ឃាត់​ខ្លួន​មនុស្ស​ម្នាក់ រួម​នឹង​ថ្នាំញៀន​១១៥​គ្រាប់​​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់ ​លួច​ចរាចរ​ថ្នាំញៀន​ ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន ដែល​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចុះ​បង្ក្រាប​បាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៩ ចំណុច​កាស៊ីណូ​ផា​រ៉ា​មិច ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ក្នុង​នោះ​ដែរ កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុតាង​រួមមាន ៖ ​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​១១៥​គ្រាប់​ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​២​គ្រាប់ ​ទូរស័ព្ទ​ដៃ​១​គ្រឿង ដែកកេះ​ចំនួន​៣ សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន។ ក្រោយពី​ឃាត់ខ្លួន​ហើយ​ ជនសង្ស័យ និង​វត្ថុតាង​ ត្រូវ​បាន​បញ្ជូនមក​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ​ដោយ​បាន​ការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ បោ​ន​ប៊ិន ​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត ​ចាត់​ឲ្យ​កម្លាំង​ជំនាញ​សាកសួរ​ចម្លើយ ​​ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​មាន ឈ្មោះ អាយ ចិ​ត្ត្រា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ​ក្នុង​ក្រុង​ប៉ោយប៉ែត ​កន្លងមក​ខ្លួន​តែងតែ​ប្រើប្រាស់​គ្រឿងញៀន​ និង​ធ្វើ​សកម្មភាព​លក់​គ្រឿងញៀន​នេះ​បន្ត​។

ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត ​និង​ការ​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​រួចមក ​ជនសង្ស័យ ​ត្រូវបាន​ចោទ​ប្រកាន់​ ពីបទ​ចរាចរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ហើយ​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​កង​រាជ​អាវុធហត្ថ​ខេត្ត​ ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់៕​

អត្ថបទ ៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114