BREAKING NEWS
Search

ឃាត់​ខ្លួន​ក្មេង​ទំនើង​៥​នាក់​ ពាក់ព័ន្ធ​ នឹង​ការ​ប្រើ​​​ហិង្សា​លើ​ជនរងគ្រោះ ​និង​ដុត​ម៉ូតូ​១​គ្រឿង

កំពង់ចាម ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ បាន​ធ្វើ​ការ​បង្ក្រាប​តាម​ចាប់​ខ្លួន​ក្មេង​ទំនើង​ចំនួន​៥​នាក់​ ក្នុងចំណោម​បក្សពួក ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​(​ដុត​ម៉ូតូ១​គ្រឿង ​និង​វាយ​ជនរងគ្រោះ​)​កាលពី​ថ្ងៃ​ទី​២៩ ខែ​​ធ្នូ​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០ ​នៅ​ចំណុច​ខាងក្រោយ​ជាប់​របង​រោងចក្រ​កែច្នៃ​កៅស៊ូ​ស្ថិត​ក្នុង​ភូមិ​រោងចក្រ​ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុនពេល​មាន​អំពើ​ហិង្សា​នេះ​ កើតឡើង ​គេ​ឃើញ​មាន​ក្មេង​ស្ទាវ​ចំនួន​៧​នាក់​ ជិះ​ម៉ូតូ​៤​គ្រឿង ​ឌុប​គ្នា​ធ្វើ​សកម្មភាព​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ខេន​ចិ​ត្រា ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិស្ពឺ​«​ក​»​ ឃុំ​ជយោ​ ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម​រហូតដល់​ ចំណុច​កើតហេតុ​ខាងលើ​ជា​ផ្លូវ​ទាល់​ ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ ហើយ​ជនល្មើស​បាន​វាយ​ឈ្មោះ​ខេន​ចិ​ត្រា​ចំក្បាល​ ហើយ​ដុត​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ឡេ​ត​ ពណ៌​ខៀវ​ លាយ​ខ្មៅ​ស៊េរី​2015​បណ្តាល​ឲ្យ​ឆេះ​ខ្ទេចខ្ទី ​រួច​ពួក​ល្មើស​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់។

លោក​វរសេនីយ៍ទោ​ អ៊ិត ​តារា អធិការ​នគរបាល​ស្រុក​ចំការលើ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច ​បាន​ដេញ​តាម​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ ហើយ​កំណត់​អត្តសញ្ញាណ​ រួច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​2​នាក់​ឈ្មោះ 1-​សាន​ផានិត ភេទ​ប្រុស​អាយុ​17​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​រី​កើត ឃុំ​ស្វាយទាប​ ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​។​ 2-​ប៊ិន​ណា​រី ភេទ​ប្រុស ​អាយុ​17​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយទាប​ឃុំ​ស្វាយទាប​ ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម ​ព្រមទាំង​ដកហូត​ម៉ូតូ​ ហុងដា​ពណ៌​ខ្មៅ​ស៊េរី​2005​ឡើង​តែម​2009។

លោក​អធិការ​បន្ត​ថា ​រហូតដល់​ថ្ងៃទី​30​ ខែ​ធ្នូ ឆ្នាំ​2016​ វេលា​ម៉ោង​10​និង​10​នាទី​ សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្សពួក​ចំនួន​2​នាក់​ទៀត​ឈ្មោះ​1-​ប៊ិន​ស៊ា​ង​ហាយ​ហៅ​ហៃ ​និង​2-​ឈ្មោះ អោក​លាង​ហ៊ាន់ ភេទ​ប្រុស​ អាយុ​19​ឆ្នាំ​ រស់នៅ​ភូមិ​បុសថ្លាន់ ​ឃុំ​ស្វាយ​ទាប ​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​ព្រមទាំង​ដកហូត​ចម្ពាម​កៅស៊ូ ​និង​ម៉ូតូ​ម៉ាក​zoomerពណ៌​ស​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួច​នៅ​ថ្ងៃ​ទី​30​ ខែ​ធ្នូ​ ឆ្នាំ​2016​ដដែល​វេលា​ម៉ោង​15​និង​20​នាទី​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ជី​ជួន​ ភេទ​ប្រុស​ អាយុ​17​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ព្រាល ​ឃុំ​ស្វាយទាប ​ស្រុក​ចំការលើ​ ខេត្តកំពង់ចាម ​ព្រមទាំង​ដកហូត​ម៉ូតូ​1​គ្រឿង។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួច ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទៅយក​ដាវ​ដែល​លាក់ទុក​ក្នុងព្រៃ​។​

តាម​ចម្លើយ​របស់​ឈ្មោះ​ប៊ិន​ណារិន ​និង​សាន​ផានិត​បានឲ្យដឹងថា នៅ​ថ្ងៃទី29 ខែ​​ធ្នូ​ ឆ្នាំ​2016​វេលា​ម៉ោង​9​ ពួកខ្លួន​ទាំង​2​នាក់ ​បាន​ទៅ​មើល​បាល់ទាត់​នៅ​សាលា​ស្វាយទាប​ ហើយ​បាន​ជួប​មិត្ត​ភក្ដិ​2​នាក់​ទៀត​ឈ្មោះ​ហាយ​និង​ហ៊ាន់ ​ហើយក៏​នាំគ្នា​ទៅ​មើល​បាល់ទាត់​នៅ​សាលា​ICC​នៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​។ បន្ទាប់មក​ក៏​ទៅផ្ទះ​ឈ្មោះ​ណារិន​ ពេលនោះ​ណារិន​បាន​យក​ដាវ​ទៅតាម​ហើយ​បាននាំគ្នា​ជិះ​មកដល់​ជិត​ផ្សា​ចំការលើ​ បានឃើញ​ក្មេងប្រុស​2​នាក់​ជិះ​ម៉ូតូ​ម៉ា​កឡេត​នៅក្បែរនោះ។ ​ពេលនោះ​​​ក៏​ដេញតាម​ដល់​ចំណុច​ភូមិ​តា​ប៉ុ​ម ​ពួកខ្លួន​ដេញ​មិនទាន់​ ដោយ​ជ្រួសផ្លូវ​គ្នា​ ចំណែក​ពួកខ្លួន​2​នាក់​ទៀត​ឈ្មោះ​ប៊ឿ​ក​ និង​ឈ្មោះ​ឆក​ដេញតាម​ប្រកិត​។​

មួយសន្ទុះ​ក្រោយមក​ពួកខ្លួន​បានទទួល​ទូរស័ព្ទ​ថា​ ពួកខ្លួន​វាយ​2​នាក់​នោះ​ បាន​សម្រេច​ហើយ ​តែ​ខ្លួន​មិនបាន​ដឹងថា ​ពួកគេ​ដុត​ម៉ូតូ​ជនរងគ្រោះ​ទេ។

តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​5​នាក់​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា​ ពួកគេ​ពុំ​បាន​វាយ​ និង​ដុត​ម៉ូតូ​របស់​ជនរងគ្រោះ​ទេ ​គឺ​2​នាក់​ដែល​រត់​បាត់​មិនទាន់​ចាប់​បានជា​អ្នក​ប្រព្រឹត្ត។

លោក ទុំ ចាន់ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹងថា ​នៅ​ ថ្ងៃទី​31​ ខែ​ធ្នូ ឆ្នាំ​2016​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​5​នាក់​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​តាមច្បាប់​និង​សុំ​ដីកា​តាម​ចាប់​បក្សពួក​ដែល​នៅសល់៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114