គ្រឿង​សមុទ្រ​មិនប្រក្រតី​១១​តោន ត្រូវ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និងបង្ក្រាប​ការ​ក្លែងបន្លំ ដកហូត
BREAKING NEWS
Search

គ្រឿង​សមុទ្រ​មិនប្រក្រតី​១១​តោន ត្រូវ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ និងបង្ក្រាប​ការ​ក្លែងបន្លំ ដកហូត

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បាន​ការណែនាំ​ពី​ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៅ​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃ​សុក្រ ៨​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ នេះ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដោយបាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន ០៣ គ្រឿង គឺ​១​គ្រឿង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខណ្ឌ​កំបូល និង​២​គ្រឿង​ទៀត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ កែង​នឹង​ផ្លូវ​ព្រៃវែង​ពងទឹក សង្កាត់​ពងទឹក​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។

ក្នុង​សកម្មភាព​នោះដែរ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​បឋម​ទៅលើ​គ្រឿង​សមុទ្រ​ដែលមាន​ផ្ទុក​ក្នុង​រថយន្ត​ទាំង ០៣ គ្រឿង ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​បង្គា​មាន​ចាក់​បញ្ចូល​សារធាតុ​ស្រដៀង​ចាហួយ និង​ក្តាម ម៉ឹក​ក្លាសេ​ដែល​ពុំមាន​ឯកសារ​ច្បាស់លាស់​ចំនួន ៤៤៩ កេស ស្មើនឹង​ចំនួន​សរុប ១១ តោន​។

សូម​បញ្ជាក់​ផងដែរ ដោយមាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រថយន្ត និង​វត្ថុតាង ត្រូវបាន​បញ្ជូនមក​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

តាម​ការបញ្ជាក់​របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​បន្ត​ស្រាវជ្រាវ ស៊ើបអង្កេត និង​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​ច្បាប់​បានផ្តល់​អាណត្តិ​ឲ្យ ពាក់ព័ន្ធ​នឹង​គុណភាព សុវត្ថិភាព ទំនិញ និង​សេវា និង​កិច្ចការពារ​អ្នកប្រើប្រាស់ ដើម្បី​ការពារ​សុខភាព និង​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​សូម​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ក្នុងករណី​មានការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និង​សេវា៕
ប្រភព អគ្គនាយកដ្ឋានការ​ពារ​អ្នក​ប្រើប្រាស់​ កិច្ចការ​ប្រកួត​ប្រជែង​ និង​បង្ក្រាប​ការក្លែង​បន្លំ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114