ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​បុរស​២​នាក់ ​ដែល​បង្ហោះ​ត្រូ​ន​ ​ចាប់​យក​រូបភាព​ និង​ទិដ្ឋភាព​នានា​លើ​តំបន់​ហាមឃាត់

ភ្នំពេញ ​៖​ ជនបរទេស​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ ហើយ​នាំមក​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​ជ័យជំនះ​ខណ្ឌ​ដូនពេញ​ ដើម្បី​សួរនាំ ​និង​បញ្ជូន​បន្ត​ ដោយសារតែ​បុរស​បរទេស​២​នាក់​នោះ បាន​បង្ហោះ​យន្តហោះ​ប្រភេទ​ត្រូ​ន ​ដែល​បំពាក់​កាមេរ៉ា ​ដើម្បី​ថត​យក​រូបភាព​ និង​ទិដ្ឋភាព​នានា​នៅ​តំបន់​ហាមឃាត់​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​១២​និង​៥៥​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​០៨ ​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ សណ្ឋាគារ ជី​អ៊ីឡឹ​ក​វ៉ែន​ ទីតាំង​ផ្ទះ​លេខ​១១ ផ្លូវ​១៨៤ ភូមិ​៩ សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនបរទេស​២​នាក់ ​ដែល​ឃាត់ខ្លួន​នោះ ​ទី​១-ឈ្មោះ ​WALKER LEWIS OLIVER ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជនជាតិ​អង់គ្លេស មុខរបរ​ទេសចរណ៍ ​កាន់​លិខិតឆ្លងដែន​លេខ​៥៦១១៥៧៤៥៧។ ២-ឈ្មោះ MAYCOCK JAY WALLACE ភេទ​ប្រុស ​ជនជាតិ​អង់គ្លេស មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ ៥៦០៩៦០៩៧៨ ស្នាក់នៅ​សណ្ឋាគារ ជី​អ៊ីឡឹ​ក​វ៉ែន​ ផ្ទះ​លេខ​១១ ផ្លូវ​លេខ​១៨៤ ភូមិ​៩ សង្កាត់​ជ័យជំនះ ​ខណ្ឌ​ដូនពេញ​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​នា​យប់​រំលង​អធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​០៨​វិច្ឆិកា​នេះ​ គេ​ឃើញ​យន្តហោះ​ប្រភេទ​ត្រូ​ន​មួយគ្រឿង ​បាន​ហើរ​លើ​តំបន់​ហាមឃាត់​ពេល​ដែល​ឃើញ​ដូច្នេះ​ ក៏មាន​ការ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ស្រាវជ្រាវ​ភ្លាមៗ ​រហូត​រក​ឃើញ​ថា​ មាន​ជនបរទេស​២​នាក់​ ដែលជា​ម្ចាស់​យន្តហោះ​ប្រភេទ​ត្រូន​នោះ​បាន​បង្ហោះ​ចេញពី​កន្លែង​ស្នាក់នៅ​របស់​ខ្លួន ​ដែល​ត្រូន​នោះ ​បំពាក់​កាមេរ៉ា​ដើម្បី​ថត​យក​រូបភាព​ និង​ទិដ្ឋភាព​នានា នៅ​តំបន់​ហាម​ឃាត់​នោះ​ ហើយ​ក៏​ឈានដល់​ការឃាត់ខ្លួន​ជនបរទេស​ទាំង​២​នាក់​នោះ​ ព្រមទាំង​ដកហូត​ទី​១-​យន្តហោះ​ត្រូ​ន​បំពាក់​កាមេរ៉ា​ថតរូប ០១ ម៉ាក​FIMI S X E ពណ៌​ស​០១​គ្រឿង​។ ទី​២-ទូរស័ព្ទ​ចំនួន​០២​គ្រឿង​ម៉ាក​អាយ​ហ្វូន​៨​។ ទី​៣-លិខិតឆ្លងដែន​ចំនួន​០២​ច្បាប់​។​

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​មក ​កម្លាំង​ខណ្ឌ​ និង​ប៉ុស្តិ៍​ បានប្រគល់​ជនបរទេស​២​នាក់​នោះ ​រួមទាំង​វត្ថុ​តាង​ទៅ​កម្លាំង​ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​បន្ត​ទៀត​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114