ជនជាតិ​ឡាវ​​២​នាក់ ​យក​គ្រឿងញៀន​ មក​ចែកចាយ​ក្នុង​ដី​ខ្មែរ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន

ស្ទឹងត្រែង ​៖ ​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ពីរ​នាក់​ បាន​យក​គ្រឿងញៀន​ឆ្លងដែន​មក​ចែកចាយ​ក្នុង​ទឹកដី​ខ្មែរ​ជាប់​ព្រំដែន ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន។

ជនជាតិ​ឡាវ​ទាំងពីរ​នាក់​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១៣ និង ៤៥ នាទី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្រែ​ចម្ប៉ា​ ស្ថិត​ក្នុង​ភូមិ​ណា​អូ​ង ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជនជាតិ​ឡាវ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទាំងពីរ​នាក់​ ទី.១ ឈ្មោះ មោះ​ហៀវ ប៊ុត​វង្ស ភេទ​ប្រុស​ អាយុ ៣២ ឆ្នាំ និង ទី.២ ឈ្មោះ​ វង្ស អឹង​ ភេទ​ប្រុស ​អាយុ ១៦​ឆ្នាំ អ្នក​ទាំងពីរ​ជា​ជនជាតិ​ឡាវ​ មុខរបរ​កសិករ​ មាន​ទី​លំនៅ​ភូមិ​ប៉ា​កៀប ស្រុក​មឿង​ខូង ខេត្ត​បាសាក់។

សមត្ថកិច្ច​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា​ និង​ធ្វើ​ការចែក​ចាយ​នោះ ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ធ្វើការ​ពួនស្ទាក់​ដេញ​ចាប់​កាត់​ព្រៃ និង​ធ្វើការ​ឃាត់ខ្លួន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​មួយ​កញ្ចប់​ស្មើនឹង ៣៨២ គ្រាប់​ និង​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សាកសួរ។

​ជនសង្ស័យ​ បាន​ឆ្លើយ​សារ​ភាព​ថា ​គ្រឿងញៀន​ពិត ជា​របស់​ខ្លួន​ពិតប្រាកដ​មែន​។​ ជនសង្ស័យ ជនជាតិ​ឡាវ​ទាំងពីរ​នាក់​ ដែល​បាន​ធ្វើ សកម្មភាព​ចែកចាយ​និង​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​នោះ ​ត្រូវ​បាន​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​ធ្វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​និង​វត្ថុតាង​មកកាន់​ស្នងការដ្ឋាន​នគរបាល ​ខេត្ត​ស្ទឹងត្រែង ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​៕​

អត្ថបទ ​៖ ​ងិន លីម​