BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រួម​ទាំង​ឈើ​៣០​កំណាត់​ដែល​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប

រតនគិរី ៖ ឈើ​ជាច្រើន​កំណាត់​ត្រូវ​បាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ បន្ទាប់ពី​ក្រុម​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ព្រំដែន​នៃ​ប្រទេស​វៀតណាម ក្រោយមក​ត្រូវ​បាន​បែក​ការណ៍​ដល់​សមត្ថកិច្ច​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ម៉ូតូ​ដឹកឈើ​ល្មើសច្បាប់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

ក្នុង​នោះ​ដោយមាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ កម្លាំង​PM​ស្រុក​អូរ​យ៉ា​ដាវ កម្លាំង​PM​ស្នាក់ការ​លើ​ផ្ទៃ​ប្រទេស កម្លាំង​បរិស្ថាន​ស្រុក​អូរ​យ៉ា​ដាវ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ និង​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ ដា​រ៉ា ស្នង​ការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មានការ​ចង្អុល​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត ថង សាវុន ដោយមាន​ការ​សម្រប​សម្រួល​ពី​លោក ងិន ពេជ្រ ព្រះរាជអាជ្ញា លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​ខេត្ត ព្រមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ ដា​រ៉ា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​តាម​ទូរសព្ទ​នៅ​ថ្ងៃទី​២៨​មិថុនា​នេះ ថា ឈើ​ដែល​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​និង​រឹបអូស​នោះ​ជា​ប្រភេទ​ឈើ​ផ្ចឹក​,​ឈើ​សុ​ក្រំ និង​ឈើ​ស្រឡៅ មានមុខ​កាត់​ធំៗ​ប្រវែង​៣​ម៉ែត្រ ហើយ​បាន​រឹបអូស​យក​ម៉ូតូ​កែច្នៃ​បាន​មួយគ្រឿង បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ ដា​រ៉ា ស្នងការរង​ខេត្ត​បាន​បន្តទៀតថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ផន សុខ​នី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​បាន​បញ្ជូនមក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​

លោក​ថា ជនសង្ស័យ​ឈ្មោះ ផន សុខ​នី ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៩​មិថុនា​នេះ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​បន្ត​។

ដោ​យ​ឡែក​ឈើ​ទាំងអស់​នេះ​ មាន​ចំនួន​៣០​កំណាត់​និង​ម៉ូតូ​មួយ​គ្រឿង​សមត្ថកិច្ច​បាន​រឹបអូស​ប្រមូល​ដឹក​យក​មក​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូ​រយ៉ា​ដាវ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​៕
វុ​ទ្ធ​ឦសាន

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114