BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដកហូត​ថ្នាំ​ជិត​៥០កញ្ចប់

កំពង់ចាម ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម និង​ជំនាញ​ស្រុក​ស្រី​សន្ធរ សហការ​ជាមួយ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដកហូត​ថ្នាំ​ជិត ៥០​កញ្ចប់។

ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជី​ប៉ោ ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត កំពង់ចាម។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​ជំនាញ​ស្រុក​ស្រី​សន្ធរ សហការ​ជាមួយ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជីវ សេង​រស់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​កិច្ចប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់​ឃាត់ខ្លួន​ជនសង្ស័យ ២នាក់។

ជនសង្ស័យ​ទាំង ២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ រៀម រ៉ា ប្រុស​អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្វាយ ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ២.​ឈ្មោះ ឈុន ហ៊ាង ( ហៅ ) ប៉ិ ភេទប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​។ (​មុខសញ្ញា​មាន​ដីកាចាប់ខ្លួន​) ដកហូត​វត្ថុតាង រួមមាន ម្សៅ ក្រាម​ពណ៌​ស ​សង្ស័យ​ជា​ថ្នាំញៀន ចំនួន ៤៩​កញ្ចប់ (​ធំ​ចំនួន​០១​កញ្ចប់​) ទូរសព្ទដៃ ចំនួន ០២​គ្រឿង និង​ម៉ូតូ ចំនួន ០២​គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ជំនាញ​បាន​នាំមក​ការិយាល័យ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ផ្តន្ទាទោស​តាម​នីតិ​វិធី៕
រ៉ា​វុ​ទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114