BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ និង​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​រក្សាទុក​​នូវ​សារធាតុ​ញៀន ​និង​ដកហូត​វត្ថុតាង​តាង​ជាច្រើន​មួយចំនួនទៀត​ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

តាម​របាយការណ៍​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​១១​ ខែ​មករា​ ឆ្នាំ​២០២០​កន្លង​ថ្មីៗ​នេះ ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ត្រង់ចំណុច​ភូមិ​អង់​ សង្កាត់​អូរ​ចារ ​ក្រុង​និង​ខេត្ត​បាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ផ្នែក​យុត្តិធម៌​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ចារ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​បទល្មើស​ជាក់ស្ដែង​។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុងករណី​ខាងលើ​ មានឈ្មោះ ​សេង​ មិថុនា ​ហៅ​(​ចិន​)​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆាយ​រំពាត់ ​ឃុំ​ក​ន្ទឺ​២ ​ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ បច្ចុប្បន្ន​​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ក្រុមទី​១៤ ​ភូមិ​អង់ ​សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង ​ខេត្ត​បាត់ដំបង​។​ ក្រោយ​ឃាត់​ខ្លួន​ជនសង្ស័យ ​សមត្ថកិច្ច​បា​ន​ដកហូត​វត្ថុតាង​មួយចំនួន​មានដូចជា ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០៣​កូន​ថង់ ​ទម្ងន់​០,៦៦​ក្រាម​(​ទាំង​សំបក​),​ម៉ូតូ​ចំនួន​០១​គ្រឿង ​ម៉ាក​ហុង​ដា​(​អឹម​អេស​អ៊ិច​)​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ស ​គ្មាន​ស្លាក​លេខ ​ដែលមាន​លេខ​តួ ​និង​លេខ​ម៉ាស៊ីន​125MF.150263,​ស្លាក​លេខ​ម៉ូតូ​ចំនួន​០១​បាត់ដំបង​1W.3716),​ដាវ​សាំ​ម៉ូ​រៃ​ចំនួន​០១​ដើម​,​កូនសោ​រដោះ​ខ្ចៅ​ម៉ូតូ​ចំនួន​០២​ប្រភេទ​បី​ជ្រុង​០១,​ដង្កាប់​ចំនួន​០២(​សម្រាប់​ដោះ​ស្លាក​លេខ​ម៉ូតូ​០១) ​រួម​នឹង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។​

ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ខេត្ត​ កំពុង​រៀបចំ​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ នៅ​ថ្ងៃទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​នេះ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​


អត្ថបទ ៖ សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114