ឃាត់ខ្លួន​បុរស​ម្នាក់ ជាមួយ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០២​កញ្ចប់​តូច និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​​

កណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​ស្អាង​ បាន​ធ្វើ​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល។

ហេតុការណ៍​បង្ក្រាប និង ឃាត់ខ្លួន​ជន​ខាងលើ​នេះ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​សុក្រ ០១​កើត ខែ​ជេស្ឋ ឆ្នាំ​ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៣៥​នាទី។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ឈុន វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល។

ចំពោះ​​​វត្ថុ​តាង​ដែល​ដកហូត​បាន​មួយ​ចំនួន​រួមមាន ៖
១ / ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០២​កញ្ចប់​តូច និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន។​
២ / ទូរសព្ទ ចំនួន​០១​គ្រឿង ម៉ាក​ណូគា អ៊ិន​ចុច​ពិល ពណ៌​ទឹកសមុទ្រ។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា កាលពី​ថ្ងៃទី ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​ថា ​មាន​ករណី​ជួញដូរ​គ្រឿងញៀន​ចំណុចកើតហេតុ ភ្លាមៗ​នោះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្អាង​ភ្នំ បាន​ទៅដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ឈុន វិ​ច្ឆ័​យ រកឃើញ​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០២​កញ្ចប់​តូច និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន រួច​នាំខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ។​

ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ​ឈ្មោះ ឈុន វិ​ច្ឆ័​យ បាន​សារភាព​ថា ឈ្មោះ រុន ពិសី ហៅ សិទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រើ​ខ្លួន​ឲ្យ​យក​គ្រឿង​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០២​កញ្ចប់​តូច តម្លៃ ៤០ ០០០រៀល (​បួន​ម៉ឺន​រៀល​) ទៅ​លក់​ឲ្យ​គេ​មិន​ស្គាល់​ឈ្មោះ នៅ​ចំណុច​កើតហេតុ​ខាងលើ។​

​ជនសង្ស័យ​បាន​បន្ថែម​ទៀត​ថា ខ្លួន​កាន់​លក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ឲ្យ ឈ្មោះ រុន ពិសី ហៅ​សិទ្ធ បាន​រយៈពេល​មួយ​ខែ​មក​ហើយ។​

បច្ចុប្បន្ន ជនសង្ស័យ ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវិធី៕
អត្ថបទ ៖ នាងតូច

សូមចុចអាន ៖ បើក​ម៉ូតូ​វ៉ា​ជែង មិន​ប្រយ័ត្ន​ប៉ះ​ដួល​ចូល​ក្រោម​រថយន្តកិន​ស្លាប់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114