BREAKING NEWS
Search

គ្រូ U-22 កម្ពុជា ធ្លាប់​បង្ហើប​គម្រោង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ដើម្បី​ត្រៀម ស៊ី​ហ្គេម​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ នឹងត្រូវ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ី​ហ្គេម (SEA Games 2019) នៅ​ចុងឆ្នាំ​២០១៩ នេះ នា​ប្រទេស​ហ្វីលីពីន ដែល​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​។

យ៉ាងណាមិញ​នៅមុន​ព្រឹត្តិការណ៍​មកដល់ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ ក៏​នឹងមាន​គម្រោង​ចេញទៅ​បោះជំរុំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ផងដែរ ដើម្បី​ជាការ​ត្រៀមខ្លួន​ឲ្យ​បានល្អ​ប្រសើរ នេះ​បើ​យោងតាម​ការបញ្ជាក់​កាលពីពេល​កន្លងទៅ ដោយ​គ្រូបង្វឹក លោក Felix G.Dalm as​។

បើតាម​ការបញ្ជាក់​ពី លោក Felix G.Dalmas គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ជា​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ ផងដែរ​នោះ បាន​បង្ហើប​ថា​នឹងមាន​ការបោះ​ជំរុំ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។ លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​បាទ​ពិតណាស់ យើង​នឹងមាន​ការបោះ​ជំរុំ​ហ្វឹកហាត់ ហើយ​យើង​នឹងមាន​ការហ្វឹកហាត់ នៅ​លើក​ក្រោយ ហើយនឹង​នៅក្រោយ​ការប្រកួត​ជាមួយ​ហុងកុង នា​ខែក្រោយ​ផងដែរ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​។​»

លោក​បានបញ្ជាក់​ផងដែរ នៅ​លើក​ក្រោយ​នឹងមាន​ការកោះហៅ​កីឡាករ​យុវជន និង​ចែកចេញជា​ពីរ​ឈុត​សម្រាប់​ការប្រមូលផ្ដុំ​លើក​ក្រោយ​នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក នៅ​ខែវិច្ឆិកា ខាងមុខ​។ យ៉ាងណាមិញ​ចំពោះ​ទីតាំង ក៏ដូចជា​ប្រទេស​ដែល​ត្រូវ​បោះជំរុំ​ហ្វឹកហាត់​នោះ លោក​មិនបាន​បញ្ជាក់​ច្បាស់​ឡើយ​។

សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​លើក​ទី​៣០ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ហ្វីលីពីន នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ជាមួយនឹង​៥២៣ វិញ្ញាសា​ប្រកួត លើ​ប្រភេទ​កីឡា​ចំនួន ៥៦ ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ គឺ​ចាប់ផ្ដើម​មុនគេ ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែធ្នូ​។

សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ លើ​វិញ្ញាសា​បាល់ទាត់​បុរស គឺ U22 កម្ពុជា ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​។

ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​រប​ស់បុរ​ស នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rizal Memorial ក្នុង​ទីក្រុង Manila ខណៈ​កីឡដ្ឋាន Binan Football Stadium ក្នុង​ទីក្រុង Binan និង Laguna គឺ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ស្ត្រី ហើយ​កីឡដ្ឋាន​ទាំងនេះ សុទ្ធ​តែមាន​ទីលាន​ជា​ស្មៅ​សិប្ប​និមិត្ត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114