BREAKING NEWS
Search

ឃាត់​ខ្លួន​​ជន​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​២៦​នាក់​ ដកហូត​ថ្នាំញៀន និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន

ភ្នំពេញ ​៖​ សមត្ថកិច្ច​ចម្រុះ​របស់​ខណ្ឌ​សែន​សុខ ​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ រាជធានី​ បាន​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង ដែល​ជា​កន្លែង​ចរាចរណ៍​គ្រឿងញៀន​ដុះ​ស្លែ ​ដ៏​ធំ​ល្បីឈ្មោះ​មួយ​កន្លែង នៅ​ម្តុំ​មុខ​អតីត​ពេទ្យ​លោក​សង្ឃ ក្នុង​ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២៦​នាក់​នឹង​រួម​ទាំង​វត្ថុ​តាង​មាន​ថ្នាំញៀន​ និង​សម្ភារៈ​សេព​មួយ​ចំនួន​ទៀត កាលពី​ម៉ោង​២១​កន្លះ​​​យប់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទីតាំង​មួយ​កន្លែង​ទៀត ត្រង់​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ​ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

លោក ម៉ក់ ហុង​ អធិការ​នគរបាល​ខណ្ឌ​ បាន​មាន​ប្រសាសន៍​ថា​ ៖​ ដោយមាន​បទ​បញ្ជា​ពី​លោក​អគ្គ​ស្នងការ​រង​ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ និង​ដោយមាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​នៃ អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ផង បាន​បញ្ជា​មក​លោក​ឲ្យ​ចុះ​សហ​ការ​ ​ និង​​​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែល​ជា​តំបន់​ស្មុគស្មាញ ​ទើប​លោក​ដឹកនាំ​កម្លាំង​ចុះ​មក​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​ក្នុង​នោះ​ឃាត់ខ្លួន​អ្នក​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​២៦​នាក់​ ស្រី​១​នាក់ ​ហើយ​និង​ដកហូត​គ្រឿងញៀន​២​កញ្ចប់​តូច ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ព្រមទាំង​ម៉ូតូ​៧​គ្រឿង យក​ទៅ​សួរ​នាំ​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ។

មួយ​រយៈពេល​ចុង​ក្រោយនេះ​ នគរបាល​ខណ្ឌ​សែន​សុខ បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​ ដោយ​ចុះ​ធ្វើការ​ជាប់ៗ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ និង​បាន​ប្រមូល​ក្រុម​ក្មេង​ស្ទាវៗ ​ដែល​តែងតែ​ដើរ​ចោល​ផ្ទះ​មក​ប្រមូល​ផ្តុំ​ប្រើប្រាស់​គ្រឿងញៀន និង​ខ្លះ​មក​លេងល្បែង​ស៊ី​សង​ខុសច្បាប់​ជាច្រើន​នាក់។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​រួម​ទាំង​វត្ថុតាង​ខាងលើ​ ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ត្រៀម​បញ្ជូន​ទៅ​តុលាការ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114