ត្រឡប់​ទៅ​គិតពី​បាល់ទាត់​វិញ​បាន ”។

ជាមួយគ្នា​នោះ​ផងដែរ លោក​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ស្រប​ពេលដែល​ការ​ហ្វឹកហាត់​ត្រូវ​បាន​លុបចោល​ក្នុង​រយៈពេល​ដែល​ចំ​ជាមួយ​ថ្ងៃ FIFA’S DAY (​មិនមាន​ការប្រកួតរ​បស់​ក្លិប​) នេះ ក្លិប​របស់លោក នឹងធ្វើ​ការវាយតម្លៃ​ជាថ្មី នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​ក្រោយ​។

​លើស​ពី​នោះ​ទៅទៀត លោក Conor Nestor បាន​គាំទ្រ​ការ​ពន្យារពេល​នៃ​ការប្រកួត​លី​គ​កំពូល​កម្ពុជា ដោយ​ផ្តល់​អំណះអំណាង​ថា សុខភាព​គឺជា​រឿង​សំខាន់​៖ “ ខ្ញុំ​គិតថា​ការប្រកួត​ទំនងជា​ពន្យារពេល​ថែមទៀត ប៉ុន្តែ​រហូតមក​ដល់​ពេល​នេះ យើង​មិនទាន់​បានឮ​ពី CNCC ឬ AFC ទេ ប៉ុន្តែ​យើង​ដឹងថា​ស្ថាប័ន​ទាំងពីរ​កំពុង​ពិចារណា​លើ​ការពន្យារ​ពេលនេះ ”។

​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូប​នេះ សង្កត់ធ្ងន់​ថា “ បើ​ទោះ​បី​ជា​ពន្យារ​ពេល​ការប្រកួត​ឬ​អត់ យើង​នឹងធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ដោយ​ផ្អែកលើ​កត្តា​សុខភាព​និង​សុវត្ថិភាព​ចំពោះ​កីឡាករ​, បុគ្គលិក និង​របស់​យើង​។ ប្រសិនបើ​យើង​ត្រូវបាន​ស្នើសុំ​ឱ្យ​លេង ប៉ុន្តែ​យើង​គិតថា​វា​មិន​មាន​សុវត្ថិភាព​សម្រាប់​កីឡាករ​យើង យើង​នឹង​មិន​លេង​។ យើង​ស្រលាញ់​ការងារ​របស់​យើង យើង​ស្រលាញ់​បាល់ទាត់ តែ​យើង​ស្រលាញ់​មនុស្ស​របស់​យើង​ច្រើនជាង​។ ខ្ញុំ​ស្នើ​ឲ្យ​យើង​ទាំងអស់​គ្នា​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង​ថែរក្សា​គ្នា​ទៅវិញទៅមក ”។

គួរ​បញ្ជាក់​ថា ការប្រកួត​លី​គ​កំពូល​កម្ពុជា បាន​បញ្ចប់​សប្តាហ៍​ទី ៥ កាលពី​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២០​កន្លងទៅ ហើយ​ត្រូវ​បាន​សម្រាក​រយៈពេល ២​សប្តាហ៍ ដោយ​អនុ​វត្តមាន​កាលវិភាគ​ចាស់​របស់ FIFA និង AFC ខណៈដែល​សប្តាហ៍​ទី ៦ គ្រោង​នឹង​ត្រឡប់មកវិញ នៅ​ដើមខែ មេសា ខាងមុខ ពោលគឺ​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

យ៉ាងណាមិញ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ មីនា​នេះ​ថា កម្ពុជា មាន​អ្នក​ផ្ទុកមេរោគ COVID-19 កើនឡើង​ដល់ ៣៥​រូប​ហើយ តែ​ការប្រកួត​បាល់ទាត់​កន្ល​ង​មក​មិន​ត្រូវបាន​ពន្យារពេល​នោះទេ ប៉ុន្តែ​ស្ថិត​ក្នុង​លក្ខ​ខ័​ណ្ឌ​ពិនិត្យ​សុខភាព​នៅ​តាម​កីឡដ្ឋាន​នីមួយៗ ៕
ម៉េង ហួរ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114