ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​ក្រោយពី​បន្លំ​លួច​លុយ​របស់​ជនបរទេស​ជិត​១​ពាន់​យូរ៉ូ​ ពេល​ចូល​ម៉ាស្សា​
BREAKING NEWS
Search

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​ក្រោយពី​បន្លំ​លួច​លុយ​របស់​ជនបរទេស​ជិត​១​ពាន់​យូរ៉ូ​ ពេល​ចូល​ម៉ាស្សា​

ភ្នំពេញ​ ៖​ ស្ត្រី​ម៉ាស្សា​ម្នាក់ ​ត្រូវបាន​ជនបរទេស​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ ក្រោយពី​ស្ត្រី​រូប​នោះ​បាន​ប្រើ​ល្បិច​លួច​លុយ​ជិត​១​ពាន់​យូរ៉ូ​ តែ​ត្រូវ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ កិច្ចប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជាក់ស្តែង​ករណី​លួច​( លុយ​) ​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មករា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​២០​និង​៣០​នាទី​ ដែល​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ​ពីបទ​លួច​(​លុយ​) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​16E0 ​ផ្លូវ​លេខ​១៧៨ ​ភូមិ​០១ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​បន្តទៀត​ថា ​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ ឈ្មោះ មើ​ន ច្រឹប ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ ​ជន​ជាតិ​ខ្មែរ​ មុខរបរ​បើក​ម៉ាស្សា​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦E0 ​ផ្លូវ​លេខ​១៧៨ ​ភូមិ​០១​ សង្កាត់​ជ័យជំនះ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។ ​ចំណែក​ជនរងគ្រោះ ​ឈ្មោះ BEN AHMED RABIA AHMIDA ភេទ​ស្រី ​អាយុ​៥៣​ឆ្នាំ ​ជនជាតិ​លី​បី​ មុខរបរ​ទេសចរណ៍ ​កាន់​លិខិតឆ្លងដែន​លេខ​PYKQHL89 ​ស្នាក់នៅ​សណ្ឋាគារ Diamond សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ ចំណែក​វត្ថុតាង​ចាប់យក​លុយ​ចំនួន​២០០​យូរ៉ូ​(​ពីរ​រយ​យូរ៉ូ​)​ជា​របស់​ជនរងគ្រោះ​។ ចំពោះ​សម្ភារៈ​បាត់​បង់លុយ​ចំនួន​៨០០​យូរ៉ូ​(​ត្រូវ​ជនសង្ស័យ​ហុច​បណ្ដោះឲ្យ​បក្ខពួក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់​)​។​

សមត្ថកិច្ច​បន្តទៀតថា ​នៅ​មុនពេល​កើតហេតុ​ កាលពី​ថ្ងៃទី​១៤​មករា ​វេលា​ម៉ោង​២០​និង​៣០​នាទី​ជនរងគ្រោះ​ឈ្មោះ BEN AHMED RABIA AHMIDA ភេទ​ស្រី ​អាយុ​៥៣​ឆ្នាំ​ ជនជាតិ​លី​ប៊ី​បាន​ចូលទៅ​ម៉ាស្សា​នៅ​ហាង​ម៉ាស្សា​ផ្ទះ​លេខ​16E0 ផ្លូវ​លេខ​១៧៨ ​ភូមិ​០១​ សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ​ រាជ​ធានី​ភ្នំពេញ​ ពេលដែល​ជនរងគ្រោះ​ចូលទៅ​ដល់​ក្នុង​បន្ទប់​ម៉ាស្សា​ ជនសង្ស័យ​ឈ្មោះ​មើ​ន ច្រឹប ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ បានឲ្យ​ជនរងគ្រោះ​ដាក់​កាបូបស្ពាយ​នៅ​ក្បែរ​គ្រែ ​រួចហើយ​ប្រើល្បិចឲ្យ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​ដើម្បី​ម៉ាស្សា ពេល​បាន​មួយសន្ទុះ​ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​ ហើយ​លូក​យកលុយ​ពី​ក្នុង​កាបូប​របស់​ជនរ​ង​គ្រោះ​ចំនួន​១០០០​យូរ៉ូ បណ្តោះ​ទៅឲ្យ​បក្ខពួក​ម្នាក់ទៀត​ចំនួន​៨០០​យូរ៉ូ យក​រត់​គេចខ្លួនបាត់​ ពេលនោះ​ជនរងគ្រោះ​បានឃើញ​ទាន់​ ក៏​ស្រែក​ឆោឡោឡើង ​បន្ទាប់មក​កម្លាំង​ល្បាត​របស់​ខណ្ឌ/ប៉ុស្តិ៍​ទៅដល់​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​មើ​ន ច្រឹប រួមជាមួយ​វត្ថុតាង​លុយ​ចំនួន​២០០​យូរ៉ូ នាំយកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ​ដើម្បី​ធ្វើការ​សាកសួរ​។​
ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ/ប៉ុស្តិ៍​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរចម្លើយ​ស្រាវជ្រាវ​រក​បក្ខពួក​និង​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លងមក​ ព្រមទាំង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕


អត្ថបទ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114