BREAKING NEWS
Search

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ លួច​ជក់ និង​លក់​គ្រឿងញៀន​ ដកហូត​បានវត្ថុតាងមួយចំនួន​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​៥​នាក់​សុទ្ធតែ​វ័យ​នៅ​ក្មេងៗ​លួច​ជក់ និង​លក់​គ្រឿងញៀន​យ៉ាងសកម្ម​មាន​ទាំង​កាំបិត​សម្រាប់​ធ្វើឃាត​មនុស្ស​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ចុះ​បង្ក្រាប​បាន​៥​នាក់​និង​ដកហូត​វត្ថុ​តាង​មួយចំនួន នៅ​ព្រឹក​ថ្ងៃទី​៣ ​ខែមិថុនា ​ឆ្នាំ​២០២០ ក្នុង​ចំណុច​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក​ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​ជា​មុខសញ្ញា​លក់ដូរ និង​ជក់​ថ្នាំញៀន​យ៉ាងសកម្ម​កន្លងមក​១​មានឈ្មោះ ណា​រិ​ទ្ធ ដេវីដ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹក​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជននេះ​គឺជា​មុខសញ្ញា ជួញដូរ​និង​ផ្តល់​ទីតាំង​ផ្ទះ​ឲ្យ​អ្នក​ជក់​ផង​ដែរ ដែល​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បានធ្វើការ​ស៊ើបអង្កេត​ជា​យូរ​មក​ហើយ និង​បាន​ចាប់​ឃាត់ខ្លួន​អ្នក​ជក់​ចំនួន​៤​នាក់​បន្ថែម​ទៀត​។

លោក​អធិការ​បានបញ្ជាក់​ទៀត​ថា ​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើ​ការ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន​៣​ថង់​តូច កូន​ថង់​សម្រាប់​ច្រក​មួយចំនួន ពូថៅ​១​ដើម កាំបិត​ចំនួន​២​ដើម​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​ម៉ូតូ​ចំនួន​៤​គ្រឿង​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន។

ជនសង្ស័យ រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114