ឃាត់​ជនសង្ស័យ​២​នាក់ ​ដកហូត​ថ្នាំញៀន​ជាង​៩​គីឡូក្រាម​

ភ្នំពេញ ៖ គ្រឿងញៀន​ជាង​៩​គីឡូក្រាម រួមទាំង​ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន (​ក​៤) ស្រាវ​ជ្រាប​បង្ក្រាប ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន​ដោយ​ខុស​ច្បាប់ រយៈពេល​ជាង​១​ខែ​។​

សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២០ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀន (​ក​៤) ដឹកនាំ​ដោយ ​លោក​ឧត្ដមសេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​ពី​ លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង អម​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ស៊ើបអង្កេត ​ស្រាវជ្រាវ និង​បង្ក្រាប ករណី​ជួញដូរ និង រក្សាទុក​គ្រឿងញៀន​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​សំរោងក្រោម សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មួយ​ទីតាំង​ទៀត ចំណុច​ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ជា​លទ្ធផល ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់។​

ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ៖
១.ឈ្មោះ គឹម វ៉ា ភេទ​ប្រុស កើត​ឆ្នាំ១៩៨៥ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា។​
២.ឈ្មោះ កែវ សុធា ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៥ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ។ រីឯ​វត្ថុតាង​ចាប់​យក​បាន​រួមមាន ៖ សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៩​គីឡូ ៦៤៣.០៦​ក្រាម ,​រថយន្ត​២​គ្រឿង​, ជញ្ជីង​ថ្លឹង​២​គ្រឿង និង​ទូរស័ព្ទដៃ​ចំនួន២​គ្រឿង។​

ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​នេះ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៤) ស៊ើបអង្កេត​រយៈពេល​ជាង​១​ខែ ហើយ​ក្រោយពី​ក្តាប់​ព័ត៌​មាន​ច្បាស់លាស់​រយៈពេល​៣​ថ្ងៃ ទើប​បង្ក្រាប​បាន​តែម្តង។​

ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​វត្ថុតាង​ទាំងអស់ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី៕


​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114