BREAKING NEWS
Search

ឃាត់ខ្លួន​ថៃ​៤​នាក់ និង​ខ្មែរ​៤​នាក់ ពាក់ព័ន្ធ​ករណី​ឈ្នះ​ល្បែង​ក្នុង​កាស៊ីណូ ​

​ប៉ៃលិន ​៖ ជនសង្ស័យ​ប្រុស​/ស្រី ដែលជា​ជនជាតិខ្មែរ និង​ជនជាតិ​ថៃ​ សរុប​៨​នាក់ ត្រួវបាន​ថៅកែ​កាស៊ីណូ​ម្កុដ​ពេជ្រ មានការ​សង្ស័យថា​ លេងល្បិច ខណៈ​ពួកគេ​(​ជនសង្ស័យ​)​លេងល្បែង​ឈ្នះ​ជាប់ៗ​គ្នា រហូត​បាន​១​លាន​៤​សែន​បាត​(​ប្រាក់​ថៃ​) រួច​ក៏​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​ឲ្យ​ឃាត់​ខ្លួន​តែម្តង។

ហេតុការណ៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ កន្លងទៅ ស្ថិតក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​រ​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​

តាម​ប្រភព​ព័ត៌មាន​ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​នៅ​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹងថា​ ជន​សង្ស័យ​ទាំង​៨​នាក់ ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត តាម​ពាក្យបណ្តឹង​ម្ចាស់​កាស៊ីណូ មាន​១-ឈ្មោះ ឆាត តា​មៀត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ,​ទី​២.​ឈ្មោះ យុ​ត ថា​ស៊ីន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ,​ទី​៣.​ឈ្មោះ ទីង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ,​ទី​៤.​ឈ្មោះ វី​រ៉ា​ត​ផន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ទាំង​បួន​នាក់​ជា​ជន​ជាតិ​ថៃ ,​ទី​៥.​ឈ្មោះ អ៊ុន សត្យា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​និមិត្ត ឃុំ​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ,​ទី​៦.​ឈ្មោះ ផង់ លី​ណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ,​ទី​៧.​ឈ្មោះ សោម កញ្ញា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ខេត្តបាត់ដំបង និង​ទី​៨.​ឈ្មោះ សាន ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ (​ទាហាន​ស៊ុប​) រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

តាម​ប្រភព​ព័ត៌មាន​ដែល​ចេញពី​កាស៊ីណូ​ខាងលើ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ ជនសង្ស័យ ទាំង​អស់ បានមក​ស្នាក់នៅ​សណ្ឋាគារ​ម្កុដ​ពេជ្រ កាស៊ីណូ​ម្កុដ​ពេជ្រ រយៈពេល​៣​ថ្ងៃ មក​ហើយ ដោយ​មាន​ទាំងប្រុស​ទាំងស្រី ដែល​ជនជាតិ​ថៃ​ជា​អ្នកយក​មក​នៅ។

ប្រភព​ព័ត៌មាន​បាន​បន្តថា នៅវេលា​ម៉ោង​១១​និង៣០​នាទី​យប់ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​ដែលជា​ជនជាតិ​ថៃ បានឲ្យ​ស្ត្រី​ខ្មែរ​(​ជនសង្ស័យ​ស្រី​) ជួយ​កត់​សន្លឹក​បៀរ​នៅ​ក្នុង​កាស៊ីណូ​នោះដែរ ហើយ​ជាដំបូង ​ជនសង្ស័យ​ទាំងនោះ​លេង​ចាញ់​អស់​លុយ​ជាច្រើន លុះ​រហូតដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ​ឈានចូល​ដល់​ថ្ងៃទី​២៩ ខែ​ធ្នូ ទើប​លេង​ឈ្នះ​រហូតដល់​ចំនួន​១​លាន​៤​សែន​បាត ក៏​មាន​ការ​សង្ស័យ​ថា ប្រើ​ល្បិច ទើប​ថៅកែ​ប្តឹងឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំងអស់​តែម្ដង។​
​បើតាម​ស្ត្រី​ម្នាក់​ដែលជា​ជនសង្ស័យ​ឈ្មោះ សោម កញ្ញា បានឲ្យដឹងថា​ រូបនាង​រស់នៅ​ខេត្តបាត់ដំបង តែ​នាង​បាន​ទៅធ្វើ​ការ​នៅ​ខេត្តបន្ទាយមានជ័យ ពេលនោះ​ជនជាតិ​ថៃ បាន​ហៅឲ្យ​នាង​ជិះ​រថយន្ត​មក​លេង​ល្បែង​ក្នុង​កាស៊ីណូ​នៅក្នុង​ខេត្ត​ប៉ៃលិន​នេះ ដោយ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ក្បែរ​នោះ​អស់​រយៈ​ពេល​៣​យប់​មកហើយ លុះ​នៅ​យប់កើតហេតុ​ជនជាតិ​ថៃ​នោះ បាន​លេងល្បែង​តាំងពី​យប់​ជ្រៅ​រហូត​ដល់​ជិត​ភ្លឺ ហើយ​ឈ្នះ​បាន​ប្រាក់​ជាច្រើន ព្រមទាំង​បាន​ដក​ឲ្យនាង​ម្នាក់ៗ​ចំនួន​៣​ម៉ឺន​បាត​(​ប្រាក់​ថៃ​) ខណៈ​ហៀបនឹង​ចេញពី​កាស៊ីណូ ស្រាប់តែ​សន្តិសុខ និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើ​ការចាប់​ឃាត់​ខ្លួន​នាំយកទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សួរនាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ចំណែក​រូប​នាង​ពិតជា​មិនបាន​ដឹង​រឿង​អ្វី​នោះឡើយ ដោយ​គ្រាន់តែ​ចូល​លេង​ជាមួយ​ថៅកែ​ប៉ុណ្ណោះ។​

ពាក់ព័ន្ធ​ករណីនេះ​ដែរ លោក ស៊ិន តាំ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ នេះ​ថា​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​លោក នង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​កម្លាំង​ចុះទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​ប៉ុណ្ណោះ គឺ​មិនមែន​៨​នាក់​នោះ​ទេ ហើយ​ករណី​ថា​៨​នាក់​នោះ ​គឺ​មិន​ពិតប្រាកដ​ឡើយ។

លោក​បន្តថា​ ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ខាង​ជំនាញ បានរៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ នេះហើយ។​

ចំពោះ​បញ្ហា​នេះដែរ យើង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ជា គា ម្ចាស់​កាស៊ីណូ​ម្កុដ​ពេជ្រ ជា​ច្រើន​លើក តែ​ទូរស័ព្ទ​មិន​ចូល ហើយ​សង្ឃឹម​ថា ​លោក​នឹង​ធ្វើការ​បកស្រាយ​នៅពេល​ក្រោយ។​

សូមបញ្ជាក់ថា បើតាម​ប្រភពព័ត៌មាន​និយាយ​ត​គ្នា​ថា អ្នកលេង​ល្បែង​កាស៊ីណូ​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ពិសេស​ក្នុង​ខេត្ត​ប៉ៃលិន ភាគច្រើន​មិនសូវ​ឈ្នះ​នោះ​ទេ តែ​បើ​ឈ្នះ​បន្តិចបន្តួច​វិញ​ គឺ​តែងតែ​មាន​បុគ្គលិក និង​អ្នកមើល​ការងារ សម្លឹង​តាំងពី​ក្បាល​រហូតដល់​ចុងជើង។

ហើយ​ចំពោះ​ករណី​ភ្ញៀវ​លេងល្បែង​កាស៊ីណូ​ឈ្នះ តែងតែ​ត្រូវបាន​គេ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ឃាត់ខ្លួន រួច​ដកយក​លុយ​វិញ ដោយ​ចោទថា​ប្រើល្បិច តែបើ​លេង​ចាញ់​អស់​លុយ​រាប់​លាន គឺ​មិន​មានរឿង​អ្វី​កើតឡើង​នោះ​ឡើយ៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114